លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣

ចូរ​ស្រឡាញ់​អ្នក​ដែល​ព្រះ​ស្រឡាញ់

ចូរ​ស្រឡាញ់​អ្នក​ដែល​ព្រះ​ស្រឡាញ់

​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ​»។—សុភាសិត ១៣:២០

១​-​៣​. (​ក​) តើ​គម្ពីរ​បញ្ជាក់​ការ​ពិត​អ្វី​ដែល​ប្រកែក​ពុំ​បាន​នោះ? (​ខ​) តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដែល​នឹង​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង?

សំឡី​ជក់​វត្ថុ​រាវ​ណា​ក៏​ដោយ​ដែល​នៅ​ជាប់​វា។ ដូច​គ្នា​ដែរ មនុស្ស​យើង​ងាយ​យក​ខ្នាត​តម្រា បុគ្គលិក​លក្ខណៈ និង​គំនិត​របស់​អ្នក​ដែល​យើង​សេពគប់​យ៉ាង​ជិត​ស្និទ្ធ​មក​ធ្វើ​ជា​របស់​យើង។ ជួនកាល​យើង​ធ្វើ​ដូច្នេះ​ដោយ​មិន​ដឹង​ខ្លួន​ទេ។

គម្ពីរ​បញ្ជាក់​ការ​ពិត​មួយ​ដែល​ពុំ​អាច​ប្រកែក​បាន​ឡើយ គឺ​៖ ​«​អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងីល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ​»។ (​សុភាសិត ១៣:​២០​) សុភាសិត​នេះ​មិន​សំដៅ​ទៅ​លើ​ការ​ស្គាល់​គ្នា​ធម្មតា​ទេ។ ពាក្យ​«​ដើរ​ជា​មួយ​»​បង្កប់​អត្ថន័យ​ថា​សេពគប់​គ្នា​ឥត​ដាច់។ * ឯកសារ​យោង​មួយ​អំពី​គម្ពីរ​បក​ស្រាយ​ពាក្យ​នោះ​ថា​«​ការ​ដើរ​ជា​មួយ​បុគ្គល​ណា​ម្នាក់ បង្កប់​អត្ថន័យ​ថា​យើង​ស្រឡាញ់​បុគ្គល​នោះ ហើយ​ចិត្ដ​យើង​នៅ​ជាប់​នឹង​គាត់​»។ យើង​ច្រើន​តែ​យក​តម្រាប់​តាម​មនុស្ស​ដែល​យើង​ស្រឡាញ់ មែន​ទេ? ហើយ​ពីព្រោះ​ចិត្ដ​យើង​នៅ​ជាប់​នឹង​អ្នក​ដែល​យើង​ស្រឡាញ់ នោះ​ពួក​គេ​អាច​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​យើង ទោះ​ជា​ឥទ្ធិពល​នោះ​ល្អ​ឬ​អាក្រក់​ក៏​ដោយ។

ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ជា​ការ​ចាំ​បាច់​ដែល​យើង​រក​មិត្ដ​ភក្ដិ​ដែល​នឹង​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? បើ​និយាយ​ឲ្យ​ចំ​ទៅ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​ស្រឡាញ់​អ្នក​ដែល​ព្រះ​ស្រឡាញ់ ហើយ​យក​មិត្ដ​របស់​លោក​មក​ធ្វើ​ជា​មិត្ដ​របស់​យើង​ដែរ។ សូម​គិត​ទៅ​មើល! បើ​យើង​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដែល​ព្រះ​យេហូវ៉ា​យក​ជា​មិត្ដ​របស់​លោក​ដែរ នោះ​យើង​នឹង​មាន​មិត្ដ​ដ៏​ល្អ​បំផុត មែន​ទេ? បើ​ដូច្នេះ សូម​ពិចារណា​អំពី​ប្រភេទ​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ ក្រោយ​ពី​បាន​យល់​ច្បាស់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​មាន​សមត្ថភាព​ច្រើន​ជាង​ក្នុង​ការ​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដ៏​ល្អ។

ពួក​អ្នក​ដែល​ព្រះ​ស្រឡាញ់

៤​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ជ្រើស​រើស​ថា​អ្នក​ណា​សម​ធ្វើ​ជា​មិត្ដ​របស់​លោក? ហើយ​ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ហៅ​អាប្រាហាំ​ថា​‹សំ​ឡាញ់​របស់​ខ្ញុំ›?

