លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨៤

លោកយេស៊ូដើរលើទឹក

លោកយេស៊ូដើរលើទឹក

ក្រៅ​ពី​ជួយ​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ និង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ លោក​យេស៊ូ​ក៏​អាច​គ្រប់​គ្រង​លើ​ខ្យល់​និង​ភ្លៀង​បាន​ដែរ។ បន្ទាប់​ពី​លោក​អធិដ្ឋាន​នៅ​លើ​ភ្នំ លោក​បាន​មើល​ទៅ​សមុទ្រ​កាលីឡេ ហើយ​ឃើញ​ខ្យល់​ព្យុះ។ ពួក​សាវ័ក​ខំ​ប្រឹង​ចែវ​ទូក​កាត់​ព្យុះ​នោះ។ លោក​ក៏​ចុះ​ពី​ភ្នំ ហើយ​ដើរ​លើ​ទឹក​ទៅ​រក​ពួក​គាត់។ ពេល​ពួក​សាវ័ក​ឃើញ​មនុស្ស​ដើរ​លើ​ទឹក ពួក​គាត់​តាំង​ភ័យ​ខ្លាច​ជា​ខ្លាំង។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​គឺ​ខ្ញុំ​ទេ។ កុំ​ខ្លាច​ឡើយ​»។

ពេត្រុស​និយាយ​ថា​៖ ​«​លោក​ម្ចាស់! បើ​ពិត​ជា​លោក​មែន សូម​ឲ្យ​ខ្ញុំ​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​ផង​»។ លោក​យេស៊ូ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​មក​ចុះ!​»។ ដូច្នេះ ពេត្រុស​ចុះ​ពី​ទូក​កាត់​ព្យុះ ដើរ​ទៅ​រក​លោក​យេស៊ូ​នៅ​លើ​ទឹក។ ប៉ុន្តែ ពេល​ដើរ​ជិត​ដល់​លោក គាត់​បាន​មើល​ទៅ​ខ្យល់​ព្យុះ ក៏​ភ័យ​ស្លន់​ស្លោ។ គាត់​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​លិច​ទៅ​ក្នុង​ទឹក។ ដូច្នេះ គាត់​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!​»។ លោក​យេស៊ូ​លូក​ដៃ​ទៅ​ចាប់​គាត់ ហើយ​តប​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​ចាប់​ផ្ដើម​សង្ស័យ? តើ​ជំនឿ​របស់​អ្នក​បាត់​ទៅ​ណា?›។

ក្រោយ​ពី​លោក​យេស៊ូ​និង​ពេត្រុស​ឡើង​ទូក ខ្យល់​ព្យុះ​ស្ងប់​បាត់​មួយ​រំពេច។ សូម​ស្រមៃ​គិត តើ​ពួក​សាវ័ក​មាន​អារម្មណ៍​យ៉ាង​ណា? ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​លោក​ពិត​ជា​បុត្រ​របស់​ព្រះ​មែន​»។

នេះ​មិន​មែន​តែ​មួយ​លើក​ទេ ដែល​លោក​យេស៊ូ​បាន​គ្រប់​គ្រង​លើ​អាកាសធាតុ។ នៅ​ពេល​មួយ​ទៀត លោក​យេស៊ូ​និង​ពួក​សាវ័ក​ជិះ​ទូក​ឆ្លង​សមុទ្រ ហើយ​លោក​បាន​សម្រាន្ត​លក់​នៅ​កន្សៃ​ទូក។ ខណៈ​នោះ​កើត​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។ រលក​កញ្ជ្រោល​វាយ​ខ្ទប់​ទូក រហូត​ដល់​ទឹក​ចូល​ជិត​ពេញ។ ពួក​សាវ័ក​ទៅ​ដាស់​លោក​យេស៊ូ ទាំង​ស្រែក​ឡើង​ថា​៖ ‹លោក​គ្រូ យើង​ជិត​ស្លាប់​ហើយ! សូម​ជួយ​យើង​ផង!›។ លោក​យេស៊ូ​ងើប​ឡើង ហើយ​បង្គាប់​ទៅ​សមុទ្រ​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។ រួច​ខ្យល់​និង​សមុទ្រ​បាន​ស្ងប់​បាត់​ភ្លាម។ លោក​យេស៊ូ​សួរ​ពួក​សាវ័ក​ថា​៖ ‹តើ​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាត់​ទៅ​ណា?›។ ពួក​គាត់​និយាយ​គ្នា​ថា​៖ ​«​សូម្បី​តែ​ខ្យល់​និង​សមុទ្រ ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​»។ ពួក​សាវ័ក​បាន​រៀន​ថា បើ​ពួក​គាត់​ទុក​ចិត្ត​លោក​យេស៊ូ​ទាំង​ស្រុង នោះ​ពួក​គាត់​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ។

​«​តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា បើ​ខ្ញុំ​មិន​ជឿ​ជាក់​ថា​ខ្ញុំ​នឹង​ឃើញ​គុណធម៌​របស់​ព្រះ​យេហូវ៉ា ក្នុង​ចំណោម​មនុស្ស​រស់?​»។—ចម្រៀង​សរសើរ​ព្រះ ២៧:១៣