លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៦៨

អេលីសាបិតមានកូន

អេលីសាបិតមានកូន

ជាង​៤០០​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​កំពែង​ក្រុង​យេរូសាឡិម​បាន​ត្រូវ​សង់​ឡើង​វិញ។ នៅ​ជិត​ក្រុង​យេរូសាឡិម មាន​សង្ឃ​ម្នាក់​ឈ្មោះ​សាការី និង​ប្រពន្ធ​ឈ្មោះ​អេលីសាបិត។ ពួក​គាត់​បាន​រៀប​ការ​អស់​ជា​ច្រើន​ឆ្នាំ តែ​គ្មាន​កូន​សោះ។ នៅ​ថ្ងៃ​មួយ ពេល​សាការី​កំពុង​ជូន​គ្រឿង​បូជា​នៅ​បន្ទប់​បរិសុទ្ធ​ក្នុង​វិហារ ទេវតា​កាព្រីយ៉ែល​បាន​លេច​មក​ជួប​គាត់។ នេះ​បាន​ធ្វើ​ឲ្យ​គាត់​ភ័យ​តក់​ស្លុត តែ​កាព្រីយ៉ែល​ប្រាប់​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ខ្ញុំ​នាំ​ដំណឹង​ល្អ​ពី​ព្រះ​យេហូវ៉ា​មក​ប្រាប់​អ្នក។ អេលីសាបិត​ប្រពន្ធ​របស់​អ្នក នឹង​មាន​កូន​ប្រុស​មួយ។ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​ថា​យ៉ូហាន។ ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យ៉ូហាន​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​ពិសេស​មួយ›។ សាការី​សួរ​ថា​៖ ‹តើ​ខ្ញុំ​អាច​ជឿ​ដូច​ម្ដេច​បាន? ដោយ​សារ​ខ្ញុំ​និង​ប្រពន្ធ​ចាស់​ណាស់​ហើយ មិន​អាច​មាន​កូន​បាន​ទេ›។ កាព្រីយ៉ែល​និយាយ​ថា​៖ ‹ព្រះ​ចាត់​ខ្ញុំ​ឲ្យ​នាំ​ដំណឹង​នេះ​មក​ប្រាប់​អ្នក។ តែ​ដោយ​សារ​អ្នក​មិន​ជឿ​ខ្ញុំ អ្នក​នឹង​មិន​អាច​និយាយ​បាន រហូត​ដល់​កូន​នោះ​កើត​មក›។

សាការី​នៅ​ក្នុង​វិហារ​យូរ​ជាង​ធម្មតា។ ដូច្នេះ ពេល​គាត់​ចេញ​មក​វិញ អស់​អ្នក​ដែល​រង់​ចាំ​នៅ​ខាង​ក្រៅ ចង់​ដឹង​ថា​មាន​អ្វី​កើត​ឡើង។ ប៉ុន្តែ សាការី​មិន​អាច​និយាយ​បាន​ទេ គ្រាន់​តែ​ធ្វើ​កាយ​វិការ​ប៉ុណ្ណោះ។ ហេតុ​នេះ ពួក​គេ​ដឹង​ថា​សាការី​ទើប​បាន​ទទួល​ព័ត៌មាន​ពី​ព្រះ។

ក្រោយ​មក​អេលីសាបិត​មាន​ផ្ទៃ​ពោះ ហើយ​កើត​បាន​កូន​ប្រុស​មួយ ដូច​អ្វី​ដែល​ទេវតា​បាន​និយាយ។ មិត្ត​ភក្តិ​និង​សាច់​ញាតិ​របស់​នាង​នាំ​គ្នា​មក​មើល​កូន​នោះ ពួក​គេ​សប្បាយ​រីករាយ​ជា​មួយ​នឹង​នាង។ អេលីសាបិត​ប្រាប់​ថា​៖ ‹កូន​នេះ​ឈ្មោះ​យ៉ូហាន›។ ពួក​គេ​និយាយ​ថា​៖ ‹ក្នុង​ញាតិ​សន្ដាន​របស់​នាង​គ្មាន​ឈ្មោះ​យ៉ូហាន​ទេ។ ត្រូវ​ដាក់​ឈ្មោះ​កូន​នេះ​ថា​សាការី តាម​ឈ្មោះ​ឪ​ពុក​របស់​កូន›។ ប៉ុន្តែ សាការី​បាន​សរសេរ​អក្សរ​ថា​៖ ​«​កូន​នេះ​ឈ្មោះ​យ៉ូហាន​»។ រំពេច​នោះ ស្រាប់​តែ​គាត់​អាច​និយាយ​បាន​វិញ! ដំណឹង​អំពី​ទារក​នេះ​បាន​សាយ​ភាយ​ពេញ​តំបន់​យូឌា ហើយ​មនុស្ស​ម្នា​ឆ្ងល់​ថា​៖ ‹តើ​ទារក​នេះ​ធំ​ឡើង​នឹង​ទៅ​ជា​យ៉ាង​ណា?›។

បន្ទាប់​មក សាការី​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ គាត់​បាន​និយាយ​ជា​ទំនាយ​ថា​៖ ‹សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ។ លោក​បាន​សន្យា​ជា​មួយ​អាប្រាហាំ​ថា លោក​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​គឺ​មេស្ស៊ី ឲ្យ​មក​រំដោះ​យើង។ យ៉ូហាន​នឹង​ទៅ​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ហើយ​គាត់​នឹង​រៀប​ចំ​ផ្លូវ​សម្រាប់​មេស្ស៊ី›។

រឿង​ដ៏​អស្ចារ្យ​មួយ​ទៀត ក៏​បាន​កើត​ឡើង​ដល់​ម៉ារៀ​ជា​សាច់​ញាតិ​របស់​អេលីសាបិត​ដែរ។ សូម​យើង​មើល​អំពី​រឿង​នេះ​ក្នុង​មេ​រៀន​បន្ទាប់។

​«​មនុស្ស​មិន​អាច​សម្រេច​ការ​នេះ​បាន​ឡើយ ប៉ុន្តែ​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។—ម៉ាថាយ ១៩:២៦