ព្រះ​យេហូវ៉ា​មិន​យក​អ្នក​ណា​ក៏​ដោយ​មក​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក​ទេ។ លោក​ពិត​ជា​មាន​សិទ្ធិ​ជ្រើស​រើស ថា​អ្នក​ណា​សម​ធ្វើ​ជា​មិត្ដ​របស់​លោក មែន​ទេ? យ៉ាង​ណា​មិញ លោក​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត ហើយ​មិត្ដភាព​ជា​មួយ​នឹង​លោក​ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ បើ​ដូច្នេះ តើ​ព្រះ​ជ្រើស​រើស​អ្នក​ណា​ឲ្យ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​លោក? ព្រះ​យេហូវ៉ា​ចូល​ទៅ​ជិត​អ្នក​ដែល​ទុក​ចិត្ដ​លោក ហើយ​មាន​ជំនឿ​ជឿ​ជាក់​លើ​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​គំរូ​របស់​អាប្រាហាំ​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ជា​អ្នក​មាន​ជំនឿ​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ។ ការ​សាកល្បង​ជំនឿ​របស់​ឪពុក​ម្នាក់​ដោយ​សុំ​គាត់​បូជា​ជីវិត​កូន ច្បាស់​ជា​ការ​សាកល្បង​ដ៏​ពិបាក​បំផុត។ * ប៉ុន្ដែ​អាប្រាហាំ​«​បម្រុង​នឹង​បូជា​អ៊ីសាក​»​ ដោយ​មាន​ជំនឿ​ជឿ​ជាក់​ថា​«​ព្រះ​អាច​ប្រោស​ឲ្យ​អ៊ីសាក​រស់​ឡើង​វិញ សូម្បី​តែ​ស្លាប់​ទៅ​ហើយ​ក្ដី​»។ (​ហេប្រឺ ១១:១៧​-​១៩​) ដោយ​សារ​អាប្រាហាំ​បង្ហាញ​ជំនឿ​បែប​នោះ ហើយ​បាន​ស្តាប់​បង្គាប់ នោះ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ដោយ​ហៅ​គាត់​ថា​‹សំ​ឡាញ់​របស់​ខ្ញុំ›។—អេសាយ ៤១:៨; យ៉ាកុប ២:២១​-​២៣

៥​. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ស្តាប់​បង្គាប់​លោក​ដោយ​ស្មោះ​ត្រង់?

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ស្តាប់​បង្គាប់​លោក​ដោយ​ស្មោះ​ត្រង់។ លោក​ស្រឡាញ់​អ្នក​ដែល​ចាត់​ទុក​ថា​ការ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​លោក​ជា​អ្វី​ដែល​សំខាន់​បំផុត។ ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១​នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ណាស់​ចំពោះ​អ្នក​ដែល​សម្រេច​ចិត្ដ​ស្តាប់​បង្គាប់​លោក​ដោយ​សារ​ពួក​គេ​ស្រឡាញ់​លោក។ សុភាសិត ៣:៣២​ចែង​ថា​៖ ​«​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ​»។ ព្រះ​យេហូវ៉ា​អញ្ជើញ​យ៉ាង​កក់​ក្ដៅ​អស់​អ្នក​ដែល​បំពេញ​តាម​ខ្នាត​តម្រា​របស់​លោក​ដោយ​ស្មោះ​ត្រង់ ឲ្យ​មក​ធ្វើ​ជា​ភ្ញៀវ​ក្នុង​«​រោង​»​របស់​លោក។ នេះ​បង្កប់​អត្ថន័យ​ថា​ពួក​គេ​បាន​ត្រូវ​ទទួល​ស្វាគមន៍​ឲ្យ​មក​គោរព​ប្រណិប័តន៍​លោក ហើយ​អាច​អធិដ្ឋាន​ទៅ​លោក​ដោយ​សេរី។—ទំនុកតម្កើង ១៥:១​-​៥

៦​. តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ស្រឡាញ់​បុត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​លោក​យេស៊ូ ជា​បុត្រ​តែ​មួយ​របស់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ដ​តាម​ពាក្យ​របស់​ខ្ញុំ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ ហើយ​តាំង​លំនៅ​ជា​មួយ​នឹង​គាត់​»។ (​យ៉ូហាន ១៤:​២៣​) តើ​យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? ពេល​យើង​ធ្វើ​តាម​បញ្ញត្ដិ​របស់​លោក​យេស៊ូ រួម​ទាំង​បង្គាប់​ដែល​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក នោះ​ច្បាស់​ជា​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​មែន។ (​ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ១៤:១៥, ២១​) ម្យ៉ាង​ទៀត យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ ពេល​ដែល​យើង​«​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»​ ដោយ​ខំ​អស់ពី​សមត្ថភាព​របស់​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដើម្បី​ប្រព្រឹត្ដ​និង​និយាយ​តាម​គំរូ​ដែល​លោក​បាន​ទុក​ឲ្យ។ (​ពេត្រុសទី១ ២:​២១​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ណាស់ ពេល​មនុស្ស​ដែល​បាន​ត្រូវ​ជំរុញ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រ​របស់​លោក ព្យាយាម​ដើរ​តាម​លំ​អាន​ដាន​របស់​គ្រិស្ដ។

៧​. ហេតុ​អ្វី​យើង​គួរ​យក​មិត្ដ​របស់​ព្រះ​យេហូវ៉ា​មក​ធ្វើ​ជា​មិត្ដ​របស់​យើង?

