លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៥

ចូរ​រីក​រាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ

ចូរ​រីក​រាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ

​«​គ្រប់​មនុស្ស . . . [​គួរ​]​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន​»។—សាស្តា ៣:១៣

១​-​៣​. (​ក​) តើ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការងារ​របស់​ខ្លួន? (​ខ​) តើ​គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​ការងារ? ហើយ​តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​ជំពូក​នេះ?

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​សប្បាយ​ចិត្ដ​នឹង​ការងារ​របស់​ខ្លួន។ ពួក​គេ​ត្រូវ​ខំ​ប្រឹងប្រែង​ជា​ច្រើន​ម៉ោង ដោយ​ធ្វើ​កិច្ចការ​ដែល​ពួក​គេ​មិន​ចូល​ចិត្ដ។ ហេតុ​នេះ​រាល់​ថ្ងៃ​ពួក​គេ​ទៅ​ធ្វើ​ការ​ដោយ​មិន​សប្បាយ​ចិត្ដ​សោះ។ តើ​អ្វី​អាច​ជំរុញ​មនុស្ស​ដែល​មាន​ចិត្ដ​គំនិត​បែប​នេះ​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​នឹង​ការងារ​របស់​ពួក​គេ ហើយ​ថែម​ទាំង​ពេញ​ចិត្ដ​នឹង​ការងារ​នោះ​ទៀត​ផង?

គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការងារ​នឿយ​ហត់ ដោយ​បញ្ជាក់​ថា​ការងារ​និង​ផល​ដែល​កើត​ចេញ​ពី​ការងារ នោះ​ជា​ពរ​ពី​ព្រះ។ សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី​ហើយ​ផឹក ព្រម​ទាំង​រីករាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​»។ (​សាស្តា ៣:១៣​) ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​តែង​តែ​គិត​ដល់​ប្រយោជន៍​យើង។ លោក​ចង់​ឲ្យ​យើង​ពេញ​ចិត្ដ​នឹង​ការងារ​របស់​យើង ហើយ​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ។ ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ យើង​ត្រូវ​រស់​នៅ​ឲ្យ​សម​ស្រប​តាម​ទស្សនៈ​និង​គោលការណ៍​របស់​លោក​ស្ដី​អំពី​ការងារ។—សូម​អាន សាស្តា ២:២៤; ៥:១៨

ក្នុង​ជំពូក​នេះ យើង​នឹង​ពិចារណា​អំពី​សំណួរ​បួន​យ៉ាង ពោល​គឺ តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​របស់​យើង? តើ​គ្រិស្ដ​សាសនិក​ពិត ពុំ​អាច​ធ្វើ​ការងារ​បែប​ណា? តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​មាន​តុល្យ​ភាព​រវាង​ការងារ​និង​សកម្មភាព​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ? ហើយ​តើ​កិច្ចការ​អ្វី​គឺជា​កិច្ចការ​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន? មុន​បង្អស់​យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​បុគ្គល​ពីរ​រូប​ដែល​ជា​អ្នក​ធ្វើ​ការ​ច្រើន​ជាង​គេ​បំផុត​ក្នុង​សកល​លោក គឺ​ព្រះ​យេហូវ៉ា និង​លោក​យេស៊ូ​គ្រិស្ដ។

អ្នក​ធ្វើ​ការ​ដ៏​ប្រសើរ​បំផុត​និង​មេ​ជាង

៤, ៥​. តើ​គម្ពីរ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ធ្វើ​ការ​ដែល​បង្កើត​ផល?

ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​ការងារ​ដ៏​ប្រសើរ​បំផុត។ លោកុប្បត្ដិ ១:១ ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ ពេល​ដែល​ព្រះ​បាន​បញ្ចប់​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី លោក​បញ្ជាក់​ថា​លទ្ធផល​គឺ​«​ល្អ​ប្រពៃ​»។ (​លោកុប្បត្ដិ ១:៣១​) បើ​និយាយ​ឲ្យ​ចំ​ទៅ លោក​ពេញ​ចិត្ដ​ទាំង​ស្រុង​នឹង​កិច្ចការ​ដែល​លោក​បាន​សម្រេច​នៅ​ផែនដី។ ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ប្រាកដជា​រីករាយ​យ៉ាង​ខ្លាំង​ដោយ​សារ​លោក​ធ្វើ​កិច្ចការ​ដែល​មាន​ផល​ល្អ។—ធីម៉ូថេទី១ ១:១១

