លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៨

ចូរ​ឲ្យ​បាន​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​ជា​រៀង​រហូត​ត​ទៅ!

ចូរ​ឲ្យ​បាន​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​ជា​រៀង​រហូត​ត​ទៅ!

គឺ​ត្រូវ​ខំ​ប្រឹង​ដើម្បី​ឲ្យ​បាន​មិត្ដ​ម្នាក់ ហើយ​ក៏​ត្រូវ​ខំ​ប្រឹង​ដើម្បី​រក្សា​ទុក​មិត្ដ​ម្នាក់​ដែរ។ ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​ទៅ​ជា​មិត្ដ ហើយ​ដើម្បី​រក្សា​ខ្លួន​ទុក​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ នោះ​នឹង​មាន​ប្រសិទ្ធ​ពរ​យ៉ាង​វិសេស។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ដល់​អស់​អ្នក​ដែល​បាន​ជឿ​លើ​ទ្រង់​ថា៖ «សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។ (យ៉ូហាន ៨:៣២) តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

អ្នក​អាច​សប្បាយ​នឹង​សេរី​ភាព​ឥឡូវ​នេះ​បាន។ អ្នក​អាច​រួច​ផុត​ពី​ការ​បង្រៀន​ក្លែង​ក្លាយ​និង​ពាក្យ​ភូត​ភរ​ដែល​បាន​ត្រូវ​ផ្សាយ​ដោយ​សាតាំង។ អ្នក​ក៏​អាច​រួច​ផុត​ពី​ជីវិត​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អស់​សង្ឃឹម​ដែល​មនុស្ស​រាប់​លាន​នាក់​ឥត​ស្គាល់​ព្រះ​យេហូវ៉ា​បាន​ពិសោធ​នោះ។ (រ៉ូម ៨:២២) អស់​អ្នក​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​ក៏​រួច​ផុត​ពី​ការ«ខ្លាច​ស្លាប់»​ដែរ។—ហេព្រើរ ២:១៤, ១៥

អ្នក​អាច​សប្បាយ​នឹង​សេរី​ភាព​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។ អ្នក​អាច​មាន​សេរី​ភាព​ដ៏​អស្ចារ្យ​ណាស់​ហ្ន៎ នៅ​ពេល​អនាគត! នៅ​លើ​ផែន​ដី​មនោ​រម្យ នោះ​នឹង​រួច​ពី​សង្គ្រាម ជម្ងឺ និង​បទ​ឧក្រិដ្ឋ។ គេច​ផុត​ពី​ភាព​ក្រី​ក្រ​និង​ការ​អត់​អាហារ។ រួច​ពី​ភាព​ចាស់​ជរា​និង​សេចក្ដី​ស្លាប់។ លែង​មាន​ការ​ភិត​ភ័យ ការ​ជិះ​ជាន់ និង​ភាព​អយុត្ដិធម៌​ទៀត​ហើយ។ ព្រះ​គម្ពីរ​ចែង​អំពី​ព្រះ​ថា៖ «ទ្រង់​លា​ព្រះ​ហស្ដ ក៏​បំពេញ​ចិត្ដ​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ»។—ទំនុក​ដំកើង ១៤៥:១៦

ពួក​មិត្ដ​សំឡាញ់​របស់​ព្រះ​នឹង​រស់​នៅ​ជា​និរន្ដរ៍។ ជីវិត​អស់​កល្ប​ជា​និច្ច​ជា​រង្វាន់​ដ៏​មាន​តម្លៃ​ដែល​ព្រះ​នឹង​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្វែង​រក​មិត្ដភាព​ជា​មួយ​ទ្រង់។ (រ៉ូម ៦:២៣) ចូរ​គិត​ពី​ជីវិត​ដ៏​មិន​ចេះ​ចប់​អាច​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​នោះ!

អ្នក​នឹង​មាន​ពេល​វេលា​ធ្វើ​អ្វីៗ​ជា​ច្រើន។ ប្រហែល​ជា​អ្នក​ចង់​រៀន​លេង​គ្រឿង​ភ្លេង​មួយ។ ឬ​ក៏​ប្រហែល​ជា​អ្នក​ចង់​រៀន​ឲ្យ​ចេះ​គូរ​គំនូរ ឬ​ធ្វើ​ជា​ជាង​ឈើ​ម្នាក់។ ប្រហែល​ជា​អ្នក​ចង់​រៀន​អំពី​សត្វ​ឬ​ដំណាំ​ផ្សេងៗ។ ឬ​ក៏​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ផ្សេងៗ និង​មនុស្ស​ផ្សេងៗ​ឯ​ទៀត។ ការ​មាន​ជីវិត​ជា​រៀង​រហូត​នឹង​អាច​បើក​ឲ្យ​សម្រេច​នូវ​អ្វី​ទាំង​អស់​នេះ​បាន!

អ្នក​នឹង​មាន​ពេល​បង្កើត​មិត្ដ​បាន​យ៉ាង​ច្រើន។ ការ​រស់​នៅ​ជា​និរន្ដរ៍​នឹង​បើក​លទ្ធភាព​ឲ្យ​ស្គាល់​មនុស្ស​ជា​ច្រើន​ទៀត ដែល​បាន​ក្លាយ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​នោះ។ អ្នក​នឹង​យល់​ដឹង​នូវ​ការ​ប៉ិន​ប្រសប់​និង​គុណ​សម្បត្ដិ​ដ៏​ល្អ​របស់​គេ ហើយ​ពួក​គេ​ក៏​នឹង​ធ្វើ​ជា​មិត្ដ​របស់​អ្នក​ដែរ។ អ្នក​នឹង​ស្រឡាញ់​គេ ហើយ​គេ​នឹង​ស្រឡាញ់​អ្នក​ដែរ។ (កូរិនថូស​ទី១ ១៣:៨) ការ​មាន​ជីវិត​ដ៏​មិន​ចេះ​ចប់ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ពេល​វេលា​ដើម្បី​ធ្វើ​ជា​មិត្ដ​ដល់​មនុស្ស​គ្រប់​គ្នា​លើ​ផែន​ដី​នេះ! អ្វី​ដែល​ប្រសើរ​បំផុត គឺ​ថា​មិត្ដភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​នឹង​លូត​លាស់​កាន់​តែ​ខ្លាំង​ឡើង​កាល​ដែល​ច្រើន​សត​វត្ស​កន្លង​ទៅ។ សូម​ឲ្យ​លោក​អ្នក​ធ្វើ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​ជា​រៀង​រហូត​ត​ទៅ!