ជំនឿ ភាព​ស្មោះ​ត្រង់ ការ​ចេះ​ស្តាប់​បង្គាប់ ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​យេស៊ូ​និង​ការ​ប្រព្រឹត្ដ​របស់​លោក ជា​គុណ​សម្បត្ដិ​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​រក ពេល​លោក​ជ្រើស​រើស​មនុស្ស​ឲ្យ​ធ្វើ​ជា​មិត្ដ។ យើង​ម្នាក់​ៗ​គប្បី​សួរ​ខ្លួន​យើង​ថា ‹តើ​មិត្ដ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ឬ? តើ​ខ្ញុំ​បាន​យក​មិត្ដ​របស់​ព្រះ​យេហូវ៉ា​មក​ធ្វើ​ជា​មិត្ដ​របស់​ខ្ញុំ​ឬ​ទេ?›។ ជា​ការ​ល្អ​បើ​យើង​ធ្វើ​ដូច្នេះ។ អ្នក​ដែល​អប់រំ​ខ្លួន​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​ព្រះ​ពេញ​ចិត្ដ ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង​នូវ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ អាច​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង ហើយ​ជំរុញ​យើង​ឲ្យ​ធ្វើ​តាម​ការ​តាំង​ចិត្ដ​របស់​យើង​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា «​ តើ​មិត្ដ​ភក្ដិ​ល្អ​ជា​មនុស្ស​ប្រភេទ​ណា?​»​)។

ចូរ​រៀន​ពី​គំរូ​ក្នុង​គម្ពីរ

៨​. ហេតុ​អ្វី​អ្នក​ស្ងើចសរសើរ​មិត្ដភាព​រវាង (​ក​) ន៉ាអូមី​និង​រូថ? (​ខ​) យុវជន​ជាតិ​ហេប្រឺ​បី​នាក់? (​គ​) ប៉ូល​និង​ធីម៉ូថេ?

បទ​គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ដែល​បាន​ទទួល​ប្រយោជន៍​ដោយ​សារ​ពួក​គេ​បាន​ជ្រើស​រើស​មិត្ដ​ដ៏​ល្អ។ អ្នក​អាច​អាន​អំពី​មិត្ដភាព​រវាង​ន៉ាអូមី​និង​កូន​ប្រសា​ស្រី​របស់​គាត់​ឈ្មោះ​រូថ ហើយ​អាច​អាន​អំពី​យុវជន​ជាតិ​ហេប្រឺ​បី​នាក់ ដែល​បាន​រក្សា​ចំណង​មិត្ដភាព​ដ៏​រឹង​មាំ​ពេល​នៅ​ក្រុង​បាប៊ីឡូន។ ម្យ៉ាង​ទៀត អ្នក​អាច​អាន​អំពី​មិត្ដភាព​រវាង​ប៉ូល​និង​ធីម៉ូថេ។ (​នាងរស់ ១:១៦; ដានីយ៉ែល ៣:១៧, ១៨; កូរិនថូសទី១ ៤:១៧; ភីលីព ២:២០​-​២២​) ប៉ុន្ដែ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​គំរូ​មួយ​ទៀត​ដែល​ល្អ​ប្រសើរ គឺ​មិត្ដភាព​រវាង​ដាវីឌ​និង​យ៉ូណាថាន។

៩, ១០​. តើ​អ្វី​ជា​មូលដ្ឋាន​នៃ​មិត្ដភាព​រវាង​ដាវីឌ​និង​យ៉ូណាថាន?

គម្ពីរ​ចែង​ថា ក្រោយ​ពី​ដាវីឌ​សម្លាប់​កូលីយ៉ាត នោះ​«​ចិត្ដ​យ៉ូណាថាន​ក៏​មូល​ជាប់​នឹង​ចិត្ដ​គាត់ ហើយ​យ៉ូណាថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ​»។ (​សាំយូអែល​ទី​១ ១៨:១​) ចាប់​ពី​ពេល​នោះ​ទៅ ពួក​គាត់​មាន​ចំណង​មិត្ដភាព​ដែល​កាត់​ផ្ដាច់​ពុំ​បាន ហើយ​ទោះ​ជា​ពួក​គាត់​មាន​អាយុ​ខុស​គ្នា​ឆ្ងាយ​ក៏​ដោយ មិត្ដភាព​នោះ​បាន​ស្ថិតស្ថេរ​រហូត​ដល់​យ៉ូណាថាន​ស្លាប់​នៅ​សមរភូមិ។ * (​សាំយូអែល​ទី​២ ១:២៦​) តើ​អ្វី​ជា​មូលដ្ឋាន​នៃ​ចំណង​មិត្ដភាព​ដ៏​រឹង​មាំ​របស់​មិត្ដ​សម្លាញ់​ទាំង​ពីរ​នេះ?

១០ ដាវីឌ​និង​យ៉ូណាថាន​មាន​ភាព​ជិត​ស្និទ្ធ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ ហើយ​ចង់​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​លោក។ មិត្ដ​ទាំង​ពីរ​នាក់​នេះ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សាមគ្គី​ភាព។ ដាវីឌ​និង​យ៉ូណាថាន​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ូណាថាន​ច្បាស់​ជា​បាន​ស្ងើចសរសើរ​ភាព​ក្លាហាន​និង​ចិត្ដ​ខ្នះខ្នែង​របស់​យុវជន​នេះ ដែល​បាន​ការពារ​នាម​របស់​ព្រះ​យេហូវ៉ា​យ៉ាង​អង់អាច។ ដាវីឌ​ប្រាកដជា​បាន​គោរព​បុរស​វ័យ​ចាស់​រូប​នេះ ដែល​បាន​គាំទ្រ​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ហើយ​បាន​ចាត់​ទុក​ប្រយោជន៍​របស់​ដាវីឌ​ថា​សំខាន់​ជាង​ប្រយោជន៍​ខ្លួន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ដាវីឌ​ធ្លាក់​ទឹក​ចិត្ដ ដោយ​ត្រូវ​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ដើម្បី​ភៀស​ខ្លួន​ឲ្យ​រួច​ពី​កំហឹង​របស់​ស្ដេច​សូល​ដ៏​ទុច្ចរិត​នោះ។ យ៉ូណាថាន​បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​យ៉ាង​អស្ចារ្យ ដោយ​ផ្ដើម​«​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង​»។ (​សាំយូអែលទី១ ២៣:១៦​) សូម​គិត​ថា​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​មិត្ដ​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​មក​ជួយ​និង​លើក​ទឹក​ចិត្ដ​គាត់! *

