មេរៀនទី៩៦
លោកយេស៊ូជ្រើសរើសសុល
សុលជាពលរដ្ឋរ៉ូម កើតនៅក្រុងតើសុស។ គាត់ជាផារិស៊ីដែលចេះច្បាប់យូដាស្ទាត់ តែគាត់ស្អប់គ្រិស្តសាសនិកខ្លាំងណាស់។ គាត់ចាប់អូសគ្រិស្តសាសនិកទាំងប្រុសទាំងស្រីចេញពីផ្ទះ ហើយបោះទៅក្នុងគុក។ គាត់ថែមទាំងបានឈរមើល ពេលមនុស្សមួយក្រុមដែលមានកំហឹងគប់ថ្មសម្លាប់គ្រិស្តសាសនិកម្នាក់ឈ្មោះស្ទេផាន។
ប៉ុន្តែ សុលមិនស្កប់ចិត្តចំពោះការចាប់ខ្លួនគ្រិស្តសាសនិកក្នុងក្រុងយេរូសាឡិមឡើយ។ ដូច្នេះ គាត់បានសុំសម្ដេចសង្ឃឲ្យបញ្ជូនគាត់ទៅក្រុងដាម៉ាស់ ដើម្បីចាប់ខ្លួនគ្រិស្តសាសនិកនៅទីនោះ។ លុះធ្វើដំណើរជិតដល់ក្រុងដាម៉ាស់ ស្រាប់តែមានពន្លឺមួយភ្លឺចាំងជុំវិញគាត់ ហើយគាត់ក៏ដួលទៅដី។ រួចសំឡេងមួយបន្លឺថា៖ ‹សុល ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ?›។ សុលសួរថា៖ ‹តើលោកជាអ្នកណា?›។ សំឡេងនោះឆ្លើយថា៖ ‹ខ្ញុំគឺយេស៊ូ។ ចូរអ្នកទៅក្នុងក្រុងដាម៉ាស់ ហើយអ្នកនឹងដឹងអំពីអ្វីដែលអ្នកត្រូវធ្វើ›។ ភ្លាមនោះ សុលងងឹតភ្នែក ហើយមានគេដឹកដៃគាត់ចូលទៅក្នុងក្រុង។
នៅក្រុងដាម៉ាស់ មានគ្រិស្តសាសនិកស្មោះត្រង់ម្នាក់ឈ្មោះអាណានាស។ លោកយេស៊ូបានប្រាប់គាត់ក្នុងគំនិតថា៖ ‹ចូរទៅផ្ទះរបស់យូដាស ដែលនៅតាមផ្លូវហៅថាត្រង់ ហើយរកបុរសម្នាក់ឈ្មោះសុល›។ អាណានាសតបថា៖ ‹លោកម្ចាស់ ខ្ញុំដឹងគ្រប់យ៉ាងអំពីបុរសនោះ! គាត់បោះពួកអ្នកកាន់តាមលោកទៅក្នុងគុក!›។ ប៉ុន្តែ លោកយេស៊ូប្រាប់ថា៖ ‹ចូរទៅរកសុល! ព្រោះខ្ញុំបានជ្រើសរើសគាត់ឲ្យផ្សព្វផ្សាយដំណឹងល្អដល់ជនជាតិជាច្រើន›។
ដូច្នេះ អាណានាសបានទៅរកសុល ហើយប្រាប់ថា៖ ‹សុល បងប្រុសអើយ! លោកយេស៊ូបានចាត់ខ្ញុំឲ្យមកបើកភ្នែករបស់បង›។ រំពេចនោះ សុលមើលឃើញឡើងវិញ។ រួចគាត់រៀនអំពីលោកយេស៊ូ ហើយទៅជាអ្នកកាន់តាមលោក។ បន្ទាប់ពីសុលបានទទួលការជ្រមុជទឹកជាគ្រិស្តសាសនិក គាត់ចាប់ផ្ដើមផ្សព្វផ្សាយនៅសាលាប្រជុំជាមួយនឹងបងប្អូនឯទៀត។ សូមស្រមៃគិត ពេលពួកយូដាឃើញសុលបង្រៀនអ្នកឯទៀតអំពីលោកយេស៊ូ តើពួកគេភ្ញាក់ផ្អើលខ្លាំងយ៉ាងណា? ពួកគេនិយាយគ្នាថា៖ ‹តើនេះ
មិនមែនជាបុរសដែលធ្លាប់តាមចាប់ពួកអ្នកកាន់តាមលោកយេស៊ូទេឬ?›។អស់បីឆ្នាំ សុលបានផ្សព្វផ្សាយដល់មនុស្សនៅក្នុងក្រុងដាម៉ាស់។ ជនជាតិយូដាស្អប់សុលណាស់ ដូច្នេះពួកគេរៀបគម្រោងសម្លាប់គាត់។ ប៉ុន្តែ កាលដែលបងប្អូនរួមជំនឿដឹងអំពីគម្រោងនោះ ពួកគេបានជួយសុលឲ្យគេចខ្លួន។ ពួកគេដាក់គាត់ក្នុងកញ្ឆេ រួចសម្រូតចុះតាមចន្លោះមួយនៃកំពែងក្រុង។
ពេលទៅដល់ក្រុងយេរូសាឡិម សុលព្យាយាមសេពគប់បងប្អូនដែលនៅទីនោះ តែពួកគេខ្លាចគាត់។ ពេលនោះ មានអ្នកកាន់តាមចិត្តសប្បុរសម្នាក់ឈ្មោះបាណាបាស បាននាំសុលទៅជួបពួកសាវ័កដើម្បីបញ្ជាក់ថា សុលពិតជាបានកែប្រែមែន។ សុលចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អយ៉ាងខ្នះខ្នែងជាមួយនឹងក្រុមជំនុំនៅក្រុងយេរូសាឡិម។ ក្រោយមក គាត់មានឈ្មោះថាប៉ូល។
«គ្រិស្តយេស៊ូបានចូលក្នុងពិភពលោក ដើម្បីសង្គ្រោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។ ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំខុសធ្ងន់ជាងគេ»។—ធីម៉ូថេទី១ ១:១៥