ព្រះ​ដ៏​ឧស្សាហ៍​របស់​យើង​មិន​ដែល​ឈប់​ធ្វើ​ការ​ទេ។ យូរ​ក្រោយ​ពី​លោក​បាន​បង្កើត​ផែនដី​និង​អ្វី​ៗ​ទាំង​អស់​នៅ​ផែនដី លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​រហូត​ដល់​ឥឡូវ​នេះ​»។ (​យ៉ូហាន ៥:១៧​) តើ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ធ្វើ​អ្វី​ខ្លះ? ពី​ស្ថាន​សួគ៌​លោក​បាន​ជាប់​រវល់​ក្នុង​ការ​ដឹក​នាំ​និង​ការ​ថែ​រក្សា​មនុស្ស​ជាតិ។ លោក​ក៏​បាន​នាំ​មក​នូវ​«​អ្វី​ៗ​ដែល​ថ្មី​»​ ពោល​គឺ​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​តែង​តាំង​ដោយ​សកម្មពល ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ (​កូរិនថូស​ទី​២ ៥:១៧​) ម្យ៉ាង​ទៀត បន្ដិច​ម្ដង​ៗ​លោក​កំពុង​សម្រេច​គោល​បំណង​របស់​លោក​សម្រាប់​មនុស្ស​ជាតិ គឺ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​នឹង​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ថ្មី។ (​រ៉ូម ៦:២៣​) ព្រះ​យេហូវ៉ា​ច្បាស់​ជា​ពេញ​ចិត្ដ​នឹង​លទ្ធផល​នៃ​ការងារ​របស់​លោក ពេល​ឃើញ​ថា​មនុស្ស​រាប់​លាន​នាក់​បាន​ធ្វើ​តាម​ដំណឹង​អំពី​រាជាណាចក្រ​របស់​លោក ដោយ​សារ​លោក​បាន​ទាញ​នាំ​ពួក​គេ​មក ហើយ​ពួក​គេ​បាន​កែប្រែ​ជីវិត​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់។—យ៉ូហាន ៦:៤៤

៦, ៧​. ហេតុ​អ្វី​លោក​យេស៊ូ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​តាំង​ពី​យូរ​ណាស់​មក​ហើយ?

លោក​យេស៊ូ​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ មុន​នឹង​លោក​យេស៊ូ​មក​ផែនដី លោក​ជា​«​មេ​ជាង​»​របស់​ព្រះ​ក្នុង​ការ​បង្កើត​អ្វី​ៗ​ទាំង​អស់​«​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។ (​សុភាសិត ៨:២២​-​៣១; កូឡុស ១:១៥​-​១៧​) ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បន្ដ​ខំ​ប្រឹង​ធ្វើ​ការ។ កាល​លោក​នៅ​ក្មេង​នៅ​ឡើយ លោក​បាន​រៀន​ធ្វើ​ជាង ហើយ​ត្រូវ​គេ​ស្គាល់​ថា​ជា​«​ជាង​ឈើ​»។ * (​ម៉ាកុស ៦:៣​) ជាង​ឈើ​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ណាស់ ហើយ​ត្រូវ​ប៉ិនប្រសប់​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​ដោយ​សារ​នៅ​សម័យ​នោះ​គ្មាន​រោង​អារ​ឈើ ហាង​លក់​គ្រឿង​សំណង់​ឬ​ម៉ាស៊ីន​ប្រើ​អគ្គិសនី​ឡើយ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​លោក​យេស៊ូ​ចេញ​ទៅ​រក​ឈើ​ដោយ​ខ្លួន​លោក ហើយ​ប្រហែលជា​កាប់​ដើម​ឈើ​រួច​ជញ្ជូន​ទៅ​កន្លែង​ដែល​លោក​ធ្វើ​ការ​ឬ​ទេ? តើ​អ្នក​អាច​ស្រមៃ​ឃើញ​លោក​កំពុង​សង់ផ្ទះ ដោយ​រៀបចំ​ធ្នឹម​និង​ដាក់​ធ្នឹម ធ្វើ​ទ្វារ ហើយ​ប្រហែលជា​ធ្វើ​តុទូ​ខ្លះ​ទៀត​ឬ​ទេ? លោក​យេស៊ូ​ច្បាស់​ជា​ធ្លាប់​ពិសោធន៍​នូវ​ការ​ពេញ​ចិត្ដ​ដែល​មក​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ប៉ិនប្រសប់។

លោក​យេស៊ូ​ខំ​ប្រឹង​ព្យាយាម​ខ្លាំង​ក្រៃ​លែង​ពេល​ដែល​លោក​បំពេញ​កិច្ច​បម្រើ។ អស់​បី​ឆ្នាំ​កន្លះ លោក​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ចការ​ដ៏​សំខាន់​បំផុត​នេះ។ ដោយ​សារ​លោក​ចង់​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត នោះ​លោក​ធ្លាប់​ប្រើ​ពេល​វេលា​ពេញ​មួយ​ថ្ងៃ គឺ​លោក​ភ្ញាក់​ពី​ព្រលឹម ហើយ​ធ្វើ​ការ​រហូត​ដល់​យប់។ (​លូកា ២១:៣៧, ៣៨; យ៉ូហាន ៣:២​) លោក​បាន​«​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ហើយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូកា ៨:១​) លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រ ដោយ​ថ្មើរ​ជើង​លើ​ផ្លូវ​ដែល​ហុយ​ដី ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​បណ្ដា​ជន។

៨, ៩​. តើ​លោក​យេស៊ូ​បាន​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច?