១១​. ដោយ​ពិចារណា​អំពី​គំរូ​របស់​ដាវីឌ​និង​យ៉ូណាថាន តើ​អ្នក​រៀន​អ្វី​ខ្លះ​អំពី​មិត្ដភាព?

១១ តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​គំរូ​របស់​យ៉ូណាថាន​និង​ដាវីឌ? មេរៀន​ដែល​លេច​ធ្លោ​ជាង​គេ​គឺ គំនិត​របស់​មិត្ដ​ទាំង​ពីរ​នាក់​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ នោះ​ត្រូវ​មាន​មូលដ្ឋាន​លើ​ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ នេះ​ជា​កត្ដា​សំខាន់​បំផុត។ ពេល​ដែល​យើង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ និង​គោលការណ៍​សីលធម៌​ដូច​យើង ហើយ​ចង់​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​ដូច​យើង នោះ​យើង​អាច​លើក​ទឹក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្ដូរ​យោបល់​និង​បទ​ពិសោធន៍​គ្នា ហើយ​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន។ (សូម​អាន រ៉ូម ១:១១, ១២) ក្នុង​ចំណោម​អ្នក​រួម​ជំនឿ យើង​អាច​រក​ឃើញ​មនុស្ស​ដែល​ចង់​រក្សា​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ​បាន។ ប៉ុន្ដែ តើ​នេះ​មាន​ន័យ​ថា​មនុស្ស​ទាំង​អស់​ដែល​មក​កិច្ច​ប្រជុំ​សុទ្ធតែ​ជា​ការ​សេពគប់​ល្អ​ឬ? មិន​មាន​ន័យ​ដូច្នេះ​ទេ។

តើ​យើង​គួរ​ជ្រើស​រើស​មនុស្ស​បែប​ណា​ធ្វើ​ជា​មិត្ដ​ជិត​ស្និទ្ធ?

១២, ១៣​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​ជ្រើស​រើស​ការ​សេពគប់ សូម្បី​តែ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ​ក៏​ដោយ? (​ខ​) តើ​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី? តើ​នោះ​បាន​ជំរុញ​ប៉ូល​ឲ្យ​ព្រមាន​ពួក​គេ​ត្រង់​ៗ​យ៉ាង​ដូច​ម្ដេច?

១២ សូម្បី​តែ​ក្នុង​ក្រុម​ជំនុំ ក៏​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ ដើម្បី​យើង​អាច​សេព​គប់​តែ​នឹង​អ្នក​ណា​ដែល​នឹង​ជួយ​យើង​ឲ្យ​ពង្រឹង​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ។ តើ​ចំណុច​ដែល​ថា យើង​ត្រូវ​ប្រុង​ប្រយ័ត្ន គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឬ? តាម​ពិត មិន​គួរ​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ។ ដូច​ផ្លែ​ឈើ​នៅ​ដើម​តែ​មួយ​មិន​ទុំ​ដំណាល​គ្នា​ទេ នោះ​គ្រិស្ដ​សាសនិក​ខ្លះ​ក្នុង​ក្រុម​ជំនុំ ក៏​ត្រូវ​ការ​ពេល​យូរ​ជាង​ដើម្បី​មាន​ភាព​ចាស់​ទុំ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ដែរ។ ដូច្នេះ យើង​ឃើញ​ថា​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់ មាន​គ្រិស្ដ​សាសនិក​ដែល​រីក​ចម្រើន​ដល់​កម្រិត​ខុស​ៗ​គ្នា។ (​ហេប្រឺ ៥:១២​–​៦:៣​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​នៅ​តែ​បង្ហាញ​ចិត្ដ​អត់​ធ្មត់​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​ទើប​នឹង​ជឿ​ថ្មី ឬ​អ្នក​ដែល​ខ្សោយ ពីព្រោះ​យើង​ចង់​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—រ៉ូម ១៤:១; ១៥:១

