មេរៀនទី១៣
មន្ដអាគមនិងអំពើអាបធ្មប់គឺជាអំពើមិនល្អ
សាតាំងចង់ឲ្យអ្នកប្រព្រឹត្ដអំពើមន្ដអាគម។ មនុស្សជាច្រើនធ្វើយញ្ញបូជាថ្វាយជីដូនជីតាឬពួកវិញ្ញាណ ដើម្បីឲ្យការពារខ្លួនគេពីគ្រោះថ្នាក់។ ពួកគេធ្វើអ៊ីចឹងពីព្រោះពួកគេខ្លាចអំណាចនៃពិភពវិញ្ញាណ។ ពួកគេពាក់ខ្សែកថាឬអង្កាំ។ ពួកគេផឹកឬលាប«ថ្នាំ»លើខ្លួន ដែលបានត្រូវអះអាងថាមានអំណាចខាងមន្ដអាគម។ នៅមុខផ្ទះរបស់គេឬនៅក្នុងដី មនុស្សខ្លះបានកប់របស់ដែលបានជឿថា មានអំណាចការពារ។ ពួកអ្នកឯទៀតប្រើ«ថ្នាំ»ខាងមន្ដអាគម ពីព្រោះគេជឿថានឹងនាំឲ្យមានជោគជ័យខាងពាណិជ្ជកម្ម ការប្រឡងនៅសាលា ឬខាងរឿងស្នេហា។
អ្វីដ៏ល្អបំផុតដែលអាចការពារអ្នកប្រឆាំងនឹងសាតាំង គឺការមានព្រះយេហូវ៉ាជាមិត្ដសំឡាញ់របស់អ្នក។ ព្រះយេហូវ៉ានិងពួកទេវតារបស់ទ្រង់ គឺមានអំណាចខ្លាំងក្លាជាងសាតាំងនិងពួកបិសាចរបស់វាឆ្ងាយណាស់។ (យ៉ាកុប ២:១៩; វិវរណៈ ១២:៩) ព្រះយេហូវ៉ាមានព្រះទ័យខ្នះខ្នែងចង់បង្ហាញនូវកម្លាំងរបស់ទ្រង់ ប្រយោជន៍ឲ្យមិត្ដសំឡាញ់របស់ទ្រង់ គឺជាអស់អ្នកដែលមានចិត្ដស្មោះត្រង់ចំពោះទ្រង់ទាំងស្រុង។—របាក្សត្រទី២ ១៦:៩
បន្ទូលរបស់ព្រះចែងថា៖ «អ្នករាល់គ្នា . . . មិនត្រូវប្រព្រឹត្ដអំពើមន្ដអាគម»។ ព្រះយេហូវ៉ាផ្ដន្ទាទោសមន្ដអាគមនិងអំពើអាបធ្មប់ ពីព្រោះការប្រព្រឹត្ដទាំងនោះអាចធ្វើឲ្យបុគ្គលម្នាក់ស្ថិតក្រោមអំណាចរបស់អារក្សសាតាំង។—លេវីវិន័យ ១៩:២៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