តើ​លោក​យេស៊ូ​បាន​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ក្នុង​កិច្ច​បម្រើ​ឬ​ទេ? លោក​ពិត​ជា​បាន​រីករាយ​មែន! លោក​បាន​សាប​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត​អំពី​រាជា​ណា​ចក្រ​របស់​ព្រះ ដោយ​បន្សល់​ទុក​នូវ​ស្រូវ​ដែល​ទុំ​ល្មម​ច្រូត។ ការ​បំពេញ​កិច្ច​ការ​របស់​ព្រះ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ដល់​ម៉្លេះ បាន​ជា​លោក​សុខ​ចិត្ដ​មិន​បរិភោគ​អាហារ ឲ្យ​តែ​អាច​បង្ហើយ​កិច្ចការ​នោះ​បាន។ (​យ៉ូហាន ៤:៣១​-​៣៨​) សូម​គិត​ថា​លោក​យេស៊ូ​ពេញ​ចិត្ដ​យ៉ាង​ណា ពេល​ដែល​លោក​បញ្ចប់​កិច្ច​បម្រើ​របស់​លោក​នៅ​ផែនដី ហើយ​អាច​និយាយ​ទៅ​កាន់​បិតា​នៅ​ស្ថាន​សួគ៌​ដោយ​ពិត​ត្រង់​ថា​៖ ​«​ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែន​ដី ដោយ​បាន​បង្ហើយ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ​»។—យ៉ូហាន ១៧:៤

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប្រាកដជា​គំរូ​ល្អ​បំផុត​អំពី​បុគ្គល​ដែល​បាន​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ យើង​ចង់​«​យក​តម្រាប់​តាម​ព្រះ​»។ (​អេភេសូរ ៥:១​) សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​លោក​យេស៊ូ ជំរុញ​ចិត្ដ​យើង​ឲ្យ​«​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។ (​ពេត្រុសទី១ ២:២១​) ដូច្នេះ​ឥឡូវ​យើង​នឹង​ពិចារណា​អំពី​វិធី​ដែល​យើង​ក៏​អាច​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​ដែរ។

របៀប​ដែល​យើង​អាច​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ

ការ​អនុវត្ដន៍​គោលការណ៍​គម្ពីរ​អាច​ជួយ​អ្នក​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ

១០, ១១​. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អ​នៃ​ការងារ​របស់​យើង?

១០ ការងារ​អាច​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​គ្រិស្ដ​សាសនិក​ពិត។ យើង​ចង់​ពេញ​ចិត្ដ​នឹង​ការងារ​របស់​យើង តែ​នេះ​អាច​ជា​ការ​ពិបាក​បើ​យើង​មាន​ការងារ​ដែល​យើង​មិន​ចូល​ចិត្ដ។ ក្នុង​ករណី​នេះ តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​រីករាយ​ដោយ​ផល​ល្អ​ដែល​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ?

១១ ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អ​នៃ​ការងារ។ ជួនកាល​យើង​មិន​អាច​ផ្លាស់​ប្ដូរ​ស្ថានភាព​របស់​យើង​បាន​ទេ ប៉ុន្ដែ​យើង​អាច​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​យើង​ចំពោះ​ការ​ងារ។ ការ​រំពឹង​គិត​ទៅ​លើ​ទស្សនៈ​របស់​ព្រះ អាច​ជួយ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​លក្ខណៈ​ល្អ​នៃ​ការងារ។ ជា​ឧទាហរណ៍ បើ​អ្នក​ជា​មេ​គ្រួសារ សូម​រំពឹង​គិត​អំពី​ចំណុច​ដែល​ថា ទោះ​ជា​ការងារ​របស់​អ្នក​មើល​ទៅ​ដូច​ជា​ឱនថយ​និង​គួរ​ឲ្យ​ធុញ​ទ្រាន់​ក៏​ដោយ តែ​ការងារ​នោះ​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​ការ​ជា​ចាំ​បាច់។ ចំពោះ​ព្រះ ការ​ថែ​រក្សា​ក្រុម​គ្រួសារ​មិន​មែន​ជា​រឿង​តូច​តាច​ឡើយ។ បណ្ដាំ​របស់​លោក​ចែង​ថា អ្នក​ណា​ដែល​មិន​ទំនុក​បម្រុង​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​គឺ​«​អាក្រក់​ជាង​អ្នក​ដែល​មិន​ជឿ​ទៅ​ទៀត​»។ (​ធីម៉ូថេទី១ ៥:៨​) បើ​អ្នក​ទទួល​ស្គាល់​ថា​ការ​ងារ​របស់​អ្នក​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​បំពេញ​ភារកិច្ច​មួយ​ពី​ព្រះ នោះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា​ការងារ​របស់​អ្នក​មាន​ប្រយោជន៍​និង​មាន​តម្លៃ។ នោះ​ជា​អារម្មណ៍​មួយ​ដែល​អ្នក​រួម​ការងារ​ជា​មួយ​នឹង​អ្នក​ប្រហែលជា​មិន​មាន​ទេ។

១២​. បើ​យើង​ខំ​ប្រឹង​ធ្វើ​ការ ហើយ​ប្រព្រឹត្ដ​ទៀង​ត្រង់ តើ​យើង​អាច​ទទួល​ពរ​អ្វី​ខ្លះ?