១៣ ម្ដង​ម្កាល ប្រហែលជា​មាន​ស្ថានភាព​មួយ​ក្នុង​ក្រុម​ជំនុំ​ដែល​តម្រូវ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​នឹង​ការ​សេពគប់​របស់​យើង។ ប្រហែលជា​បុគ្គល​ខ្លះ​មាន​ការ​ប្រព្រឹត្ដ​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ឯ​ទៀត​ប្រហែលជា​ចាប់​ផ្ដើម​ខឹង​ក្រុម​ជំនុំ ហើយ​បែរ​ជា​មាន​ទម្លាប់​រអ៊ូរទាំ។ ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១ គ.ស. ក៏​បាន​ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ​ដែរ។ សមាជិក​ភាគ​ច្រើន​ក្នុង​ក្រុម​ជំនុំ​នោះ​គឺ​ស្មោះ​ត្រង់​នឹង​ព្រះ ប៉ុន្ដែ​បង​ប្អូន​ខ្លះ​មិន​បាន​ប្រព្រឹត្ដ​ត្រឹម​ត្រូវ​ទេ។ ដោយ​ហេតុ​ថា​មាន​បុគ្គល​ខ្លះ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​ខ្លះ​របស់​គ្រិស្ដ​សាសនិក នោះ​ប៉ូល​បាន​ព្រមាន​ក្រុម​ជំនុំ​នោះ​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​បំភាន់​អ្នក​ឡើយ។ ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ដ​ល្អ​»។ (​កូរិនថូសទី១ ១៥:១២, ៣៣​) ប៉ូល​បាន​ព្រមាន​ធីម៉ូថេ​ថា សូម្បី​តែ​ក្នុង​ចំណោម​បង​ប្អូន​រួម​ជំនឿ ក៏​ប្រហែលជា​មាន​បុគ្គល​ខ្លះ​ដែល​មិន​ប្រព្រឹត្ដ​ល្អ​ដែរ។ ធីម៉ូថេ​បាន​ត្រូវ​ណែនាំ​ឲ្យ​ជៀស​ចេញ​ពី​បុគ្គល​បែប​នោះ ដោយ​មិន​យក​ពួក​គេ​ធ្វើ​ជា​មិត្ដ​ជិត​ស្និទ្ធ​របស់​គាត់។—សូម​អាន ធីម៉ូថេទី២ ២:២០​-​២២

១៤​. តើ​យើង​អាច​អនុវត្ដ​តាម​គោលការណ៍​ដែល​ប៉ូល​បាន​បញ្ជាក់​អំពី​ការ​សេពគប់​យ៉ាង​ដូច​ម្ដេច?

១៤ តើ​យើង​អាច​អនុវត្ដ​តាម​គោលការណ៍​ដែល​ប៉ូល​បាន​បញ្ជាក់​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​មិន​សេពគប់​បុគ្គល​ណា​ដែល​អាច​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​យើង ទោះ​ជា​បុគ្គល​នោះ​នៅ​ក្នុង​ឬ​ក្រៅ​ក្រុម​ជំនុំ​ក៏​ដោយ។ (​ថែស្សាឡូនិច​ទី​២ ៣:៦, ៧, ១៤​) យើង​ត្រូវ​ការពារ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា ដោយ​មិន​ដឹង​ខ្លួន យើង​នឹង​ចាប់​ផ្ដើម​មាន​ចិត្ដ​គំនិត​និង​ការ​ប្រព្រឹត្ដ​ដូច​មិត្ដ​ជិត​ស្និទ្ធ​របស់​យើង។ យើង​មិន​អាច​យក​សំឡី​ទៅ​ជ្រលក់​ទឹក​ស្អុយ ហើយ​សង្ឃឹម​ថា​វា​នឹង​ជក់​តែ​ទឹក​ស្អាត​ទេ។ ដូច​គ្នា​ដែរ យើង​ក៏​មិន​អាច​សេពគប់​មនុស្ស​ដែល​មាន​ឥទ្ធិពល​អាក្រក់ ហើយ​សង្ឃឹម​ថា​យើង​នឹង​ទទួល​ឥទ្ធិពល​ល្អ​ដែរ។—កូរិនថូស​ទី​១ ៥:៦

ក្នុង​ចំណោម​អ្នក​រួម​ជំនឿ យើង​អាច​រក​ឃើញ​ការ​សេពគប់​ល្អ

១៥​. ក្នុង​ក្រុម​ជំនុំ តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច​នូវ​មិត្ដ​ល្អ​ដែល​ព្យាយាម​ពង្រឹង​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា?

