លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨២

លោកយេស៊ូបង្រៀនអ្នកកាន់តាមអំពីការអធិដ្ឋាន

លោកយេស៊ូបង្រៀនអ្នកកាន់តាមអំពីការអធិដ្ឋាន

ពួក​ផារិស៊ី​ធ្វើ​អ្វី​ៗ​ទាំង​អស់ ព្រោះ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​ពួក​គេ។ ពួក​គេ​ធ្វើ​អំពើ​ល្អ​និង​អធិដ្ឋាន​នៅ​ទី​សាធារណៈ ដើម្បី​ឲ្យ​បណ្ដា​ជន​ស្រួល​ឃើញ​អ្វី​ដែល​ពួក​គេ​ធ្វើ។ ពួក​ផារិស៊ី​ទន្ទេញ​ចាំ ហើយ​សូត្រ​ការ​អធិដ្ឋាន​យូរ​ៗ ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​កាច់​ជ្រុង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​ឯ​ទៀត​ឮ​ពួក​គេ។ ហេតុ​នេះ បណ្ដា​ជន​ភ្ញាក់​ផ្អើល​ពេល​ឮ​លោក​យេស៊ូ​បង្រៀន​ថា​៖ ‹កុំ​អធិដ្ឋាន​ដូច​ពួក​ផារិស៊ី។ ពួក​គេ​គិត​ថា​ការ​ពោល​ពាក្យ​ជា​ច្រើន​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត តែ​នោះ​មិន​មែន​ទេ។ ការ​អធិដ្ឋាន​គឺ​ជា​ការ​សន្ទនា​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ កុំ​និយាយ​ពាក្យ​ដដែល​ៗ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ប្រាប់​លោក​អំពី​អារម្មណ៍​ពិត​របស់​អ្នក។

‹ចូរ​អ្នក​រាល់​គ្នា​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​លោក​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»​›។ លោក​យេស៊ូ​ក៏​ប្រាប់​ដែរ​ថា ពួក​គេ​គួរ​អធិដ្ឋាន​សុំ​អាហារ​សម្រាប់​ថ្ងៃ​នេះ សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​ចំពោះ​កំហុស​របស់​ខ្លួន និង​អធិដ្ឋាន​រឿង​ផ្ទាល់​ខ្លួន​ផ្សេង​ទៀត។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹កុំ​ឈប់​អធិដ្ឋាន​ឡើយ។ ចូរ​បន្ត​សុំ​អ្វី​ល្អ​ៗ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​អ្នក។ ឪ​ពុក​ម្ដាយ​គ្រប់​រូប​ចង់​ឲ្យ​របស់​ល្អ​ៗ​ដល់​កូន។ បើ​កូន​សុំ​នំ​ប៉័ង តើ​នឹង​ឲ្យ​ដុំ​ថ្ម​ទៅ​កូន​ឬ? បើ​កូន​សុំ​ត្រី តើ​នឹង​ឲ្យ​ពស់​ទៅ​កូន​ទេ?›។

បន្ទាប់​មក លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ‹បើ​អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន នោះ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា ប្រាកដ​ជា​នឹង​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​ច្រើន​ជាង​នោះ​ទៅ​ទៀត​ដល់​អ្នក។ ប៉ុន្តែ អ្នក​ត្រូវ​បន្ត​សុំ​ឥត​ឈប់›។ តើ​អ្នក​កំពុង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ឬ​ទេ? តើ​អ្នក​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?

​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។—ម៉ាថាយ ៧:៧