១២ ត្រូវ​ឧស្សាហ៍​ព្យាយាម ហើយ​ទៀង​ត្រង់។ បើ​យើង​ខំ​ប្រឹង​ធ្វើ​ការ ហើយ​រៀន​ធ្វើ​ការ​ឲ្យ​បាន​ល្អ នោះ​អាច​នាំ​ឲ្យ​ទទួល​ពរ។ និយោជិត​ដែល​ខំ​ប្រឹង​ព្យាយាម ហើយ​ចេះ​ធ្វើ​ការ​ឲ្យ​បាន​ល្អ ច្រើន​តែ​ត្រូវ​និយោជក​ឲ្យ​តម្លៃ​ខ្ពស់។ (​សុភាសិត ១២:២៤; ២២:២៩​) ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ត្រូវ​ធ្វើ​ការ​ដោយ​ទៀង​ត្រង់។ នោះ​មាន​ន័យ​ថា​យើង​មិន​លួច​លុយ សម្ភារៈ ឬ​ពេល​វេលា​ពី​និយោជក​របស់​យើង​ឡើយ។ (​អេភេសូរ ៤:២៨​) ក្នុង​ជំពូក​មុន​យើង​បាន​រៀន​ថា​ការ​ប្រព្រឹត្ដ​ទៀង​ត្រង់​នាំ​ឲ្យ​ទទួល​ពរ។ និយោជិត​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ជា​មនុស្ស​ទៀង​ត្រង់​ទំនង​ជា​នឹង​ត្រូវ​គេ​ទុក​ចិត្ដ។ ទោះ​ជា​និយោជក​របស់​យើង​កត់​សម្គាល់​ឬ​មិន​កត់​សម្គាល់​ថា​យើង​ជា​និយោជិត​គំរូ​ដោយ​សារ​យើង​ខំ​ប្រឹង​ធ្វើ​ការ​ក្ដី យើង​នៅ​តែ​សប្បាយ​ចិត្ដ​ដោយ​សារ​យើង​មាន​‹ចិត្ដ​ដែល​វិនិច្ឆ័យ​យើង​ថា​គ្មាន​ទោស› ហើយ​ដោយ​សារ​យើង​ដឹង​ថា​ព្រះ​ដែល​យើង​ស្រឡាញ់​កំពុង​ពេញ​ចិត្ដ​នឹង​យើង។—ហេប្រឺ ១៣:១៨; កូឡុស ៣:២២​-​២៤

១៣​. បើ​យើង​ធ្វើ​ជា​គំរូ​ល្អ​នៅ​កន្លែង​ធ្វើ​ការ តើ​អាច​មាន​លទ្ធផល​យ៉ាង​ណា?

១៣ ត្រូវ​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ដ​របស់​យើង​អាច​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ។ បើ​យើង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​របស់​គ្រិស្ដ​សាសនិក អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​គង់តែ​នឹង​កត់​សម្គាល់​ការ​ប្រព្រឹត្ដ​របស់​យើង។ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា? យើង​អាច​«​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​ព្រះ​ដែល​ជា​អ្នក​សង្គ្រោះ​យើង​មាន​លម្អ​»។ (​ទីតុស ២:៩, ១០​) ដូច្នេះ ការ​ប្រព្រឹត្ដ​របស់​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឃើញ​ថា​ការ​គោរព​ប្រណិប័តន៍​របស់​យើង​គឺ​ល្អ ហើយ​ទាក់​ទាញ​ចិត្ដ​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង។ សូម​គិត​ថា​អ្នក​នឹង​សប្បាយ​យ៉ាង​ណា​បើ​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក ចាប់​ផ្ដើម​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​គម្ពីរ ដោយ​សារ​គំរូ​ល្អ​របស់​អ្នក​នៅ​កន្លែង​ធ្វើ​ការ! សំខាន់​បំផុត គ្មាន​អ្វី​សប្បាយ​ជាង​ការ​ដឹង​ថា​ការ​ប្រព្រឹត្ដ​ដ៏​ល្អ​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​និង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ដ​រីករាយ​ទេ មែន​ទេ?—សូម​អាន សុភាសិត ២៧:១១; ពេត្រុសទី១ ២:១២

ចូរ​ប្រើ​សមត្ថភាព​វែក​ញែក​ពេល​ជ្រើស​រើស​ការងារ

១៤​-​១៦​. ពេល​ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ស្ដី​អំពី​ការងារ តើ​យើង​ត្រូវ​សួរ​ខ្លួន​យើង​នូវ​សំណួរ​សំខាន់​ៗ​អ្វី​ខ្លះ?