១៥ ក៏​ប៉ុន្ដែ​យើង​មាន​ហេតុ​គួរ​ឲ្យ​សប្បាយ​មែន ពីព្រោះ​ក្នុង​ចំណោម​អ្នក​រួម​ជំនឿ​យើង​អាច​រក​ឃើញ​ការ​សេពគប់​ល្អ​ជា​ច្រើន។ (​ទំនុកតម្កើង ១៣៣:១​) ក្នុង​ក្រុម​ជំនុំ តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច​នូវ​មិត្ដ​ល្អ​ដែល​ព្យាយាម​ពង្រឹង​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? កាល​ដែល​អ្នក​ព្យាយាម​មាន​គុណ​សម្បត្ដិ​និង​ការ​ប្រព្រឹត្ដ​ដូច​ព្រះ នោះ​អ្នក​ឯ​ទៀត​ដែល​កំពុង​ធ្វើ​ដូច្នេះ​ដែរ នឹង​ចាប់​អារម្មណ៍​មក​លើ​អ្នក។ ដំណាល​គ្នា​នោះ អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​តាម​ជំហាន​មួយ​ចំនួន​ដើម្បី​មាន​មិត្ដ​ភក្ដិ​ថ្មី។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ដែល​យើង​រក​បាន​មិត្ដ​ភក្ដិ​ល្អ​»​) សូម​ស្វែងរក​អ្នក​ដែល​បង្ហាញ​គុណ​សម្បត្ដិ​ដែល​អ្នក​ចង់​បង្ហាញ​ដែរ។ សូម​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ឲ្យ​«​បើក​ចិត្ដ​ឲ្យ​ទូលាយ​»​ ដោយ​ខំ​ចង​មិត្ដភាព​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ទោះ​ជា​ពួក​គេ​មាន​វប្បធម៌​ឬ​ជាតិ​អ្វី​ក៏​ដោយ។ (​កូរិនថូសទី២ ៦:១៣; សូម​អាន ពេត្រុសទី១ ២:១៧) កុំ​សេពគប់​តែ​អ្នក​ដែល​មាន​អាយុ​ស្រករ​អ្នក​ឡើយ។ សូម​ចាំ​ថា យ៉ូណាថាន​ចាស់​ជាង​ដាវីឌ​ឆ្ងាយ​ណាស់។ បង​ប្អូន​វ័យ​ចាស់​ជា​ច្រើន​នាក់​មាន​បទ​ពិសោធន៍​និង​ប្រាជ្ញា​ច្រើន ហើយ​នោះ​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​មាន​មិត្ដភាព​ជា​មួយ​នឹង​ពួក​គាត់។

ពេល​មាន​បញ្ហា​កើត​ឡើង

១៦, ១៧​. បើ​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​យើង​អន់​ចិត្ដ ហេតុ​អ្វី​យើង​មិន​គួរ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ?

១៦ ជួន​កាល​អាច​មាន​បញ្ហា​កើត​ឡើង ដោយ​សារ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​បុគ្គលិក​លក្ខណៈ​និង​ប្រវត្ដិ​ខុស​គ្នា​ឆ្ងាយ។ ប្រហែលជា​បង​ប្អូន​ម្នាក់​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​អន់​ចិត្ដ។ (​សុភាសិត ១២:១៨​) ជួនកាល​មាន​បញ្ហា​កើត​ឡើង​ដោយ​សារ​បង​ប្អូន​មាន​បុគ្គលិក​លក្ខណៈ​ខុស​គ្នា ឬ​ដោយ​សារ​មាន​ការ​យល់​ច្រឡំ ឬ​ខ្វែង​គំនិត​គ្នា។ ពេល​ដែល​មាន​បញ្ហា​បែប​នេះ តើ​យើង​នឹង​ជំពប់​ដួល ហើយ​ឈប់​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​ឬ? បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​អ្នក​ដែល​លោក​ស្រឡាញ់ នោះ​យើង​នឹង​មិន​ឈប់​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ​ទេ។

១៧ ក្នុង​នាម​ជា​អ្នក​បង្កើត​យើង​និង​ជា​អ្នក​ទ្រទ្រង់​ជីវិត​យើង នោះ​ព្រះ​យេហូវ៉ា​គួរ​នឹង​ទទួល​ពី​យើង​នូវ​សេចក្ដី​ស្រឡាញ់​និង​ភក្ដីភាព​ផ្ដាច់​មុខ។ (​ការ​បើក​បង្ហាញ ៤:១១​) ម្យ៉ាង​ទៀត ក្រុម​ជំនុំ​ដែល​លោក​ពេញ​ចិត្ដ​ប្រើ គឺ​គួរ​នឹង​ទទួល​នូវ​ការ​គាំទ្រ​ពី​យើង។ (​ហេប្រឺ ១៣:១៧​) ដូច្នេះ បើ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​អន់​ចិត្ដ​ឬ​ខក​ចិត្ដ នោះ​យើង​នឹង​មិន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ ដើម្បី​បង្ហាញ​ថា​យើង​មិន​សប្បាយ​ចិត្ដ​ទេ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​ដូច​ម្ដេច​បាន? យ៉ាង​ណា​មិញ ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​អន់​ចិត្ដ​ទេ។ សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​យើង​បោះបង់​ចោល​លោក​និង​រាស្ដ្រ​លោក​ឡើយ!—សូម​អាន ទំនុកតម្កើង ១១៩:១៦៥

១៨​. (​ក​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ? (​ខ​) បើ​យើង​សម្រេច​ចិត្ដ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ពេល​មាន​មូលហេតុ​ត្រឹម​ត្រូវ តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ?

