មេរៀនទី៦៤
ដានីយ៉ែលនៅក្នុងរូងតោ
ស្ដេចស្រុកបាប៊ីឡូនម្នាក់ទៀតឈ្មោះដារីយុស ជាជនជាតិមេឌី យល់ឃើញថាដានីយ៉ែលជាមនុស្សពូកែ។ ដូច្នេះ ស្ដេចឲ្យដានីយ៉ែលធ្វើកិច្ចការសំខាន់សម្រាប់ស្រុកបាប៊ីឡូន។ ប៉ុន្តែ បុរសឯទៀតច្រណែននឹងដានីយ៉ែល ហើយចង់កម្ចាត់គាត់ចោល។ ពួកគេដឹងថា ដានីយ៉ែលមានទម្លាប់អធិដ្ឋានទៅព្រះយេហូវ៉ាមួយថ្ងៃបីដង។ ហេតុនេះ ពួកគេទៅជម្រាបដារីយុសថា៖ ‹ឱស្ដេចជាម្ចាស់ លោកគួរបង្កើតច្បាប់មួយដែលតម្រូវឲ្យមនុស្សគ្រប់រូប អធិដ្ឋានទៅស្ដេចតែម្នាក់ប៉ុណ្ណោះ។ អ្នកណាដែលមិនធ្វើតាមច្បាប់នេះ អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ›។ ដារីយុសយល់ព្រម ហើយចុះហត្ថលេខាលើច្បាប់នោះ។
ពេលដានីយ៉ែលឮអំពីច្បាប់ថ្មីភ្លាម គាត់ក៏ទៅផ្ទះវិញ។ នៅមុខបង្អួច គាត់លុតជង្គង់អធិដ្ឋានទៅព្រះយេហូវ៉ា។ ពួកបុរសដែលមានចិត្តច្រណែន ក៏ស្ទុះចូលទៅចាប់គាត់ដែលកំពុងអធិដ្ឋាន។ ពួកគេរត់ទៅប្ដឹងស្ដេចដារីយុសថា៖ ‹ដានីយ៉ែលបានល្មើសច្បាប់របស់ស្ដេច។ គាត់នៅតែអធិដ្ឋានទៅព្រះរបស់គាត់មួយថ្ងៃបីដង!›។ ប៉ុន្តែ ស្ដេចចូលចិត្តដានីយ៉ែល ហើយមិនចង់ឲ្យគាត់ស្លាប់ទេ។ ពេញមួយថ្ងៃ ស្ដេចខំរិះរកវិធីដើម្បីជួយដានីយ៉ែល។ ប៉ុន្តែ ច្បាប់ដែលស្ដេចចុះហត្ថលេខាហើយ សូម្បីតែស្ដេចផ្ទាល់ក៏មិនអាចកែប្រែបានដែរ។ ទីបំផុត ស្ដេចបានបញ្ជាគេឲ្យបោះដានីយ៉ែលទៅក្នុងរូង ដែលពេញដោយសត្វតោដ៏កាចសាហាវ។
នៅយប់នោះ ស្ដេចដារីយុសព្រួយចិត្តអំពីដានីយ៉ែល រហូតដល់
គេងមិនលក់។ លុះព្រឹកឡើង គាត់រត់ទៅឯរូងតោ ហើយស្រែកសួរដានីយ៉ែលថា៖ ‹តើព្រះរបស់អ្នកបានសង្គ្រោះអ្នកទេ?›។ដារីយុសឮសំឡេងមួយចេញពីក្នុងរូងតោ គឺសំឡេងដានីយ៉ែលតបមកស្ដេចថា៖ ‹ទេវតារបស់ព្រះយេហូវ៉ាបានបិទមាត់តោ។ ពួកវាមិនបានធ្វើបាបខ្ញុំទេ›។ ឮដូច្នេះ ដារីយុសសប្បាយចិត្តណាស់! ស្ដេចបញ្ជាគេឲ្យយកដានីយ៉ែលចេញពីរូងតោ។ ដានីយ៉ែលគ្មានរបួសអ្វីសោះ។ រួចមក ស្ដេចបង្គាប់ថា៖ ‹ចូរបោះពួកបុរសដែលចោទប្រកាន់ដានីយ៉ែលទៅក្នុងរូងតោវិញ›។ ពេលបុរសទាំងនោះធ្លាក់ក្នុងរូងតោភ្លាម សត្វតោក៏ហក់លេបត្របាក់ពួកគេភ្លែត។
ដារីយុសបានចេញបង្គាប់ដល់បណ្ដារាស្ត្រថា៖ ‹អ្នករាល់គ្នាត្រូវគោរពកោតខ្លាចព្រះរបស់ដានីយ៉ែល ពីព្រោះលោកបានសង្គ្រោះដានីយ៉ែលពីសត្វតោ›។
តើអ្នកអធិដ្ឋានទៅព្រះយេហូវ៉ារាល់ថ្ងៃដូចដានីយ៉ែលឬទេ?
«ព្រះយេហូវ៉ាស្គាល់វិធីសង្គ្រោះមនុស្សដែលមានភក្ដីភាពចំពោះលោកឲ្យរួចពីទុក្ខលំបាក»។—ពេត្រុសទី២ ២:៩