១៤ គម្ពីរ​មិន​រៀប​រាប់​ល្អិត​ល្អន់​អំពី​ប្រភេទ​ការងារ​ណា​ដែល​យើង​អាច​ទទួល​ឬ​មិន​អាច​ទទួល​ឡើយ។ ប៉ុន្ដែ​នេះ​មិន​មាន​ន័យ​ថា​យើង​អាច​ទទួល​យក​ការងារ​បែប​ណា​ក៏​ដោយ​នោះ​ទេ។ បទ​គម្ពីរ​អាច​ជួយ​យើង​ជ្រើស​រើស​ការងារ​ត្រឹម​ត្រូវ​ដែល​មាន​ប្រយោជន៍ ហើយ​ដែល​ព្រះ​ពេញ​ចិត្ដ ថែម​ទាំង​អាច​ជួយ​យើង​បដិសេធ​ការងារ​ណា​ដែល​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ដ។ (​សុភាសិត ២:៦​) ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​ការ​ងារ មាន​សំណួរ​សំខាន់​ពីរ​ដែល​យើង​គួរ​ពិចារណា។

១៥ បើ​យើង​ធ្វើ​ការងារ​នោះ តើ​យើង​កំពុង​ប្រព្រឹត្ដ​អ្វី​ដែល​គម្ពីរ​ផ្ដន្ទា​ទោស​ឬ​ទេ? បណ្ដាំ​របស់​ព្រះ​ផ្ដន្ទា​ទោស​ដោយ​ចំ​ៗ​នូវ​ការ​លួច ការ​ភូតភរ និង​ការ​ធ្វើ​រូប​ព្រះ។ (​និក្ខមនំ ២០:៤; សកម្មភាព ១៥:២៩; អេភេសូរ ៤:២៨; ការ​បើក​បង្ហាញ ២១:៨​) យើង​នឹង​បដិសេធ​ការងារ​ណា​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​បែប​នេះ។ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា នឹង​មិន​ឲ្យ​យើង​ព្រម​ទទួល​ការងារ​ណា​ដែល​រួម​បញ្ចូល​ការ​ប្រព្រឹត្ដ​ដែល​ខុស​បញ្ញត្ដិ​របស់​ព្រះ​ឡើយ។—សូម​អាន យ៉ូហាន​ទី១ ៥:៣

១៦ បើ​យើង​ធ្វើ​ការងារ​នោះ តើ​យើង​កំពុង​រួម​ចំណែក​ឬ​គាំទ្រ​ការ​ប្រព្រឹត្ដ​ដែល​ខុស​ឆ្គង​ឬ​ទេ? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ការងារ​ជា​ជាង​សំណង់​គឺ​មិន​ខុស​ទេ។ ប៉ុន្ដែ​ចុះ​បើ​គេ​ស្នើ​ឲ្យ​គ្រិស្ដ​សាសនិក​សង់​វិហារ​មួយ​របស់​និកាយ​គ្រិស្ដ​សាសនា? ពិត​មែន​តែ​ការងារ​របស់​គាត់​មិន​តម្រូវ​ឲ្យ​គាត់​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ទេ ប៉ុន្ដែ​ការ​ជួយ​សង់​វិហារ​មួយ​ជា​ការ​គាំទ្រ​សកម្មភាព​របស់​អ្នក​ដែល​បង្រៀន​សេចក្ដី​មិន​ពិត​អំពី​បណ្ដាំ​របស់​ព្រះ មែន​ទេ? (​ការ​បើក​បង្ហាញ ១៨:៤​) ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​មិន​ចង់​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្ដ​ណា​ដែល​ខុស​បទ​គម្ពីរ​ទេ។

១៧​. (​ក​) តើ​យើង​អាច​ពិចារណា​អំពី​កត្ដា​អ្វី​ខ្លះ​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ស្ដី​អំពី​ការងារ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​ខ្ញុំ​គួរ​ទទួល​ការងារ​នោះ​ឬ​ទេ?​»​) (​ខ​) តើ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​ព្រះ​ពេញ​ចិត្ដ?

