លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១០

របៀប​រក​ឃើញ​សាសនា​ពិត

របៀប​រក​ឃើញ​សាសនា​ពិត

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​មិត្ដ​សំឡាញ់​ម្នាក់​របស់​ព្រះ អ្នក​ត្រូវ​តែ​កាន់​សាសនា​ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ដោយ​ពិត​ត្រង់» នឹង​ថ្វាយ​បង្គំ​ព្រះ​ស្រប​ទៅ​តាម​«សេចក្ដី​ពិត»។ (យ៉ូហាន ៤:២៣, ២៤) គឺ​មាន​ផ្លូវ​ត្រឹម​ត្រូវ​តែ​មួយ​ទេ ដើម្បី​ថ្វាយ​បង្គំ​ព្រះ។ (អេភេសូរ ៤:៤​-​៦) សាសនា​ពិត​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច ហើយ​សាសនា​មិន​ពិត​នាំ​ទៅ​ដល់​សេចក្ដី​ហិន​វិនាស។—ម៉ាថាយ​៧:១៣, ១៤

អ្នក​អាច​ស្គាល់​សាសនា​ពិត​ដោយ​មើល​មនុស្ស​ដែល​កាន់​សាសនា​នោះ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ល្អ នោះ​អស់​អ្នក​ដែល​ជា​ពួក​អ្នក​ថ្វាយ​បង្គំ​ទ្រង់​ត្រូវ​តែ​ជា​មនុស្ស​ដ៏​ល្អ​នោះ​ដែរ។ ដូច​ជា​ដើម​ក្រូច​ដ៏​ល្អ​មួយ​បង្កើត​បាន​ផ្លែ​ក្រូច​ដ៏​ល្អ នោះ​សាសនា​ពិត​ក៏​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​ល្អ​បាន​ដែរ។—ម៉ាថាយ ៧:១៥​-​២០

មិត្ដ​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​គម្ពីរ។ ពួក​គេ​ដឹង​ថា ព្រះ​គម្ពីរ​គឺ​មក​ពី​ព្រះ។ ពួក​គេ​អនុញ្ញាត​ឲ្យ​អ្វីៗ​ដែល​ព្រះ​គម្ពីរ​ចែង​មក​ដឹក​នាំ​ជីវិត​របស់​គេ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​គេ និង​ដើម្បី​ជួយ​គេ​ឲ្យ​រៀន​អំពី​ព្រះ។ (ធីម៉ូថេ​ទី២ ៣:១៦) ពួក​គេ​ខំ​ប្រព្រឹត្ដ​តាម​អ្វី​ដែល​គេ​ផ្សព្វ​ផ្សាយ​នោះ។

មិត្ដ​សំឡាញ់​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​នូវ​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​យេស៊ូ​បាន​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ដោយ​បង្រៀន​ពួក​គេ​អំពី​ព្រះ និង​ដោយ​ប្រោស​ឲ្យ​ជា​នូវ​អស់​អ្នក​ដែល​ឈឺ។ អស់​អ្នក​ដែល​កាន់​សាសនា​ពិត ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​ដែរ។ ដូច​ព្រះ​យេស៊ូ ពួក​គេ​មិន​មើល​ងាយ​អស់​អ្នក​ដែល​ក្រី​ក្រ ឬ​ដែល​មក​ពី​ពូជ​សាសន៍​ផ្សេង​នោះ​ទេ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា មនុស្ស​នឹង​ស្គាល់​ពួក​សិស្ស​របស់​ទ្រង់ ដោយ​សារ​សេចក្ដី​ស្រឡាញ់​ដែល​គេ​បង្ហាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។—យ៉ូហាន ១៣:៣៥

មិត្ដ​សំឡាញ់​របស់​ព្រះ​លើក​កិត្ដិ​យស​ដល់​ព្រះ​នាម​របស់​ព្រះ គឺ​យេហូវ៉ា។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​បាន​បដិសេធ​មិន​ព្រម​ប្រើ​ឈ្មោះ​របស់​អ្នក តើ​បុគ្គល​នោះ​ជា​មិត្ដ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក​ឬ​ទេ? អត់​ទេ! នៅ​ពេល​ដែល​យើង​មាន​មិត្ដ​ម្នាក់ យើង​ប្រើ​ឈ្មោះ​គាត់​ហើយ​យើង​ប្រាប់​ពី​អ្វី​ល្អៗ​អំពី​មិត្ដ​នោះ​ដល់​អ្នក​ដទៃ។ ដូច្នេះ​អស់​អ្នក​ដែល​មាន​ចិត្ដ​ប្រាថ្នា​ចង់​ធ្វើ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ គួរ​តែ​ប្រើ​ព្រះ​នាម​ទ្រង់​ហើយ​និយាយ​ប្រាប់​គេ​អំពី​ទ្រង់។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ៊ីចឹង​ដែរ។—ម៉ាថាយ ៦:៩; រ៉ូម ១០:១៣, ១៤

ដូច​ព្រះ​យេស៊ូ​ដែរ មិត្ដ​សំឡាញ់​របស់​ព្រះ​បង្រៀន​មនុស្ស​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ស្ថាន​សួគ៌​ដែល​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ​មួយ។ មិត្ដ​សំឡាញ់​របស់​ព្រះ​ចូល​រួម​ប្រាប់​អ្នក​ដទៃ​នូវ​ដំណឹង​ល្អ​នេះ ស្ដី​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។—ម៉ាថាយ ២៤:១៤

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​ធ្វើ​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ។ ពួក​គេ​គោរព​ព្រះ​គម្ពីរ និង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ចំណោម​ពួក​គេ។ ពួក​គេ​ក៏​ប្រើ​និង​លើក​កិត្ដិ​យស​ព្រះ​នាម​របស់​ព្រះ ព្រម​ទាំង​បង្រៀន​អ្នក​ដទៃ​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ផង​ដែរ។ នៅ​ផែន​ដី​សព្វ​ថ្ងៃ​នេះ គឺ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​កាន់​តាម​សាសនា​ពិត។