លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨៩

ពេត្រុសមិនទទួលស្គាល់លោកយេស៊ូ

ពេត្រុសមិនទទួលស្គាល់លោកយេស៊ូ

ពេល​នៅ​បន្ទប់​ខាង​លើ​ជា​មួយ​ពួក​សាវ័ក លោក​យេស៊ូ​បាន​ប្រាប់​ពួក​គាត់​ថា​៖ ‹នៅ​យប់​នេះ អ្នក​រាល់​គ្នា​នឹង​បោះ​បង់​ខ្ញុំ›។ ពេត្រុស​និយាយ​ថា​៖ ‹ទេ! ទោះ​ជា​គ្រប់​គ្នា​បោះ​បង់​លោក​ក៏​ដោយ ក៏​ខ្ញុំ​មិន​បោះ​បង់​លោក​ដែរ!›។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា​៖ ‹មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​អស់​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ​ទេ›។

កាល​ពួក​ទាហាន​នាំ​ខ្លួន​លោក​យេស៊ូ​ទៅ​ផ្ទះ​កៃផាស សាវ័ក​ភាគ​ច្រើន​បាន​រត់​ចោល​លោក។ ប៉ុន្តែ មាន​ពីរ​នាក់​ដើរ​តាម​ក្រោយ​ក្រុម​មនុស្ស​ទាំង​នោះ។ ម្នាក់​គឺ​ពេត្រុស។ គាត់​បាន​ចូល​ក្នុង​ទី​ធ្លា​ផ្ទះ​កៃផាស ហើយ​កំពុង​កម្ដៅ​ខ្លួន​នឹង​ភ្លើង។ ដោយ​សារ​ពន្លឺ​ភ្នក់​ភ្លើង ស្ត្រី​អ្នក​បម្រើ​ម្នាក់​បាន​ឃើញ​មុខ​ពេត្រុស ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​ស្គាល់​អ្នក! អ្នក​នៅ​ជា​មួយ​នឹង​យេស៊ូ!›។

ពេត្រុស​ប្រាប់​ថា​៖ ‹មិន​មែន​ខ្ញុំ​ទេ! ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​អ្វី​ឡើយ!›។ រួច​គាត់​ក៏​ចេញ​ទៅ​ឯ​ច្រក​ចូល។ ប៉ុន្តែ ស្ត្រី​អ្នក​បម្រើ​ម្នាក់​ទៀត​បាន​ឃើញ​គាត់ ហើយ​ប្រាប់​ក្រុម​មនុស្ស​ថា​៖ ‹បុរស​នេះ​នៅ​ជា​មួយ​នឹង​យេស៊ូ!›។ ពេត្រុស​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​ស្គាល់​យេស៊ូ​ទេ!›។ បុរស​ម្នាក់​និយាយ​ថា​៖ ‹អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួក​នោះ​ដែរ! ព្រោះ​សម្ដី​របស់​អ្នក គឺ​មក​ពី​ស្រុក​កាលីឡេ​ដូច​យេស៊ូ​នោះ›។ ប៉ុន្តែ ពេត្រុស​ស្បថ​ថា​៖ ‹ខ្ញុំ​មិន​ស្គាល់​គាត់​ទេ!›។

រំពេច​នោះ មាន់​រងាវ​ឡើង។ ពេត្រុស​ឃើញ​លោក​យេស៊ូ​ងាក​មើល​មុខ​គាត់ នេះ​ធ្វើ​ឲ្យ​គាត់​នឹក​ឃើញ​ប្រសាសន៍​របស់​លោក។ ដូច្នេះ គាត់​ចេញ​ទៅ​ក្រៅ​យំ​យ៉ាង​ខ្លាំង។

ក្នុង​ពេល​នោះ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​កៃផាស ដើម្បី​ជំនុំ​ជម្រះ​លោក​យេស៊ូ។ ពួក​គេ​បាន​សម្រេច​គ្នា​ប្រហារ​ជីវិត​លោក។ ដូច្នេះ ពួក​គេ​ខំ​មូលហេតុ​ដើម្បី​ចោទ​ប្រកាន់​លោក តែ​រក​មិន​បាន​សោះ។ ចុង​ក្រោយ កៃផាស​សួរ​លោក​យេស៊ូ​ត្រង់​ៗ​ថា​៖ ‹តើ​អ្នក​ជា​បុត្រ​របស់​ព្រះ​ឬ?›។ លោក​ឆ្លើយ​ថា​៖ ‹ត្រូវ​មែន›។ កៃផាស​និយាយ​ថា​៖ ‹យើង​មិន​ត្រូវ​ការ​ភ័ស្តុតាង​ថែម​ទៀត​ទេ។ គាត់​បាន​ប្រមាថ​ព្រះ​ហើយ!›។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​យល់​ស្រប​ថា​៖ ‹បុរស​នេះ​ត្រូវ​តែ​ស្លាប់›។ ពួក​គេ​បាន​ទះ​កំផ្លៀង​លោក​យេស៊ូ ស្ដោះ​ទឹក​មាត់​ដាក់​លោក គ្រប​មុខ​លោក រួច​វាយ​លោក ហើយ​សួរ​ថា​៖ ‹បើ​ឯង​ជា​អ្នក​ប្រកាស​ទំនាយ​មែន ចូរ​ប្រាប់​មក​ថា អ្នក​ណា​បាន​វាយ​ឯង!›។

លុះ​ព្រឹក​ឡើង ពួក​គេ​បាន​នាំ​លោក​យេស៊ូ​ទៅ​ឯ​សាល​តុលាការ​ជាន់​ខ្ពស់ ហើយ​សួរ​លោក​ម្ដង​ទៀត​ថា​៖ ‹តើ​អ្នក​ជា​បុត្រ​របស់​ព្រះ​ឬ?›។ លោក​ឆ្លើយ​ថា​៖ ‹ត្រូវ​មែន›។ ហេតុ​នេះ ពួក​គេ​បាន​ចោទ​លោក​យេស៊ូ​ពី​បទ​ប្រមាថ​ព្រះ ហើយ​នាំ​លោក​ទៅ​វិមាន​របស់​ប៉ុនទាស​ពីឡាត ដែល​ជា​អភិបាល​រ៉ូម។ តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក​ទៀត? សូម​មើល​ជា​មួយ​គ្នា។

​«​នឹង​មាន​វេលា​មក​ដល់ . . . ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ ប៉ុន្តែ ខ្ញុំ​មិន​មែន​នៅ​ម្នាក់​ឯង​ទេ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​ខ្ញុំ​»។—យ៉ូហាន ១៦:៣២