លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤

របៀប​ដែល​អ្នក​អាច​រៀន​អំពី​ព្រះ

របៀប​ដែល​អ្នក​អាច​រៀន​អំពី​ព្រះ

អ្នក​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា ដោយ​អាន​ព្រះ​គម្ពីរ។ ជា​យូរ​យារ​មក​ហើយ ព្រះ​បាន​ជ្រើស​រើស​មនុស្ស​ខ្លះ​ឲ្យ​សរសេរ​នូវ​គំនិត​របស់​ទ្រង់។ សេចក្ដី​ដែល​សរសេរ​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា ព្រះ​គម្ពីរ។ សព្វ​ថ្ងៃ​នេះ​យើង​រៀន​អំពី​ព្រះ​ដោយ​អាន​ព្រះ​គម្ពីរ។ ដោយ​ព្រោះ​ព្រះ​គម្ពីរ​មាន​បន្ទូល​ឬ​ក៏​ជា​សារ​របស់​ព្រះ​យេហូវ៉ា នោះ​ក៏​បាន​ត្រូវ​ហៅ​ថា បន្ទូល​របស់​ព្រះ​ដែរ។ យើង​អាច​ជឿ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​មក ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​ចេះ​កុហក​ឡើយ។ «ព្រះ​ទ្រង់​កុហក​ពុំ​បាន​ទេ»។ (ហេព្រើរ ៦:១៨) បន្ទូល​របស់​ព្រះ​មាន​សេចក្ដី​ពិត។—យ៉ូហាន ១៧:១៧

ព្រះ​គម្ពីរ​ជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​បំផុត​ពី​ព្រះ​ជូន​ដល់​យើង។ នេះ​គឺ​ប្រៀប​ដូច​នឹង​សំបុត្រ​ពី​បិតា​មួយ​រូប​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ សរសេរ​ទៅ​ឲ្យ​បុត្រា​បុត្រី​របស់​លោក។ ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ ដើម្បី​កែ​ប្រែ​ផែន​ដី​នេះ​ឲ្យ​បាន​ជា​កន្លែង​ដ៏​អស្ចារ្យ​ដើម្បី​រស់​នៅ គឺ​សួន​មនោ​រម្យ​មួយ។ ព្រះ​គម្ពីរ​ប្រាប់​យើង​នូវ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅ​អតីតកាល ពី​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​នៅ​បច្ចុប្បន្ន​កាល និង​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ​នៅ​នា​អនាគត​កាល សំ​រាប់​បុត្រា​បុត្រី​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់។ ព្រះ​គម្ពីរ​ក៏​ជួយ​យើង​លៃ​លក​ដោះ​ស្រាយ​បញ្ហា​របស់​យើង និង​រក​ឃើញ​នូវ​សុភមង្គល​ផង​ដែរ។—ធីម៉ូថេ​ទី២ ៣:១៦, ១៧

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​មិត្ដ​សំឡាញ់​របស់​ព្រះ ពួក​គេ​នឹង​ជួយ​អ្នក​ឲ្យ​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ អញ្ជើញ​ប្រាប់​គេ​តែ​ម្ដង​ថា អ្នក​ចង់​រៀន​ព្រះ​គម្ពីរ។ ពួក​គេ​មិន​គិត​លុយ​ពី​អ្នក​ដោយ​ធ្វើ​អ៊ីចឹង​ទេ។ (ម៉ាថាយ ១០:៨) បន្ថែម​ទៅ​ទៀត អ្នក​អាច​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គ្រីស្ទាន។ កិច្ច​ប្រជុំ​ទាំង​នេះ​គឺ​មាន​នៅ​កន្លែង​ថ្វាយ​បង្គំ ដែល​ហៅ​ថា សាល​ព្រះ​រាជាណាចក្រ។ ប្រសិន​បើ​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​គ្រីស្ទាន នោះ​អ្នក​នឹង​រីក​ចំរើន​យ៉ាង​លឿន​ខាង​ចំណេះ​របស់​អ្នក​អំពី​ព្រះ។

អ្នក​អាច​រៀន​អំពី​ព្រះ​ពី​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក។ ជា​ឧទាហរណ៍ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»។ (លោកុប្បត្ដិ ១:១) នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​«ផ្ទៃ​មេឃ» នោះ​ទ្រង់​បាន​បង្កើត​សុរិយា។ អ៊ីចឹង តើ​នេះ​ប្រាប់​យើង​យ៉ាង​ណា​អំពី​ព្រះ? នេះ​ប្រាប់​យើង​ថា ព្រះ​យេហូវ៉ា​មាន​ព្រះ​ចេស្តា​ដ៏​សម្បើម។ មាន​តែ​ទ្រង់​ទេ​ដែល​អាច​បង្កើត​អ្វី​មួយ​ដ៏​ខ្លាំង​ក្លា​ដូច​សុរិយា។ នេះ​ក៏​ប្រាប់​យើង​ថា ព្រះ​យេហូវ៉ា​គឺ​ប្រកប​ដោយ​ប្រាជ្ញា ដ្បិត​គឺ​ត្រូវ​ការ​ប្រាជ្ញា​ដើម្បី​បង្កើត​សុរិយា​ដែល​ផ្ដល់​ឲ្យ​កំដៅ​និង​ពន្លឺ​ដែល​មិន​ចេះ​រលត់​ឡើយ។

របស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក ក៏​បង្ហាញ​ថា​ទ្រង់​ស្រឡាញ់​យើង។ សូម​គិត​អំពី​ផ្លែ​ឈើ​ផ្សេងៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​លើ​ផែន​ដី​នេះ។ ព្រះ​យេហូវ៉ា​អាច​គ្រាន់​តែ​ផ្ដល់​នូវ​ផ្លែ​ឈើ​តែ​ម្យ៉ាង​សំ​រាប់​យើង ឬ​មិន​ផ្ដល់​ឲ្យ​ផង។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​យើង​នូវ​ផ្លែ​ឈើ​ច្រើន​យ៉ាង ដែល​មាន​រូប​រាង ទំហំ ពណ៌ និង​រស​ជាតិ​ច្រើន​យ៉ាង។ នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មិន​គ្រាន់​តែ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ក៏​ប៉ុន្ដែ​មាន​ព្រះ​ទ័យ​សទ្ធា ហើយ​ចេះ​យោគ​យល់ ព្រម​ទាំង​សប្បុរស​ទៀត​ផង។—ទំនុក​ដំកើង ១០៤:២៤