១៧ ចម្ងល់​ជា​ច្រើន​អំពី​ការងារ​អាច​ត្រូវ​ដោះ​ស្រាយ​ដោយ​ពិចារណា​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​នូវ​ចម្លើយ​ចំពោះ​សំណួរ​ទាំង​ពីរ​ក្នុង​វគ្គ​១៥​និង​១៦។ ម្យ៉ាង​ទៀត ពេល​ធ្វើ​ការ​សម្រេច​ចិត្ដ​ស្ដី​អំពី​ការងារ មាន​កត្ដា​មួយ​ចំនួន​ទៀត​ដែល​យើង​គួរ​យក​មក​ពិចារណា​ដែរ។ យើង​មិន​គួរ​សង្ឃឹម​ថា​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​នឹង​បង្កើត​ច្បាប់​សម្រាប់​ករណី​នីមួយ​ៗ​ដែល​អាច​កើត​ឡើង​បាន​ទេ។ នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ចេះ​ប្រើ​សមត្ថភាព​វែក​ញែក។ ដូច​យើង​បាន​រៀន​នៅ​ជំពូក​ទី​២ យើង​ត្រូវ​អប់រំ​និង​បង្វឹក​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​ដោយ​សិក្សា​របៀប​អនុវត្ដ​បណ្ដាំ​របស់​ព្រះ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ បើ​យើង​បង្វឹក​បង្ហាត់​«​សមត្ថភាព​យល់​ដឹង​»​របស់​យើង​តាម​រយៈ​ការ​«​ប្រើប្រាស់​» នោះ​សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​ព្រះ​ពេញ​ចិត្ដ និង​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។—ហេប្រឺ ៥:១៤

ចូរ​មាន​ទស្សនៈ​ប្រកប​ដោយ​តុល្យ​ភាព​ស្ដី​អំពី​ការងារ

១៨​. ហេតុ​អ្វី​ការ​រក្សា​តុល្យ​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​គឺ​មិន​ងាយ​ស្រួល​ទេ?

១៨ នៅ​‹គ្រា​ចុង​ក្រោយ​ដ៏​លំបាក›​នេះ ការ​រក្សា​តុល្យ​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​គឺ​មិន​ងាយ​ស្រួល​ទេ។ (​ធីម៉ូថេទី២ ៣:១​) ការ​រក​ការងារ​ធ្វើ ហើយ​រក្សា​ការងារ​នោះ អាច​ជា​អ្វី​ដ៏​ពិបាក​ណាស់។ ដោយ​សារ​យើង​ជា​គ្រិស្ដ​សាសនិក យើង​យល់​សារ:សំខាន់​នៃ​ការ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ទំនុក​បម្រុង​ក្រុម​គ្រួសារ។ ប៉ុន្ដែ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន នោះ​ការ​បង្ខិត​បង្ខំ​នៅ​កន្លែង​ធ្វើ​ការ ឬ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ​ដែល​គិតតែ​ពី​ទ្រព្យ​សម្បត្ដិ អាច​រំខាន​កិច្ចការ​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ (​ធីម៉ូថេទី១ ៦:៩, ១០​) ឥឡូវ​យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​រក្សា​តុល្យ​ភាព ហើយ​«​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

១៩​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​ទុក​ចិត្ដ​ទាំង​ស្រុង​ពី​យើង? ហើយ​តើ​ការ​ទុក​ចិត្ដ​លោក​ជួយ​ការពារ​កុំ​ឲ្យ​យើង​ធ្វើ​អ្វី?

១៩ ចូរ​ទុក​ចិត្ដ​ព្រះ​យេហូវ៉ា​ទាំង​ស្រុង។ (​សូម​អាន សុភាសិត ៣:៥, ៦) លោក​ពិត​ជា​សម​នឹង​ទទួល​ការ​ទុក​ចិត្ដ​ពី​យើង មែន​ទេ? យ៉ាង​ណា​មិញ លោក​រមែង​គិត​អំពី​យើង។ (​ពេត្រុសទី១ ៥:៧​) លោក​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវ​ការ​ច្បាស់​ជាង​យើង​ទៅ​ទៀត ហើយ​សមត្ថភាព​របស់​លោក​ដើម្បី​ជួយ​យើង​គឺ​គ្មាន​កម្រិត​ឡើយ។ (​ទំនុកតម្កើង ៣៧:​២៥​) ដូច្នេះ យើង​គប្បី​ធ្វើ​តាម​សេចក្ដី​រំលឹក​ក្នុង​បណ្ដាំ​របស់​លោក​ដែល​ថា​៖ ​«​ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាសចាក​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ដ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន។ ព្រោះ​[​ព្រះ​]​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ប្រាកដជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដជា​មិន​បោះបង់​ចោល​អ្នក​ដែរ›​»។ (​ហេប្រឺ ១៣:​៥​) អ្នក​បម្រើ​ពេញ​ពេល​ជា​ច្រើន​នាក់​ធ្លាប់​ពិសោធន៍​ឃើញ​ថា​ព្រះ​មាន​សមត្ថភាព​ផ្ដល់​អ្វី​ដែល​ចាំ​បាច់​សម្រាប់​ចិញ្ចឹម​ជីវិត។ បើ​យើង​ពិត​ជា​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង នោះ​យើង​នឹង​មិន​ខ្វល់​ហួស​ហេតុ​ពេក​អំពី​ការ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​យើង​ឡើយ។ (​ម៉ាថាយ ៦:​២៥​-​៣២​) យើង​នឹង​មិន​ឲ្យ​ការងារ​របស់​យើង​នាំ​ឲ្យ​យើង​អាក់​ខាន​ធ្វើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ឡើយ ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ដើម។—ម៉ាថាយ ២៤:១៤; ហេប្រឺ ១០:​២៤, ២៥

