មេរៀនទី៥
មិត្ដសម្លាញ់របស់ព្រះនឹងរស់នៅក្នុងសួនឧទ្យាន
សួនមនោរម្យនឹងមិនមានសភាពដូចពិភពលោកដែលយើងរស់នៅឥឡូវនេះទេ។ ព្រះទ្រង់មិនដែលចង់ឲ្យផែនដីនេះពោរពេញទៅដោយបញ្ហានិងទុក្ខព្រួយ ការឈឺចាប់និងការរងទុក្ខវេទនាឡើយ។ នៅពេលអនាគត ព្រះនឹងធ្វើឲ្យផែនដីទៅជាសួនមនោរម្យ។ តើសួនមនោរម្យនេះនឹងមានសភាពយ៉ាងណា? សូមឲ្យយើងពិនិត្យមើលនូវអ្វីដែលព្រះគម្ពីរចែងប្រាប់:
មនុស្សល្អ។ សួនមនោរម្យនឹងជាទីលំនៅរបស់មិត្ដសំឡាញ់របស់ព្រះ។ ពួកគេនឹងប្រព្រឹត្ដល្អដល់គ្នាទៅវិញទៅមក។ ពួកគេនឹងរស់នៅស្របទៅតាមផ្លូវដ៏សុចរិតរបស់ព្រះ។—សុភាសិត ២:២១
មានម្ហូបអាហារបរិបូរ។ នៅក្នុងសួនមនោរម្យ នោះនឹងគ្មានការស្រេកឃ្លានឡើយ។ ព្រះគម្ពីរចែងថា៖ «នឹងមានស្រូវ[ឬក៏ម្ហូបអាហារ]ជាបរិបូរនៅលើផែនដី»។—ទំនុកដំកើង ៧២:១៦, ព.ថ.
ផ្ទះសម្បែងដ៏ល្អៗនិងកិច្ចការដែលគាប់ចិត្ដ។ នៅលើផែនដីមនោរម្យ ក្រុមគ្រួសារទាំងអស់នឹងមានផ្ទះរបស់ផងខ្លួន។ មនុស្សគ្រប់គ្នានឹងធ្វើការដែលនាំឲ្យមានសុភមង្គលពិត។—អេសាយ ៦៥:២១-២៣
សន្ដិភាពទូទាំងពិភពលោក។ មនុស្សនឹងលែងប្រយុទ្ធគ្នានិងស្លាប់ដោយសារសង្គ្រាមទៀតហើយ។ បន្ទូលរបស់ព្រះចែងថា៖ «[ព្រះ]ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់»។—សុខភាពដ៏ល្អ។ ព្រះគម្ពីរសន្យាថា៖ «ឯពួកអ្នកដែលនៅក្នុងក្រុង[ក្នុងទីមនោរម្យ]គេនឹងមិនថា៖ ‹ខ្ញុំឈឺទៀតឡើយ›»។ (អេសាយ ៣៣:២៤) ម្យ៉ាងទៀត នឹងគ្មានមនុស្សណាម្នាក់ពិការឬខ្វាក់ ឬថ្លង់ ឬគនោះឡើយ។—អេសាយ ៣៥:៥, ៦
ការឈឺចាប់ សេចក្ដីទុក្ខព្រួយ និងសេចក្ដីស្លាប់ដល់ទីអវសាន។ បន្ទូលរបស់ព្រះចែងថា៖ «នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។ ព្រះយេហូវ៉ាសន្យាថា៖ «មនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២២
មនុស្សនឹងស្រឡាញ់ហើយគោរពគ្នាទៅវិញទៅមក។ នឹងលែងមានភាពអយុត្ដិធម៌ ការជិះជាន់ សេចក្ដីលោភ និងសេចក្ដីស្អប់ទៀតហើយ។ មនុស្សនឹងរួបរួមគ្នា ហើយរស់នៅស្របទៅតាមផ្លូវដ៏សុចរិតរបស់ព្រះ។—អេសាយ ២៦:៩