១៨ សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជំរុញ​យើង​ឲ្យ​បង្កើត​ឲ្យ​មាន​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ។ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​អ្នក​ដែល​លោក​ស្រឡាញ់ ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​យើង​មិន​គួរ​តម្រូវ​ឲ្យ​បង​ប្អូន​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែរ។ សេចក្ដី​ស្រឡាញ់​ជួយ​យើង​មិន​ឲ្យ​ទើស​ចិត្ដ​ឬ​អន់​ចិត្ដ​ពេល​អ្នក​ឯ​ទៀត​មាន​កំហុស​បន្ដិច​បន្ដួច ដោយ​ចាំ​ថា​យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួនកាល​ធ្វើ​ខុស។ (​សុភាសិត ១៧:៩; ពេត្រុសទី១ ៤:៨​) សេចក្ដី​ស្រឡាញ់​ជួយ​យើង​«​អភ័យទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​កូឡុស ៣:​១៣​) ឱវាទ​នោះ​មិន​តែង​តែ​ស្រួល​ធ្វើ​តាម​ទេ។ បើ​យើង​ពុំ​អាច​យក​ឈ្នះ​អារម្មណ៍​អន់​ចិត្ដ​បាន​ទេ នោះ​យើង​ប្រហែលជា​នឹង​ខឹង​ងំ ដោយ​គិត​ថា​នេះ​ជា​វិធី​ធ្វើ​ទោស​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​យើង​អន់​ចិត្ដ។ ប៉ុន្ដែ​តាម​ពិត បើ​យើង​ចិញ្ចឹម​ទុក​កំហឹង​ក្នុង​ចិត្ដ នោះ​យើង​កំពុង​ធ្វើ​ទុក្ខ​ខ្លួន​យើង។ បើ​យើង​សម្រេច​ចិត្ដ​អភ័យទោស​ឲ្យ​អ្នក​ឯ​ទៀត​ពេល​មាន​មូលហេតុ​ត្រឹម​ត្រូវ នោះ​នាំ​ឲ្យ​យើង​ទទួល​ពរ​ជា​ច្រើន។ (​លូកា ១៧:៣, ៤​) ការ​អភ័យទោស​ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខសាន្ដ​ក្នុង​ចិត្ដ ជួយ​ការពារ​រក្សា​សន្ដិភាព​ក្នុង​ក្រុម​ជំនុំ ហើយ​សំខាន់​បំផុត ជួយ​ការពារ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។—ម៉ាថាយ ៦:១៤, ១៥; រ៉ូម ១៤:១៩

ពេល​ដែល​ត្រូវ​ឈប់​សេពគប់

១៩​. តើ​យើង​ត្រូវ​ឈប់​សេពគប់​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​នៅ​ពេល​ណា?

១៩ ជួនកាល​យើង​ប្រហែលជា​ត្រូវ​ឈប់​សេពគប់​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ជំនុំ។ នេះ​កើត​ឡើង​ពេល​បុគ្គល​ម្នាក់​ដែល​បំពាន​ច្បាប់​របស់​ព្រះ ហើយ​មិន​ប្រែ​ចិត្ដ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព ឬ​មួយ​បោះបង់​ចោល​ជំនឿ​ដោយ​បង្រៀន​សេចក្ដី​បង្រៀន​មិន​ពិត ឬ​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ។ បណ្ដាំ​របស់​ព្រះ​ចែង​ប្រាប់​យើង​ត្រង់​ៗ​ថា​«​ឈប់​ចូល​លាយឡំ​»​ជា​មួយ​នឹង​បុគ្គល​បែប​នោះ។ * (សូម​អាន កូរិនថូស​ទី១ ៥:១១​-​១៣; យ៉ូហានទី២ ៩​-​១១​) ការ​ឈប់​សេពគប់​បុគ្គល​ដែល​ធ្លាប់​ជា​មិត្ដ​ភក្ដិ​របស់​យើង​ឬ​ជា​សាច់​ញាតិ ប្រហែលជា​ពិបាក​ណាស់។ តើ​យើង​នឹង​កាន់​ជំហរ​មាំ​មួន ហើយ​បង្ហាញ​ថា​យើង​ចាត់​ទុក​ភក្ដីភាព​ចំពោះ​ព្រះ​យេហូវ៉ា និង​ច្បាប់​ដ៏​សុចរិត​យុត្ដិធម៌​របស់​លោក​ជា​អ្វី​សំខាន់​បំផុត​ឬ​ទេ? សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ភក្ដីភាព​និង​ការ​ស្តាប់​បង្គាប់។

២០, ២១​. (​ក​) ហេតុ​អ្វី​ការ​បណ្ដាច់​មិត្ដភាព​ជា​របៀប​រៀប​ចំ​មួយ​ដែល​ស​ឲ្យ​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ជ្រើស​រើស​ការ​សេពគប់​ដោយ​ប្រុង​ប្រយ័ត្ន?

២០ តាម​ពិត ការ​បណ្ដាច់​មិត្ដភាព​ជា​របៀប​រៀប​ចំ​មួយ​ដែល​ស​ឲ្យ​ឃើញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។ តើ​ស​ឲ្យ​ឃើញ​យ៉ាង​ដូច​ម្ដេច? ការ​បណ្ដាច់​មិត្ដភាព​បុគ្គល​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​តែ​មិន​ប្រែ​ចិត្ដ​នោះ ជា​វិធី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា និង​ខ្នាត​តម្រា​របស់​លោក។ (​ពេត្រុសទី១ ១:១៥, ១៦​) ការ​បណ្ដាច់​មិត្ដភាព​ជួយ​រក្សា​ក្រុម​ជំនុំ ដោយ​ការពារ​សមាជិក​ដ៏​ស្មោះ​ត្រង់​ពី​ឥទ្ធិពល​អាក្រក់​នៃ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា។ យ៉ាង​នេះ បង​ប្អូន​ស្មោះ​ត្រង់​អាច​បន្ដ​គោរព​ប្រណិប័តន៍​ព្រះ ដោយ​មាន​ទំនុក​ចិត្ដ​ថា​ក្រុម​ជំនុំ​ជា​ទី​ដែល​មាន​សុវត្ថិភាព​ពី​ឥទ្ធិពល​នៃ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ (​កូរិនថូសទី១ ៥:៧; ហេប្រឺ ១២:១៥, ១៦​) ការ​ប្រដៅ​ដ៏​តឹងរ៉ឹង​នោះ​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ខុស​ដែរ។ ការ​បណ្ដាច់​មិត្ដភាព​នោះ​ប្រហែលជា​អ្វី​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ភ្ញាក់​ដឹង​ខ្លួន ហើយ​ចាត់​វិធានការ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ។—ហេប្រឺ ១២:១១