២០​. តើ​ការ​មើល​របស់​តែ​មួយ​មាន​ន័យ​ដូច​ម្ដេច? ហើយ​តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

២០ ចូរ​មើល​របស់​តែ​មួយ។ (​សូម​អាន ម៉ាថាយ ៦:២២, ២៣) ការ​មើល​របស់​តែ​មួយ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​របៀប​រស់​នៅ​ដែល​មិន​ស្មុគ​ស្មាញ។ គ្រិស្ដ​សាសនិក​ពិត​សម្លឹង​មើល​អ្វី​តែ​មួយ​គត់ គឺ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​ព្រះ។ បើ​យើង​ពិត​ជា​កំពុង​សម្លឹង​មើល​អ្វី​តែ​មួយ នោះ​យើង​នឹង​មិន​គិតតែ​ពី​ការ​រក​ការងារ​ដែល​ឲ្យ​ប្រាក់​ខែ​ច្រើន​ជាង ឬ​ប្រមូល​អារម្មណ៍​ទៅ​លើ​ការ​ព្យាយាម​ឲ្យ​មាន​ជីវភាព​សម្បូរ​សប្បាយ​ជាង​ទេ។ យើង​នឹង​មិន​វក់​នឹង​ការ​ស្វះ​ស្វែងរក​ឥត​ឈប់​ឈរ​នូវ​វត្ថុ​ទ្រព្យ​ថ្មី​បំផុត​និង​ល្អ​បំផុត ដែល​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ចង់​ឲ្យ​យើង​គិត​ថា​យើង​ត្រូវ​ការ​ដើម្បី​មាន​សុភមង្គល​ឡើយ។ តើ​អ្នក​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​តែ​មួយ​ជា​និច្ច? កុំ​ធ្វើ​ឲ្យ​ខ្លួន​ជំពាក់​បំណុល​គេ​ដោយ​មិន​ចាំ​បាច់។ កុំ​ប្រមូល​ទ្រព្យ​សម្បត្ដិ​ដែល​ស៊ី​ពេល​និង​កម្លាំង​ច្រើន។ ចូរ​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ឲ្យ​យើង​ស្កប់​ចិត្ដ​នឹង​‹​អាហារ​បរិភោគ និង​សម្លៀក​បំពាក់​›។ (​ធីម៉ូថេទី១ ៦:៨​) ចូរ​ព្យាយាម​បំបាត់​ចោល​ឲ្យ​បាន​ច្រើន​បំផុត​នូវ​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​របស់​អ្នក​ស្មុគ​ស្មាញ។

២១​. ហេតុ​អ្វី​យើង​ត្រូវ​សម្រេច​ចិត្ដ​ថា​អ្វី​ត្រូវ​ជា​អាទិភាព​ក្នុង​ជីវិត​យើង? ហើយ​តើ​អ្វី​គួរ​ជា​អាទិ​ភាព​ទី​១​ក្នុង​ជីវិត​យើង?

២១ ចូរ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​អាទិភាព។ ពេល​វេលា​និង​កម្លាំង​របស់​យើង​មាន​កម្រិត ដូច្នេះ​យើង​ត្រូវ​សម្រេច​ថា​អ្វី​ខ្លះ​ត្រូវ​មាន​អាទិភាព ពុំ​នោះ​សោត​អ្វី​ដែល​មិន​សូវ​សំខាន់​នឹង​ស៊ី​ពេល​វេលា​ដ៏​មាន​តម្លៃ ហើយ​អ្វី​ៗ​ដែល​សំខាន់​ជាង​នឹង​ត្រូវ​ទុក​មួយ​ឡែក​សិន។ តើ​អ្វី​គួរ​ជា​អាទិភាព​ទី​១​ក្នុង​ជីវិត​យើង? មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​ចាត់​ទុក​ការ​បន្ដ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជា​អាទិភាព​ដើម្បី​អាច​បាន​ការងារ​ដែល​ផ្ដល់​ប្រាក់​ខែ​ច្រើន។ ក៏​ប៉ុន្ដែ​លោក​យេស៊ូ​បាន​ដាស់​តឿន​អ្នក​កាន់​តាម​លោក​ថា​«​ចូរ​បន្ដ​ស្វែងរក​រាជាណាចក្រ . . . ជា​មុន​»។ (​ម៉ាថាយ ៦:៣៣​) ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ចាត់​ទុក​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​អាទិភាព​ទី​១​ក្នុង​ជីវិត។ របៀប​រស់​នៅ​របស់​យើង ពោល​គឺ​ការ​សម្រេច​ចិត្ដ គោលដៅ និង​សកម្មភាព​ផ្សេង​ៗ​ដែល​យើង​ធ្វើ គួរ​បង្ហាញ​ថា​កិច្ចការ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ​និង​បំណង​ប្រាថ្នា​របស់​លោក គឺ​សំខាន់​ជាង​កង្វល់​អំពី​ទ្រព្យ​សម្បត្ដិ​និង​ទង្វើ​ឯ​ទៀត​របស់​ពិភព​លោក​នេះ។

