មេរៀនទី៨៦
លោកយេស៊ូប្រោសឡាសាឲ្យរស់ឡើងវិញ
លោកយេស៊ូមានមិត្តជិតស្និទ្ធបីនាក់ដែលរស់នៅក្នុងភូមិបេថានី គឺឡាសានិងបងស្រីរបស់គាត់ពីរនាក់ ម្នាក់ឈ្មោះម៉ាថា ហើយម្នាក់ទៀតឈ្មោះម៉ារៀ។ ថ្ងៃមួយ ពេលលោកយេស៊ូនៅត្រើយម្ខាងនៃទន្លេយ៉ូដាន់ ម៉ាថានិងម៉ារៀបានចាត់គេឲ្យទៅជម្រាបលោកយេស៊ូជាបន្ទាន់ថា៖ ‹ឡាសាឈឺធ្ងន់ណាស់។ សូមលោកប្រញាប់មក!›។ ប៉ុន្តែ លោកមិនបានទៅភ្លាមៗទេ លោករង់ចាំពីរថ្ងៃសិន។ ក្នុងចន្លោះពេលនោះ ឡាសាក៏ស្លាប់។ រួចមក លោកប្រាប់ពួកអ្នកកាន់តាមថា៖ ‹ចូរយើងទៅភូមិបេថានី។ ឡាសាកំពុងដេកលក់ ហើយខ្ញុំនឹងទៅដាស់គាត់ឲ្យក្រោកឡើង›។ ពួកសាវ័កនិយាយថា៖ ‹បើឡាសាដេកលក់ នោះគាត់នឹងឆាប់ជា›។ ដូច្នេះ លោកយេស៊ូប្រាប់ពួកគាត់យ៉ាងច្បាស់ថា៖ «ឡាសាបានស្លាប់ហើយ»។
ពេលលោកយេស៊ូទៅដល់ភូមិបេថានី សពឡាសាបានត្រូវបញ្ចុះអស់បួនថ្ងៃហើយ។ មនុស្សជាច្រើនបានមកសម្រាលទុក្ខម៉ាថានិងម៉ារៀ។ កាលម៉ាថាឮថាលោកយេស៊ូមក នាងចេញយ៉ាងលឿនទៅជួបលោក។ នាងនិយាយថា៖ «លោកម្ចាស់ បើលោកបាននៅទីនេះ ប្អូនប្រុសខ្ញុំនឹងមិនស្លាប់ទេ»។ លោកយេស៊ូប្រាប់នាងថា៖ ‹ប្អូនប្រុសនាងនឹងរស់ឡើងវិញ។ តើនាងជឿទេម៉ាថា?›។ នាងឆ្លើយថា៖ ‹ខ្ញុំជឿថាគាត់នឹងរស់ឡើងវិញ›។ លោកយេស៊ូប្រាប់នាងថា៖«ការរស់ឡើងវិញនិងការមានជីវិត គឺដោយសារខ្ញុំ»។
បន្ទាប់មក ម៉ាថាទៅប្រាប់ម៉ារៀថា៖ ‹លោកយេស៊ូមកហើយ›។ ម៉ារៀរត់ចេញទៅជួបលោកយេស៊ូភ្លាម ហើយមនុស្សជាច្រើនក៏ចេញទៅតាមនាងដែរ។ នាងក្រាបនៅជិតជើងលោកយេស៊ូ ទាំងយំឥតឈប់។ នាងនិយាយថា៖ ‹លោកម្ចាស់ បើលោកនៅទីនេះ ប្អូនប្រុសខ្ញុំច្បាស់ជាមិនស្លាប់ទេ!›។ ពេលលោកយេស៊ូឃើញក្ដីឈឺចាប់របស់នាង លោកក៏ស្រក់ទឹកភ្នែក។ កាលក្រុមមនុស្សឃើញលោកស្រក់ទឹកភ្នែក ពួកគេនិយាយគ្នាថា៖ ‹លោកយេស៊ូស្រឡាញ់ឡាសាខ្លាំងណាស់›។ ប៉ុន្តែ អ្នកខ្លះឆ្ងល់ថា៖ ‹ហេតុអ្វីលោកមិនជួយមិត្តភក្ដិរបស់លោក?›។ តើលោកយេស៊ូនឹងធ្វើអ្វីបន្ទាប់មកទៀត?
លោកយេស៊ូបានចេញទៅឯផ្នូរ។ នៅទីនោះ មានថ្មធំមួយបិទមាត់រូងទីបញ្ចុះសព។ លោកបង្គាប់ថា៖ ‹ចូរយកថ្មនេះចេញ›។ ម៉ាថានិយាយទៅលោកថា៖ ‹តែលោកម្ចាស់ បួនថ្ងៃបានកន្លងទៅហើយ។ សពច្បាស់ជាធំក្លិន!›។ ទោះជាយ៉ាងនោះក្ដី ពួកគេបានប្រមៀលថ្មចេញ ហើយលោកយេស៊ូអធិដ្ឋានថា៖ ‹បិតាអើយ ខ្ញុំសូមអរគុណលោកដែលលោកបានស្ដាប់ខ្ញុំ។ ខ្ញុំដឹងថាលោកតែងតែស្ដាប់ខ្ញុំ ប៉ុន្តែខ្ញុំនិយាយឮៗដើម្បីឲ្យបណ្ដាជនទាំងនេះដឹងថា លោកបាន
ចាត់ខ្ញុំឲ្យមក›។ រួចលោកបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ អ្វីដ៏អស្ចារ្យមួយបានកើតឡើង គឺឡាសាដើរចេញពីផ្នូរមកទាំងមានក្រណាត់រុំខ្លួន។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ចូរស្រាយគាត់ ដើម្បីឲ្យគាត់ដើរបាន»។មនុស្សជាច្រើនដែលបានឃើញហេតុការណ៍នេះ ក៏មានជំនឿលើលោកយេស៊ូ។ ប៉ុន្តែ អ្នកខ្លះបានទៅប្រាប់ពួកផារិស៊ី។ ចាប់ពីពេលនោះមក ពួកផារិស៊ីចង់សម្លាប់ឡាសានិងលោកយេស៊ូ។ យូដាសអ៊ីស្ការីយ៉ុតដែលជាសាវ័កម្នាក់ក្នុងចំណោមសាវ័ក១២នាក់ បានទៅជួបពួកផារិស៊ីដោយសម្ងាត់ ហើយសួរថា៖ ‹តើពួកអ្នកនឹងឲ្យប្រាក់ខ្ញុំប៉ុន្មាន បើខ្ញុំជួយពួកអ្នកឲ្យចាប់លោកយេស៊ូ?›។ ពួកគេយល់ព្រមឲ្យគាត់៣០កាក់ធ្វើពីប្រាក់។ ដូច្នេះ យូដាសចាប់ផ្ដើមស្វែងរកឱកាសល្អ ដើម្បីបញ្ជូនលោកយេស៊ូទៅឲ្យពួកផារិស៊ី។
«ព្រះដ៏ពិតគឺជាព្រះដែលការពារយើង ហើយព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត លោកជួយស្រោចស្រង់យើងឲ្យរួចពីស្លាប់»។—ចម្រៀងសរសើរព្រះ ៦៨:២០