លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៤

មិត្ដ​សម្លាញ់​របស់​ព្រះ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់

មិត្ដ​សម្លាញ់​របស់​ព្រះ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់

សាតាំង​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ បុគ្គល​ម្នាក់​ដែល​ចង់​ធ្វើ​ជា​មិត្ដ​របស់​ព្រះ ត្រូវ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (ទំនុក​ដំកើង ៩៧:១០) ជា​បន្ដ​បន្ទាប់​នេះ​ជា​របស់​ខ្លះៗ​ដែល​មិត្ដ​សំឡាញ់​របស់​ព្រះ​ត្រូវ​ជៀស​វាង:

អំពើ​បាប​ខាង​កាម។ «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ»។ (និក្ខមនំ ២០:១៤) ការ​រួម​ដំណេក​មុន​រៀប​ការ​គឺ​ជា​ការ​ខុស​ដែរ។—កូរិនថូស​ទី១ ៦:១៨

ការ​ប្រមឹក។ «ពួក​ប្រមឹក . . . មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។—កូរិនថូស​ទី១ ៦:១០

ឃាតកម្ម និង​ការ​ពន្លូត​កូន។ «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ»។—និក្ខមនំ ២០:១៣

ការ​លួច។ «កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ»។—និក្ខមនំ ២០:១៥

ការ​ភូត​ភរ។ ព្រះ​យេហូវ៉ា​ស្អប់​«អណ្ដាត​ភូត​ភរ»។—សុភាសិត ៦:១៧

អំពើ​ឃោរ​ឃៅ​និង​ការ​ឥត​ចេះ​ទប់​កំហឹង។ «[ព្រះ​យេហូវ៉ា]ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្អប់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ដ​ខាង​សេចក្ដី​ច្រឡោត​វិញ»។ (ទំនុក​ដំកើង ១១:៥) «កិច្ច​ការ​ខាង​សាច់​ឈាម[រួម​បញ្ចូល] . . . កំហឹង»។—កាឡាទី ៥:១៩, ២០

ការ​លេង​ល្បែង​ស៊ី​សង។ «កុំ​អោយ​បង​ប្អូន​ទាក់​ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា . . . មាន​ចិត្ដ​លោភ​លន់»។—កូរិនថូស​ទី១ ៥:១១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ការ​ស្អប់​ខាង​ពូជ​សាសន៍។ «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ . . . ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ»។—ម៉ាថាយ ៥:៤៣, ៤៤

អ្វីៗ​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​យើង​គឺ​សំ​រាប់​ជា​ប្រយោជន៍​ឲ្យ​យើង។ គឺ​មិន​តែង​តែ​ស្រួល​ជៀស​វាង​ធ្វើ​អំពើ​ដ៏​អាក្រក់​នោះ​ទេ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ជំនួយ​ពី​ស្មរបន្ទាល់​របស់​ទ្រង់ នោះ​អ្នក​អាច​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។—អេសាយ ៤៨:១៧; ភីលីព ៤:១៣; ហេព្រើរ ១០:២៤, ២៥