មេរៀនទី៨៧
អាហារល្ងាចចុងក្រោយរបស់លោកយេស៊ូ
រាល់ឆ្នាំ ជនជាតិយូដាធ្វើបុណ្យរំលងនៅថ្ងៃទី១៤ ខែណែសាន។ បុណ្យរំលងគឺរំលឹកពួកគេ អំពីពេលដែលព្រះយេហូវ៉ាបានរំដោះពួកគេចេញពីភាពជាខ្ញុំបម្រើក្នុងស្រុកអេហ្ស៊ីប ហើយនាំពួកគេចូលទៅក្នុងស្រុកដែលលោកបានសន្យា។ នៅឆ្នាំ៣៣ គ.ស. លោកយេស៊ូនិងពួកសាវ័កបានធ្វើបុណ្យរំលងនៅបន្ទប់ខាងលើមួយក្នុងក្រុងយេរូសាឡិម។ នៅចុងបញ្ចប់អាហារ លោកយេស៊ូមានប្រសាសន៍ថា៖ «ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ឮដូច្នេះ ពួកសាវ័កព្រួយចិត្តណាស់ ហើយសួរលោកយេស៊ូថា៖ ‹តើជាអ្នកណា?›។ លោកតបថា៖ ‹អ្នកណាដែលខ្ញុំហុចនំប៉័ងឲ្យ គឺអ្នកនោះហើយ›។ រួចលោកហុចនំប៉័ងមួយដុំឲ្យយូដាសអ៊ីស្ការីយ៉ុត។ យូដាសក្រោកឡើងភ្លាមៗ ចេញពីបន្ទប់។
បន្ទាប់មក លោកយេស៊ូអធិដ្ឋាន ហើយកាច់នំប៉័ងហុចឲ្យពួកសាវ័កឯទៀត។ លោកមានប្រសាសន៍ថា៖ ‹ចូរបរិភោគចុះ។ នេះជាតំណាងរូបកាយរបស់ខ្ញុំ ដែលនឹងត្រូវបូជាសម្រាប់អ្នករាល់គ្នា›។ រួចមក លោកយេស៊ូយកស្រាទំពាំងបាយជូរ ក៏អធិដ្ឋាន ហើយហុចឲ្យពួកសាវ័ក។ លោកមានប្រសាសន៍ថា៖ ‹ចូរពិសាចុះ។ នេះជាតំណាងឈាមរបស់ខ្ញុំ ដែលនឹងត្រូវប្រគល់សម្រាប់ជាការអភ័យទោសចំពោះអំពើខុសឆ្គង។ ខ្ញុំសន្យាថា អ្នករាល់គ្នានឹងគ្រប់គ្រងជាស្ដេចជាមួយខ្ញុំនៅស្ថានសួគ៌។ ចូរធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីខ្ញុំ›។ សព្វថ្ងៃ ពួកអ្នកកាន់តាមលោកយេស៊ូនៅតែជួបជុំគ្នាធ្វើពិធីនេះរាល់ឆ្នាំ។ ពិធីនេះហៅថា អាហារល្ងាចរបស់លោកម្ចាស់។
បន្ទាប់ពីអាហារល្ងាច ពួកសាវ័កបានប្រកែកគ្នាអំពីអ្នកណាសំខាន់ជាងគេ។ ប៉ុន្តែ លោកយេស៊ូប្រាប់ពួកគាត់ថា៖ ‹អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកតូចជាងគេ ហើយមិនត្រូវចាត់ទុកខ្លួនថាសំខាន់ជាងគេឡើយ។
‹អ្នករាល់គ្នាជាមិត្តសម្លាញ់ខ្ញុំ។ ខ្ញុំប្រាប់អំពីអ្វីទាំងអស់ដែលបិតាចង់ឲ្យខ្ញុំប្រាប់អ្នករាល់គ្នា។ បន្តិចទៀត ខ្ញុំនឹងទៅឯបិតារបស់ខ្ញុំនៅស្ថានសួគ៌។ អ្នករាល់គ្នានឹងបន្តនៅក្នុងពិភពលោកនេះ ហើយមនុស្សនឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ ដោយសារអ្នករាល់គ្នាស្រឡាញ់គ្នា។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នា ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា›។
ចុងក្រោយ លោកយេស៊ូបានអធិដ្ឋានសុំព្រះយេហូវ៉ាការពារអ្នកកាន់តាមទាំងអស់របស់លោក និងសូមឲ្យពួកគាត់ធ្វើការរួមគ្នាដោយសន្តិភាព។ លោកក៏បានអធិដ្ឋានសូមឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធ។ បន្ទាប់មក លោកយេស៊ូនិងពួកសាវ័កបានច្រៀងសរសើរព្រះយេហូវ៉ា រួចចេញទៅ។ ជិតដល់ពេលដែលលោកយេស៊ូត្រូវគេចាប់ខ្លួន។
«ហ្វូងតូចអើយ កុំខ្លាចឡើយ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នក»។—លូកា ១២:៣២