លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១១

ចូរ​បដិសេធ​សាសនា​មិន​ពិត!

ចូរ​បដិសេធ​សាសនា​មិន​ពិត!

សាតាំង​និង​ពួក​បិសាច​របស់​វា​មិន​ចង់​ឲ្យ​អ្នក​បំរើ​ព្រះ​ឡើយ។ ពួក​វា​ចង់​បំបែរ​មនុស្ស​គ្រប់​គ្នា​ចេញ​ពី​ព្រះ ប្រសិន​បើ​ពួក​វា​អាច​ធ្វើ​បាន​នោះ។ តើ​ពួក​វា​ខំ​ប្រឹង​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច​ទៅ? វិធី​មួយ​គឺ​តាម​រយៈ​សាសនា​មិន​ពិត។ (កូរិនថូស​ទី២ ១១:១៣​-​១៥) សាសនា​មួយ​គឺ​មិន​ពិត ប្រសិន​បើ​សាសនា​នោះ​មិន​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ សាសនា​មិន​ពិត​គឺ​ដូច​ជា​លុយ​ក្លែង​ក្លាយ លុយ​នោះ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​លុយ​មែន​ទែន ក៏​ប៉ុន្ដែ​លុយ​នោះ​គឺ​ឥត​មាន​តម្លៃ​ទេ។ របស់​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ជា​ច្រើន។

ភាព​មិន​ពិត​ខាង​សាសនា មិន​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​នៃ​សេចក្ដី​ពិត។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែន​ដី​នេះ​នៅ​ឡើយ គឺ​មាន​ក្រុម​សាសនា​មួយ​ដែល​ចង់​ធ្វើ​គុត​ដល់​ទ្រង់។ ពួក​គេ​បាន​គិត​ថា របៀប​ថ្វាយ​បង្គំ​របស់​គេ​គឺ​ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ។ ពួក​គេ​បាន​និយាយ​ថា៖ «យើង​មាន​ព្រះ​វរបិតា​តែ​១ គឺ​ជា​ព្រះ»។ តើ​ព្រះ​យេស៊ូ​យល់​ស្រប​ឬ​ទេ? អត់​ទេ! ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪ​ពុក»។ (យ៉ូហាន ៨:៤១, ៤៤) សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​គិត​ថា ពួក​គេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ ក៏​ប៉ុន្ដែ​ពួក​គេ​ពិត​ជា​កំពុង​តែ​ថ្វាយ​បង្គំ​សាតាំង​និង​ពួក​បិសាច​របស់​វា​ទៅ​វិញ!—កូរិនថូស​ទី១ ១០:២០

ដូច​ជា​ដើម​ឈើ​អត់​ល្អ​មាន​ផ្លែ​មិន​ល្អ នោះ​សាសនា​មិន​ពិត​ក៏​ធ្វើ​ឲ្យ​មនុស្ស​ប្រព្រឹត្ដ​អំពើ​អាក្រក់​ដែរ។ ពិភព​លោក​នេះ​គឺ​ពេញ​ដោយ​បញ្ហា ដោយ​សារ​តែ​របស់​ដ៏​អាក្រក់​ដែល​មនុស្ស​ធ្វើ។ គឺ​មាន​អំពើ​ឥត​សីលធម៌ ការ​វាយ​គ្នា ការ​លួច ការ​ជិះ​ជាន់ ការ​កាប់​សម្លាប់ និង​ការ​ចាប់​រំលោភ។ មនុស្ស​ជា​ច្រើន​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​ទាំង​នេះ គឺ​ជា​អ្នក​កាន់​សាសនា​ដែរ ក៏​ប៉ុន្ដែ​សាសនា​របស់​គេ​ឥត​ជំរុញ​ទឹក​ចិត្ដ​គេ​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​ល្អ​នោះ​ទេ។ ពួក​គេ​មិន​អាច​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ​បាន​ទេ លុះ​ត្រា​តែ​ពួក​គេ​ឈប់​ធ្វើ​អំពើ​អាក្រក់។—ម៉ាថាយ ៧:១៧, ១៨

សាសនា​មិន​ពិត​បង្រៀន​មនុស្ស​ឲ្យ​អធិស្ឋាន​ថ្វាយ​រូប​សំណាក។ ព្រះ​ទ្រង់​មាន​បន្ទូល​ថា កុំ​អធិស្ឋាន​ថ្វាយ​រូប​សំណាក​ឡើយ។ សេចក្ដី​នេះ​គឺ​សម​ហេតុ​ផល។ តើ​អ្នក​នឹង​ពេញ​ចិត្ដ​ឬ​ទេ បើ​បុគ្គល​ម្នាក់​មិន​និយាយ​ជា​មួយ​នឹង​អ្នក​សោះ ក៏​ប៉ុន្ដែ​បែរ​ជា​និយាយ​ដាក់​រូប​ថត​របស់​អ្នក​ទៅ​វិញ​នោះ? តើ​បុគ្គល​នោះ​អាច​ធ្វើ​ជា​មិត្ដ​ដ៏​ស្មោះ​របស់​អ្នក​បាន​ទេ? អត់​ទេ គាត់​មិន​អាច​ជា​មិត្ដ​ដ៏​ស្មោះ​ឡើយ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​និយាយ​ទូល​ថ្វាយ​ទ្រង់ មិន​មែន​ទៅ​ឯ​រូប​ចម្លាក់​ឬ​រូប​ថត​ណា​ដែល​ឥត​មាន​ជីវិត​នោះ​ឡើយ។—និក្ខមនំ ២០:៤, ៥

សាសនា​មិន​ពិត​បង្រៀន​ថា ការ​សម្លាប់​អ្នក​ដទៃ​ពេល​មាន​សង្គ្រាម នោះ​មិន​ខុស​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា មិត្ដ​សំឡាញ់​របស់​ព្រះ​នឹង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​ពួក​គេ។ យើង​មិន​សម្លាប់​មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​ទេ។ (យ៉ូហាន ១៣:៣៥) គឺ​ជា​ការ​ខុស​ចំពោះ​យើង សូម្បី​តែ​សម្លាប់​មនុស្ស​អាក្រក់​នោះ។ នៅ​ពេល​ដែល​ពួក​សត្រូវ​របស់​ព្រះ​យេស៊ូ​បាន​មក​ចាប់​ទ្រង់ នោះ​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​ពួក​សិស្ស​ទ្រង់​តយុទ្ធ​ដើម្បី​ការពារ​ទ្រង់​នោះ​ទេ។—ម៉ាថាយ ២៦:៥១, ៥២

សាសនា​មិន​ពិត​បង្រៀន​ថា ពួក​មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​ក្នុង​ភ្លើង​នរក។ ក៏​ប៉ុន្ដែ ព្រះ​គម្ពីរ​បង្រៀន​ថា អំពើ​បាប​នោះ​បណ្ដាល​ឲ្យ​ស្លាប់។ (រ៉ូម ៦:២៣) ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់។ តើ​ព្រះ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ធ្វើ​ទារុណកម្ម​មនុស្ស​ជា​រៀង​រហូត​ឬ? ប្រាកដ​ជា​មិន​អ៊ីចឹង​ទេ! នៅ​ក្នុង​សួន​មនោ​រម្យ នឹង​មាន​សាសនា​តែ​មួយ​ទេ ជា​សាសនា​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ។ (វិវរណៈ ១៥:៤) សាសនា​ទាំង​អស់​ដែល​មាន​មូលដ្ឋាន​លើ​ពាក្យ​កុហក​របស់​សាតាំង នឹង​បាត់​សូន្យ​ទៅ​ជា​ពុំ​ខាន។