មេរៀនទី៦២
រាជាណាចក្រមួយដែលប្រៀបដូចជាដើមឈើធំ
នៅរាត្រីមួយ នេប៊ូក្នេសាបានសុបិនឃើញអ្វីមួយដែលធ្វើឲ្យគាត់តក់ស្លុតជាខ្លាំង។ ស្ដេចបានហៅពួកអ្នកប្រាជ្ញឲ្យមកបកស្រាយអត្ថន័យ តែពួកគេមិនអាចបកស្រាយបានទេ។ នៅទីបំផុត ស្ដេចបានសួរដានីយ៉ែល។
នេប៊ូក្នេសាប្រាប់ដានីយ៉ែលថា៖ ‹ខ្ញុំសុបិនឃើញដើមឈើធំមួយ វាលូតខ្ពស់កប់ពពក។ មនុស្សទាំងអស់នៅផែនដីអាចឃើញដើមនោះ។ វាមានស្លឹកត្រសុំត្រសាយស្អាតណាស់ ហើយមានផលផ្លែជាច្រើន។ ដើមនោះផ្ដល់ម្លប់ដល់សត្វនៅឯវាល ហើយសត្វស្លាបនាំគ្នាមកធ្វើសម្បុកលើមែករបស់វា។ រួចមានទេវតាមួយចុះពីលើមេឃ ហើយបន្លឺសំឡេងថា៖ «ចូរកាប់ដើមនោះ ហើយលួសមែក។ ប៉ុន្តែ គល់និងឫសនៅក្នុងដីត្រូវទុកចោល ទាំងដាក់វ័ណ្ឌដែកនិងស្ពាន់នៅជុំវិញគល់នោះ។ ចំណែកឯចិត្តដើមឈើនោះនឹងត្រូវផ្លាស់ប្រែ គឺពីចិត្តមនុស្សទៅជាចិត្តរបស់សត្វវិញ រហូតដល់គម្រប់៧គ្រា។ រួចមក មនុស្សទាំងអស់នឹងដឹងថាព្រះគឺជាអ្នកគ្រប់គ្រង ហើយថាលោកអាចប្រគល់រាជាណាចក្រឲ្យអ្នកណាក៏បានតាមតែចិត្តលោក»›។
ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យដានីយ៉ែលយល់អត្ថន័យសុបិននោះ។ ពេលបានយល់អត្ថន័យ ដានីយ៉ែលក៏ភ័យខ្លាច។ គាត់ជម្រាបស្ដេចថា៖ ‹ឱស្ដេចជាម្ចាស់! សូមឲ្យសុបិននោះកើតឡើងចំពោះសត្រូវរបស់លោក តែសុបិននោះគឺអំពីលោក។ ដើមឈើដ៏ធំដែលបានត្រូវកាប់ចោលនោះ គឺជាលោក។ លោកនឹងបាត់បង់រាជាណាចក្រ ហើយលោកនឹងបរិភោគស្មៅនៅឯវាលដូចជាសត្វព្រៃ។ ប៉ុន្តែ ដោយសារទេវតាប្រាប់ថា ត្រូវទុកឫសនិងគល់ នោះលោកនឹងធ្វើជាស្ដេចម្ដងទៀត›។
មួយឆ្នាំក្រោយមក ពេលនេប៊ូក្នេសាកំពុងដើរលើដំបូលវិមាន គាត់សម្លឹងមើលក្រុងបាប៊ីឡូនដោយមានមោទនភាព។ គាត់ពោលថា៖ ‹សូមមើលក្រុងដ៏រុងរឿងដែលខ្ញុំបានសង់ឡើង! ម្ដេចបានជាខ្ញុំអស្ចារ្យម្ល៉េះ›។ កាលដែលគាត់និយាយនៅឡើយ ស្រាប់តែមានសំឡេងពីលើមេឃមកថា៖ ‹នេប៊ូក្នេសា! រាជាណាចក្រនេះបានត្រូវដកចេញពីអ្នកហើយ›។
រំពេចនោះ នេប៊ូក្នេសាក៏វង្វេងស្មារតី ហើយគាត់ចាប់ផ្ដើមប្រព្រឹត្តដូចជាសត្វព្រៃ។ ដូច្នេះ គាត់បានត្រូវបណ្ដេញចេញពីវិមានឲ្យទៅរស់នៅជាមួយនឹងសត្វព្រៃ។ ចំណែកឯសក់ក្បាលគាត់គឺវែងដូចជារោមឥន្ទ្រី ហើយក្រចកគាត់គឺវែងដូចជាក្រញាំសត្វស្លាប។
លុះ៧ឆ្នាំកន្លងផុតទៅ នេប៊ូក្នេសាបានជាឡើងវិញ ហើយព្រះយេហូវ៉ាបានឲ្យគាត់ធ្វើជាស្ដេចស្រុកបាប៊ីឡូនម្ដងទៀត។ រួចមក នេប៊ូក្នេសានិយាយថា៖ ‹ខ្ញុំសូមសរសើរតម្កើងព្រះ
យេហូវ៉ាជាស្ដេចនៃស្ថានសួគ៌។ ឥឡូវខ្ញុំដឹងថា ព្រះយេហូវ៉ាគឺជាអ្នកគ្រប់គ្រង។ លោកបានបន្ទាបពួកអ្នកដែលមានអំណួត ហើយលោកអាចប្រគល់រាជាណាចក្រដល់អ្នកណាក៏បានតាមតែចិត្តលោក›។«អំណួតនាំឲ្យវិនាស ហើយភាពក្រអឺតក្រទមនាំឲ្យដួលចុះ»។—សុភាសិត ១៦:១៨