លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦១

ពួកគាត់មិនព្រមក្រាបគោរពទេ

ពួកគាត់មិនព្រមក្រាបគោរពទេ

មួយ​រយៈ​ក្រោយ​ពី​សុបិន​ឃើញ​រូប​ដ៏​ធំ​សម្បើម ស្ដេច​នេប៊ូក្នេសា​បាន​ធ្វើ​រូប​ចម្លាក់​មាស​ដ៏​ធំ​មួយ ហើយ​ដំឡើង​រូប​នោះ​នៅ​ឯ​វាល​ឌូរ៉ា។ បន្ទាប់​មក ស្ដេច​កោះ​ហៅ​មន្ត្រី​ធំ​ៗ​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​រូប​ចម្លាក់​នោះ រួម​ទាំង​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ។ រួច​ស្ដេច​បង្គាប់​ថា​៖ ‹ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ផ្លុំ​ស្នែង ប៉ី ពិណ និង​ឃឹម អ្នក​រាល់​គ្នា​ត្រូវ​ក្រាប​គោរព​រូប​នោះ! អ្នក​ណា​ដែល​មិន​ក្រាប​គោរព អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង›។ តើ​យុវជន​ហេប្រឺ​ទាំង​បី​នាក់​នេះ​នឹង​ក្រាប​គោរព​រូប​ចម្លាក់ ឬ​ក៏​ពួក​គាត់​នឹង​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ?

បន្ទាប់​មក ស្ដេច​បាន​បញ្ជា​ឲ្យ​គេ​លេង​ភ្លេង។ គ្រប់​គ្នា​បាន​ក្រាប​គោរព​រូប​ចម្លាក់ លើក​លែង​តែ​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ។ អ្នក​ខ្លះ​ដែល​បាន​ឃើញ ក៏​ជម្រាប​ស្ដេច​ថា​៖ ‹យុវជន​ហេប្រឺ​ទាំង​បី​នាក់​នោះ មិន​ក្រាប​គោរព​រូប​ចម្លាក់​របស់​ស្ដេច​ទេ›។ ដូច្នេះ ស្ដេច​នេប៊ូក្នេសា​ចាត់​គេ​ឲ្យ​នាំ​ពួក​គាត់​មក​ជួប រួច​ប្រាប់​ថា​៖ ‹ខ្ញុំ​ទុក​ឱកាស​ម្ដង​ទៀត​ឲ្យ​ពួក​អ្នក។ បើ​ពួក​អ្នក​មិន​ក្រាប​គោរព​ទេ ខ្ញុំ​នឹង​បោះ​ពួក​អ្នក​ទៅ​ក្នុង​ឡ​ភ្លើង។ គ្មាន​ព្រះ​ណា​អាច​សង្គ្រោះ​ពួក​អ្នក​ពី​ដៃ​របស់​ខ្ញុំ​ឡើយ›។ ពួក​គាត់​ឆ្លើយ​ថា​៖ ‹ឱ​ស្ដេច​ជា​ម្ចាស់ យើង​មិន​ត្រូវ​ការ​ឱកាស​ម្ដង​ទៀត​ទេ។ ព្រះ​របស់​យើង​អាច​សង្គ្រោះ​យើង​បាន។ ប៉ុន្តែ ទោះ​ជា​លោក​មិន​សង្គ្រោះ​យើង​ក៏​ដោយ ក៏​យើង​មិន​ក្រាប​គោរព​រូប​នោះ​ដែរ›។

ស្ដេច​នេប៊ូក្នេសា​ខឹង​ខ្លាំង​ណាស់ ក៏​បញ្ជា​អ្នក​បម្រើ​ថា​៖ ‹ចូរ​ដុត​ឡ​ឲ្យ​ក្ដៅ​ជាង​ធម្មតា​៧​ដង!›។ រួច​ស្ដេច​ប្រាប់​ពួក​ទាហាន​ថា​៖ ‹ចូរ​ចង​ពួក​គេ​ទាំង​បី​នាក់​នេះ ហើយ​បោះ​ទៅ​ក្នុង​ឡ​ទៅ!›។ ប៉ុន្តែ ដោយ​សារ​ឡ​ភ្លើង​ក្ដៅ​ដល់​ម្ល៉េះ ពេល​ពួក​ទាហាន​នាំ​យុវជន​ទាំង​បី​នាក់​នោះ​ទៅ​បោះ​ក្នុង​ឡ ពួក​គេ​ក៏​ត្រូវ​អណ្ដាត​ភ្លើង​ឆេះ​ស្លាប់​នៅ​នឹង​កន្លែង។ ពេល​នោះ​ស្ដេច​ខំ​មើល​ទៅ​ក្នុង​ឡ ក៏​ឃើញ​បុរស​បួន​នាក់​កំពុង​ដើរ​ក្នុង​ឡ​នោះ មិន​មែន​បី​នាក់​ទេ។ ស្ដេច​ភ័យ​រន្ធត់​ជា​ខ្លាំង ហើយ​សួរ​ពួក​មន្ត្រី​ថា​៖ ‹ក្រែង​យើង​បោះ​បុរស​បី​នាក់​ចូល​ទៅ​ក្នុង​ឡ មែន​ទេ? ម្ដេច​បាន​ជា​ខ្ញុំ​ឃើញ​មាន​បួន​នាក់ ហើយ​អ្នក​ទី​៤​មើល​ទៅ​ដូច​ជា​ទេវតា!›។

នេប៊ូក្នេសា​បាន​ចូល​ទៅ​ជិត​មាត់​ឡ ហើយ​ស្រែក​ថា​៖ ‹ឱ​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​អើយ ចូរ​ចេញ​មក!›។ មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ណាស់ ពេល​ឃើញ​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ ដើរ​ចេញ​ពី​ក្នុង​ឡ​ភ្លើង​ដោយ​មិន​មាន​របួស។ សូម្បី​តែ​ស្បែក សក់​ក្បាល និង​សម្លៀក​បំពាក់​របស់​ពួក​គាត់​មិន​បាន​ឆេះ​ឡើយ ឯ​ខ្លួន​ប្រាណ​ពួក​គាត់​វិញ​ក៏​គ្មាន​ក្លិន​ឈ្ងៀម​ដែរ។

បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​និយាយ​ថា​៖ ‹ព្រះ​របស់​សាដ្រាក់ មេសាក់ និង​អាបេឌនេកោ គឺ​អស្ចារ្យ​ណាស់! លោក​បាន​ចាត់​ទេវតា​ឲ្យ​មក​សង្គ្រោះ​ពួក​គាត់។ គ្មាន​ព្រះ​ណា​ដូច​ព្រះ​របស់​ពួក​គាត់​ឡើយ›។

ដូច​យុវជន​ហេប្រឺ​ទាំង​បី​នាក់ តើ​អ្នក​តាំង​ចិត្ត​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»។—ម៉ាថាយ ៤:១០