២១ យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ថា មិត្ដ​ជិត​ស្និទ្ធ​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​ចិត្ដ​គំនិត​និង​ការ​ប្រព្រឹត្ដ​របស់​យើង។ ហេតុ​នេះ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ជ្រើស​រើស​ការ​សេពគប់​ដោយ​ប្រុង​ប្រយ័ត្ន។ បើ​យើង​ចង​មិត្ដភាព​ជា​មួយ​នឹង​អ្នក​ដែល​ជា​មិត្ដ​របស់​ព្រះ​យេហូវ៉ា ហើយ​ស្រឡាញ់​អ្នក​ដែល​លោក​ស្រឡាញ់ នោះ​យើង​នឹង​មាន​ការ​សេពគប់​ដ៏​ល្អ​បំផុត។ ឥទ្ធិពល​របស់​ពួក​គេ​នឹង​ជួយ​យើង​ធ្វើ​តាម​ការ​តាំង​ចិត្ដ​របស់​យើង​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។

^ វគ្គ 2 ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ភប់​ប្រសព្វ​»​ក៏​បាន​ត្រូវ​បក​ប្រែ​ថា​«​កំដរ​»​ដែរ។—ពួកចៅហ្វាយ ១៤:២០

^ វគ្គ 4 ដោយ​សុំ​អាប្រាហាំ​បូជា​កូន នោះ​ព្រះ​យេហូវ៉ា​បង្ហាញ​ឲ្យ​ឃើញ​ទុក​ជា​មុន​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ គឺ​បូជា​បុត្រ​តែ​មួយ​របស់​លោក។ (​យ៉ូហាន ៣:១៦​) ក្នុង​ករណី​របស់​អាប្រាហាំ ព្រះ​យេហូវ៉ា​បាន​ឃាត់​គាត់​ហើយ​ផ្ដល់​សត្វ​ចៀម​មួយ​ដើម្បី​ឲ្យ​គាត់​បូជា​ជំនួស​អ៊ីសាក។—លោកុប្បត្ដិ ២២:១, ២, ៩​-​១៣

^ វគ្គ 9 ដាវីឌ​«​នៅ​ក្មេង​ណាស់​»​ ពេល​ដែល​គាត់​សម្លាប់​កូលីយ៉ាត ហើយ​ពេល​ដែល​យ៉ូណាថាន​ស្លាប់ ដាវីឌ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ។ (​សាំយូអែលទី១ ១៧:៣៣; ៣១:២; សាំយូអែល​ទី​២ ៥:៤​) យ៉ូណាថាន​មាន​អាយុ​ជិត​៦០​ឆ្នាំ​ពេល​ដែល​គាត់​ស្លាប់ ដូច្នេះ​តាម​មើល​ទៅ​គាត់​ចាស់​ជាង​ដាវីឌ​ប្រហែល​៣០​ឆ្នាំ។

^ វគ្គ 10 យោង​ទៅ​តាម​សាំយូអែលទី១ ២៣:១៧ យ៉ូណាថាន​បាន​និយាយ​អ្វី​ប្រាំ​យ៉ាង​ដើម្បី​លើក​ទឹក​ចិត្ដ​ដាវីឌ (​១​)​ គាត់​ប្រាប់​ដាវីឌ​ថា កុំ​ខ្លាច​ឡើយ។ (​២​)​ គាត់​ពង្រឹង​ទំនុក​ចិត្ដ​របស់​ដាវីឌ​ថា សូល​នឹង​រក​ដាវីឌ​មិន​ឃើញ​ទេ។ (​៣​)​ គាត់​រំលឹក​ដាវីឌ​ថា​ដាវីឌ​នឹង​ទទួល​តំណែង​ជា​ស្ដេច ដូច​ព្រះ​បាន​សន្យា។ (​៤​)​ គាត់​សន្យា​ថា​គាត់​នឹង​បង្ហាញ​ភក្ដីភាព​ចំពោះ​ដាវីឌ។ (​៥​)​ គាត់​ប្រាប់​ដាវីឌ​ថា សូល​ក៏​ដឹង​ថា​គាត់​មាន​ភក្ដីភាព​ចំពោះ​ដាវីឌ​ដែរ។

^ វគ្គ 19 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​ដែល​យើង​ត្រូវ​ប្រព្រឹត្ដ​ចំពោះ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព​ឬ​បាន​ដក​ខ្លួន​ចេញ​នោះ សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​របៀប​ប្រព្រឹត្ដ​ចំពោះ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព​»។