មេរៀនទី១២
តើមានអ្វីកើតឡើងពេលយើងស្លាប់?
សេចក្ដីស្លាប់គឺផ្ទុយនឹងការមានជីវិត។ សេចក្ដីស្លាប់គឺប្រៀបដូចនឹងការដេកលក់យ៉ាងស៊ប់។ (យ៉ូហាន ១១:១១-១៤) ពួកមនុស្សស្លាប់មិនអាចស្តាប់ មើលឃើញ និយាយ ឬក៏គិតអំពីអ្វីនោះឡើយ។ (សាស្តា ៩:៥, ១០) សាសនាមិនពិតបង្រៀនថា មនុស្សស្លាប់ទៅឯពិភពវិញ្ញាណដើម្បីរស់នៅជាមួយនឹងជីដូនជីតារបស់គេ។ នេះមិនមែនជាអ្វីដែលព្រះគម្ពីរបង្រៀនឡើយ។
អស់អ្នកដែលបានស្លាប់ទៅហើយ មិនអាចជួយយើងនិងមិនអាចធ្វើទុក្ខដល់យើងឡើយ។ គឺជាការធម្មតាទេ ដែលមនុស្សធ្វើពិធីបុណ្យនិងយញ្ញបូជាផ្សេងៗ ដែលគេជឿថានឹងផ្គាប់ចិត្ដនូវអស់អ្នកដែលបានស្លាប់ហើយ។ នេះគឺមិនផ្គាប់ព្រះហឫទ័យព្រះនោះទេ ពីព្រោះវាមានមូលដ្ឋានទៅលើពាក្យភូតភរមួយរបស់សាតាំង។ ហើយនេះក៏មិនអាចផ្គាប់ចិត្ដមនុស្សស្លាប់នោះដែរ ពីព្រោះពួកគេឥតមានជីវិតទេ។ យើងមិនគួរភ័យខ្លាចឬថ្វាយបង្គំមនុស្សស្លាប់ឡើយ។ យើងគួរតែថ្វាយបង្គំព្រះតែប៉ុណ្ណោះ។—ម៉ាថាយ ៤:១០
ពួកមនុស្សស្លាប់នឹងរស់ម្ដងទៀត។ ព្រះយេហូវ៉ានឹងដាស់ពួកមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញនៅលើផែនដីមនោរម្យ។ ពេលវេលានោះគឺនៅអនាគតនៅឡើយ។ (យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥) ព្រះទ្រង់អាចដាស់អស់អ្នកដែលបានស្លាប់ទៅ ដូចជាអ្នកអាចដាស់បុគ្គលម្នាក់ដែលដេកលក់អ៊ីចឹង។—ម៉ាកុស ៥:២២, ២៣, ៤១, ៤២
គំនិតដែលថាយើងមិនស្លាប់ទេ គឺជាពាក្យភូតភរដែលបានត្រូវផ្សាយដោយអារក្សសាតាំង។ សាតាំងនិងពួកបិសាចរបស់វាធ្វើឲ្យមនុស្សគិតថា វិញ្ញាណនៃពួកមនុស្សស្លាប់គឺនៅរស់ ហើយថែមទាំងបណ្ដាលឲ្យមានជម្ងឺនិងបញ្ហាឯទៀតផងដែរ។ សាតាំងក៏បំភាន់មនុស្ស ជួនកាលតាមរយៈសុបិននិងចក្ខុនិមិត្ដ។ ព្រះយេហូវ៉ាផ្ដន្ទាទោសអស់អ្នកដែលខំនិយាយជាមួយមនុស្សស្លាប់។—ចោទិយកថា ១៨:១០-១២