លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៣

លោកយេស៊ូត្រឡប់ទៅស្ថានសួគ៌

លោកយេស៊ូត្រឡប់ទៅស្ថានសួគ៌

នៅ​ស្រុក​កាលីឡេ លោក​យេស៊ូ​បាន​ជួប​ពួក​អ្នក​កាន់​តាម​លោក។ លោក​បាន​ឲ្យ​ពួក​គាត់​នូវ​បង្គាប់​ដ៏​សំខាន់​មួយ​គឺ​៖ ‹ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ។ ចូរ​បង្រៀន​ពួក​គេ​នូវ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ›។ បន្ទាប់​មក លោក​បាន​សន្យា​ថា​៖ ‹សូម​ចាំ​ថា ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​និច្ច›។

ក្នុង​អំឡុង​៤០​ថ្ងៃ ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លេច​មក​ជួប​ពួក​អ្នក​កាន់​តាម​រាប់​រយ​នាក់​នៅ​ស្រុក​កាលីឡេ និង​ក្រុង​យេរូសាឡិម។ លោក​បាន​បង្រៀន​ពួក​គាត់​អំពី​មេ​រៀន​សំខាន់​ៗ និង​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន។ រួច​មក នៅ​លើ​ភ្នំ​ដើម​អូលីវ លោក​យេស៊ូ​បាន​ជួប​ពួក​សាវ័ក​ជា​លើក​ចុង​ក្រោយ ហើយ​ប្រាប់​ថា​៖ ‹កុំ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម។ ចូរ​បន្ត​រង់​ចាំ​អ្វី​ដែល​បិតា​បាន​សន្យា›។

ពួក​សាវ័ក​មិន​យល់​ប្រសាសន៍​របស់​លោក​ទេ។ ពួក​គាត់​សួរ​លោក​ថា​៖ ‹តើ​លោក​នឹង​ធ្វើ​ជា​ស្ដេច​អ៊ីស្រាអែល​នៅ​ពេល​នេះ​ឬ?›។ លោក​យេស៊ូ​តប​ថា​៖ ‹មិន​ទាន់​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ស្ដេច​ទេ។ ឆាប់​ៗ​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ។ ចូរ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​យេរូសាឡិម តំបន់​យូឌា ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី›។

បន្ទាប់​មក លោក​យេស៊ូ​បាន​ត្រូវ​លើក​ឡើង​ទៅ​លើ​មេឃ ហើយ​ពពក​មួយ​បាន​មក​បាំង​លោក។ ពួក​អ្នក​កាន់​តាម​បន្ត​សម្លឹង​មើល រហូត​ដល់​លោក​បាត់​ទៅ។

រួច​មក ពួក​អ្នក​កាន់​តាម​ចុះ​ពី​ភ្នំ​ដើម​អូលីវ ហើយ​ទៅ​ក្រុង​យេរូសាឡិម។ ពួក​គាត់​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​នៅ​បន្ទប់​ខាង​លើ​ដើម្បី​អធិដ្ឋាន។ ពួក​គាត់​រង់​ចាំ​ទទួល​ការ​ណែនាំ​ថែម​ទៀត​ពី​លោក​យេស៊ូ។

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