ចូរ​ខំ​ប្រឹង​ព្យាយាម​ក្នុង​កិច្ច​បម្រើ

យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​អាទិភាព

២២, ២៣​. (​ក​) តើ​កិច្ចការ​សំខាន់​បំផុត​របស់​គ្រិស្ដ​សាសនិក​ពិត​ជា​អ្វី? តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ការងារ​នេះ​គឺ​សំខាន់​ចំពោះ​យើង? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​នាំ​ឲ្យ​មាន​អំណរ​និង​ជីវិត​ដ៏​គាប់​ចិត្ដ​»​) (​ខ​) តើ​អ្នក​តាំង​ចិត្ដ​ធ្វើ​អ្វី​ស្ដី​អំពី​ការងារ?

២២ ដោយ​សារ​យើង​ដឹង​ថា​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ជិត​ចប់​ហើយ នោះ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​ដ៏​សំខាន់​បំផុត​របស់​គ្រិស្ដ​សាសនិក​ពិត ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​មនុស្ស​ឲ្យ​កាន់​តាម​គ្រិស្ដ។ (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) យើង​ចង់​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ចការ​នេះ​ដែល​អាច​សង្គ្រោះ​ជីវិត​បាន ដូច​លោក​យេស៊ូ​ដែល​ជា​គំរូ​របស់​យើង​បាន​ធ្វើ​ដែរ។ តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​បង្ហាញ​ថា​កិច្ចការ​នេះ​គឺ​សំខាន់​ចំពោះ​យើង? រាស្ដ្រ​ភាគ​ច្រើន​របស់​ព្រះ​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ដោយ​ធ្វើ​ជា​អ្នក​ផ្សាយ។ បង​ប្អូន​ខ្លះ​ទៀត​បាន​រៀបចំ​ជីវិត​របស់​ពួក​គេ​ដើម្បី​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ជា​សាសនទូត។ ដោយ​សារ​ឪពុក​ម្ដាយ​ទទួល​ស្គាល់​សារៈសំខាន់​នៃ​គោលដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ នោះ​ពួក​គាត់​បាន​លើក​ទឹក​ចិត្ដ​កូន​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ពេញ​ពេល។ តើ​អ្នក​ដែល​ខ្នះខ្នែង​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ខ្លាំង​របស់​ពួក​គេ​ឬ​ទេ? មែន​ហើយ! ការ​បម្រើ​ព្រះ​យេហូវ៉ា​អស់ពី​សមត្ថភាព​ប្រាកដជា​វិធី​ដើម្បី​ទទួល​អំណរ ការ​ពេញ​ចិត្ដ និង​ពរ​ដ៏​ច្រើន​ឥត​គណនា។—សូម​អាន សុភាសិត ១០:២២

២៣ យើង​ច្រើន​នាក់​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ដើម្បី​ទំនុក​បម្រុង​ក្រុម​គ្រួសារ។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​រីករាយ​នឹង​ផល​ល្អ​ដែល​កើត​ពី​ការ​ខំ​ប្រឹង​ធ្វើ​ការ។ បើ​យើង​អប់រំ​ខ្លួន​ឲ្យ​មាន​ចិត្ដ​គំនិត​និង​ការ​ប្រព្រឹត្ដ​ដែល​សម​ស្រប​តាម​ទស្សនៈ​និង​គោលការណ៍​របស់​លោក នោះ​យើង​អាច​ពេញ​ចិត្ដ​នឹង​ការងារ​របស់​យើង។ ប៉ុន្ដែ ចូរ​យើង​តាំង​ចិត្ដ​កុំ​ឲ្យ​ការងារ​បង្វែរ​អារម្មណ៍​យើង​ចេញ​ពី​កិច្ចការ​សំខាន់​បំផុត​របស់​យើង​ឡើយ ពោល​គឺ​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ ពេល​ដែល​យើង​ទុក​កិច្ចការ​នេះ​ជា​អាទិភាព​ក្នុង​ជីវិត នោះ​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យ៉ាង​នេះ​យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់។

^ វគ្គ 6 យោង​ទៅ​តាម​ការ​បក​ស្រាយ​អំពី​អត្ថន័យ​នៃ​ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ជាង​ឈើ​»​ នោះ​ជា​«​ពាក្យ​មាន​ន័យ​ទូលាយ​ដែល​សំដៅ​ទៅ​លើ​ជាង​ឈើ​គ្រប់​ប្រភេទ ទោះ​ជា​គាត់​ជា​ជាង​សង់ផ្ទះ ធ្វើ​គ្រឿង​សង្ហារិម ឬ​របស់​ផ្សេង​ទៀត​ធ្វើ​ពី​ឈើ​ក្ដី​»។