លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៨

គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន

គ្រិស្តសាសនារីករាលដាលដល់ប្រទេសជាច្រើន

ពួក​សាវ័ក​ធ្វើ​តាម​បង្គាប់​លោក​យេស៊ូ ដោយ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូទាំង​ផែនដី។ នៅ​ឆ្នាំ​៤៧ គ.ស. បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក​បាន​ចាត់​ប៉ូល​និង​បាណាបាស ឲ្យ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ។ អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ខ្នះ​ខ្នែង​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ដំណើរ​ពាស​ពេញ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច រួម​ទាំង​ក្រុង​ឌើបេ ក្រុង​លីស្ត្រា និង​ក្រុង​អ៊ីកូនាម។

ប៉ូល​និង​បាណាបាស​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​រូប ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ ទាំង​ក្មេង​ទាំង​ចាស់។ មនុស្ស​ជា​ច្រើន​ព្រម​ទទួល​យក​សេចក្ដី​ពិត​អំពី​គ្រិស្ត។ ពេល​ប៉ូល​និង​បាណាបាស​ផ្សព្វ​ផ្សាយ​ដល់​ស៊ើគាស​ប៉ូឡូស ដែល​ជា​អភិបាល​កោះ​គីប្រុស ស្រាប់​តែ​គ្រូ​ធ្មប់​ម្នាក់​បាន​ព្យាយាម​រា​រាំង​ពួក​គាត់។ ប៉ូល​ប្រាប់​គ្រូ​ធ្មប់​នោះ​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​អ្នក›។ រំពេច​នោះ គ្រូ​ធ្មប់​ក៏​ងងឹត​ភ្នែក។ ពេល​ឃើញ​ដូច្នេះ អភិបាល​ប៉ូឡូស​បាន​ក្លាយ​ជា​អ្នក​ជឿ។

ប៉ូល​និង​បាណាបាស​ផ្សព្វ​ផ្សាយ​គ្រប់​កន្លែង ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​តាម​ផ្សារ នៅ​តាម​ផ្លូវ និង​សាលា​ប្រជុំ។ កាល​ដែល​បណ្ដា​ជន​ក្រុង​លីស្ត្រា​ឃើញ​ពួក​គាត់​ធ្វើ​ឲ្យ​បុរស​ខ្វិន​ជើង​ម្នាក់​ជា​សះ​ស្បើយ នោះ​បណ្ដា​ជន​គិត​ថា​ពួក​គាត់​គឺ​ជា​ព្រះ ហើយ​ចាប់​ផ្ដើម​នាំ​គ្នា​មក​គោរព​ប្រណិប័តន៍​ពួក​គាត់។ ប៉ុន្តែ ពួក​គាត់​បាន​បញ្ឈប់​បណ្ដា​ជន ដោយ​និយាយ​ថា​៖ ‹ចូរ​គោរព​ប្រណិប័តន៍​តែ​ព្រះ​ប៉ុណ្ណោះ! យើង​ក៏​ជា​មនុស្ស​ដូច​អ្នក​រាល់​គ្នា​ដែរ›។ បន្ទាប់​មក ជនជាតិ​យូដា​ខ្លះ​បាន​មក​អុជ​អាល​បណ្ដា​ជន​ឲ្យ​ប្រឆាំង​នឹង​ប៉ូល។ ពួក​គេ​បាន​គប់​គាត់​នឹង​ថ្ម ហើយ​អូស​គាត់​ទៅ​ខាង​ក្រៅ​ក្រុង ដោយ​គិត​ថា​គាត់​ស្លាប់។ ប៉ុន្តែ ប៉ូល​នៅ​រស់​នៅ​ឡើយ! ភ្លាម​ៗ​នោះ បង​ប្អូន​បាន​មក​ជួយ​គាត់ ហើយ​នាំ​គាត់​ចូល​ទៅ​ក្នុង​ក្រុង​វិញ។ បន្ទាប់​មក ប៉ូល​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក។

នៅ​ឆ្នាំ​៤៩ គ.ស. ប៉ូល​បាន​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត។ ក្រោយ​ពី​ត្រឡប់​ទៅ​ជួប​បង​ប្អូន​នៅ​តំបន់​អាស៊ី​ប៉ែក​ខាង​លិច ប៉ូល​បន្ត​ផ្សាយ​ដំណឹង​ល្អ​កាន់​តែ​ឆ្ងាយ រហូត​ដល់​ទ្វីប​អឺរ៉ុប។ គាត់​បាន​ទៅ​ក្រុង​អាថែន ក្រុង​អេភេសូរ ក្រុង​ភីលីព ក្រុង​ថែស្សាឡូនិច និង​កន្លែង​ផ្សេង​ទៀត។ ស៊ីឡាស លូកា និង​បុរស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ធីម៉ូថេ​បាន​ទៅ​ជា​មួយ​ប៉ូល​ក្នុង​ដំណើរ​នេះ។ ពួក​គាត់​រួម​គ្នា​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន ហើយ​បាន​ជួយ​ពង្រឹង​ក្រុម​ជំនុំ។ ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស​អស់​មួយ​ឆ្នាំ​កន្លះ ដើម្បី​ជួយ​បង​ប្អូន​នៅ​ទី​នោះ​ឲ្យ​កាន់​តែ​រឹង​មាំ។ គាត់​បាន​ផ្សព្វ​ផ្សាយ បង្រៀន និង​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​ជា​ច្រើន។ ប៉ូល​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​ដេរ​ត្រសាល​ដែរ។ ក្រោយ​មក គាត់​ត្រឡប់​ទៅ​ក្រុង​អាន់ទីយ៉ូក​វិញ។

នៅ​ឆ្នាំ​៥២ គ.ស. ប៉ូល​បាន​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​៣ ដោយ​ចាប់​ផ្ដើម​ពី​តំបន់​អាស៊ី​ប៉ែក​ខាង​លិច។ គាត់​ធ្វើ​ដំណើរ​ទៅ​ខាង​ជើង រហូត​ដល់​ក្រុង​ភីលីព រួច​ចុះ​ទៅ​ក្រុង​កូរិនថូស។ ប៉ូល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្រុង​អេភេសូរ ដើម្បី​បង្រៀន ជួយ​មនុស្ស​ឈឺ​ឲ្យ​ជា​សះ​ស្បើយ និង​ជួយ​ក្រុម​ជំនុំ។ ជា​រៀង​រាល់​ថ្ងៃ ប៉ូល​តែង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សាល​នៃ​សាលា​រៀន​មួយ។ មនុស្ស​ជា​ច្រើន​បាន​ស្ដាប់​ប៉ូល ហើយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ខ្លួន។ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ស្រុក​ជា​ច្រើន ប៉ូល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។—ម៉ាថាយ ២៨:១៩