មេរៀនទី៩១
លោកយេស៊ូរស់ឡើងវិញ
ក្រោយពីលោកយេស៊ូស្លាប់ បុរសអ្នកមានម្នាក់ឈ្មោះយ៉ូសែបបានទៅជួបពីឡាត ដើម្បីសុំយកសពលោកយេស៊ូចុះពីបង្គោល។ យ៉ូសែបបានរុំសពលោកដោយក្រណាត់សាច់ល្អ ហើយដាក់គ្រឿងក្រអូប រួចដាក់សពលោកនៅក្នុងផ្នូរថ្មី។ បន្ទាប់មក គាត់បានប្រមៀលថ្មដ៏ធំមួយមកបិទមាត់ផ្នូរ។ ពួកសង្ឃនាយកប្រាប់ពីឡាតថា៖ ‹យើងខ្លាចថាពួកអ្នកកាន់តាមលោកយេស៊ូនឹងមកលួចសពលោក រួចដើរប្រាប់មនុស្សឯទៀតថា លោកយេស៊ូបានរស់ឡើងវិញ›។ ដូច្នេះ ពីឡាតបង្គាប់ពួកគេថា៖ ‹ចូរបិទត្រាលើទីបញ្ចុះសព ហើយដាក់អ្នកយាមឲ្យការពារចុះ›។
បីថ្ងៃក្រោយមក ស្ត្រីខ្លះបានទៅផ្នូរតាំងពីព្រលឹម ហើយឃើញថាថ្មដែលបិទមាត់ផ្នូរបានត្រូវប្រមៀលចេញ។ លុះចូលទៅក្នុងផ្នូរ មានទេវតាមួយរូបប្រាប់ពួកនាងថា៖ ‹កុំខ្លាចឡើយ។ លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ ចូរទៅប្រាប់ពួកអ្នកកាន់តាមលោក ឲ្យទៅជួបលោកនៅស្រុកកាលីឡេ›។
ម៉ារៀម៉ាក់ដាឡេនប្រញាប់ទៅរកពេត្រុសនិងយ៉ូហាន ហើយប្រាប់ពួកគាត់ថា៖ ‹មានគេយកសពលោកយេស៊ូទៅបាត់ហើយ!›។ ឮដូច្នេះ ពេត្រុសនិងយ៉ូហានរត់ទៅផ្នូរភ្លាមៗ។ ពេលទៅដល់ ពួកគាត់ឃើញផ្នូរនៅទទេ ដូច្នេះក៏ត្រឡប់មកផ្ទះវិញ។
ពេលម៉ារៀត្រឡប់ទៅផ្នូរម្ដងទៀត នាងឃើញទេវតាពីររូបនៅខាងក្នុងនោះ រួចនាងនិយាយទៅកាន់ទេវតាថា៖ ‹ខ្ញុំមិនដឹងថាគេយកលោកម្ចាស់ខ្ញុំទៅឯណាទេ›។ ពេលនោះម៉ារៀឃើញបុរសម្នាក់ ហើយគិតថាជាអ្នកថែសួន ដូច្នេះនាងប្រាប់គាត់ថា៖ ‹លោក សូមប្រាប់ខ្ញុំ តើលោកបានយកសពលោកម្ចាស់ខ្ញុំទៅទុកនៅឯណា?›។ ប៉ុន្តែ ពេលឮបុរសនោះហៅនាងថា«ម៉ារៀ!» នោះនាងដឹងថាជាលោកយេស៊ូ។ នាងស្រែកឡើងថា«លោកគ្រូ!» ហើយចូលទៅជិតឱបជើងលោក។ លោកយេស៊ូប្រាប់នាងថា៖ ‹ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំថា នាងបានជួបខ្ញុំ›។ ម៉ារៀរត់ទៅប្រាប់ពួកអ្នកកាន់តាមភ្លាមថា នាងបានជួបលោកយេស៊ូ។
នៅថ្ងៃដដែលនោះ អ្នកកាន់តាមពីរនាក់កំពុងដើរពីក្រុងយេរូសាឡិមទៅភូមិអេម៉ាស។ នៅពេលនោះ មានបុរសម្នាក់ចូលមកជិតពួកគេ ហើយសួរថាកំពុងនិយាយគ្នាអំពីរឿងអ្វី។ ពួកគេឆ្លើយថា៖ ‹តើអ្នកមិនបានឮទេឬ? បីថ្ងៃមុនពួកសង្ឃនាយកបានប្រហារជីវិតលោកយេស៊ូ។ ឥឡូវមានស្ត្រីខ្លះនិយាយថា លោកបានរស់ឡើងវិញ!›។ បុរសនោះសួរថា៖ ‹តើអ្នកមិនជឿពួក
អ្នកប្រកាសទំនាយទេឬ? ពួកគេបានប្រាប់ថាគ្រិស្តនឹងត្រូវស្លាប់ ហើយលោកនឹងរស់ឡើងវិញ›។ បុរសនោះបន្តពន្យល់បទគម្ពីរផ្សេងៗប្រាប់ពួកគេ។ ពេលមកដល់ភូមិអេម៉ាស ពួកគេអញ្ជើញបុរសនោះឲ្យនៅជាមួយពួកគេ។ ពេលអាហារល្ងាច បន្ទាប់ពីបុរសនោះបានយកនំប៉័ង ហើយអធិដ្ឋាន ទើបពួកគេដឹងថាជាលោកយេស៊ូ។ ប៉ុន្តែ លោកបាត់ភ្លាមមួយរំពេច។អ្នកកាន់តាមពីរនាក់នោះ ក៏រូតរះទៅផ្ទះដែលពួកសាវ័កជួបជុំគ្នានៅក្រុងយេរូសាឡិម ហើយប្រាប់ហេតុការណ៍ដែលបានកើតឡើង។ កាលពួកគាត់នៅជុំគ្នាក្នុងផ្ទះ លោកយេស៊ូបានលេចមកជួបពួកគាត់។ ដំបូង ពួកសាវ័កមិនជឿថាជាលោកយេស៊ូទេ។ ប៉ុន្តែ លោកប្រាប់ថា៖ ‹សូមមើលដៃរបស់ខ្ញុំ ហើយពាល់ខ្ញុំមកចុះ។ ពីព្រោះបទគម្ពីរចែងថា គ្រិស្តនឹងរស់ពីស្លាប់ឡើងវិញ›។
«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។—យ៉ូហាន ១៤:៦