មេរៀនទី១
ព្រះបានបង្កើតមេឃនិងផែនដី
ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ ទាំងអ្វីដែលយើងមើលឃើញ និងអ្វីដែលយើងមើលមិនឃើញ។ លោកបានបង្កើតទេវតាជាច្រើន មុនពេលលោកបានបង្កើតអ្វីដែលយើងមើលឃើញ។ តើដឹងទេថា ទេវតាជាអ្នកណា? ទេវតាជាអ្នកបម្រើព្រះយេហូវ៉ា។ លោកបានបង្កើតទេវតាឲ្យមានលក្ខណៈដូចលោក។ យើងមិនអាចមើលឃើញទេវតា ដូចយើងមិនអាចមើលឃើញព្រះដែរ។ ទេវតាមួយរូបដំបូងដែលព្រះយេហូវ៉ាបានបង្កើត បានទៅជាជំនួយរបស់លោក។ ទេវតានោះបានជួយពេលដែលព្រះយេហូវ៉ាបង្កើតផ្កាយ ភពផ្សេងៗ និងអ្វីៗឯទៀតទាំងអស់។ ក្នុងចំណោមភពទាំងនោះ ផែនដីគឺជាលំនៅដ៏ស្រស់ស្អាតរបស់យើង។
រួចមក ព្រះយេហូវ៉ាបានរៀបចំផែនដីដើម្បីឲ្យមនុស្សនិងសត្វស្រួលរស់នៅ។ លោកបានធ្វើឲ្យដួងអាទិត្យបញ្ចេញពន្លឺមកផែនដី។ លោកបានបង្កើតភ្នំ សមុទ្រ និងទន្លេ។
បន្ទាប់មក តើព្រះយេហូវ៉ាបានបង្កើតអ្វីទៀត? លោកមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានស្មៅ រុក្ខជាតិ និងដើមឈើ›។ ដូច្នេះ ក៏មានរុក្ខជាតិ និងដើមឈើផ្សេងៗ ព្រមទាំងមានផ្កាជាច្រើនដុះលូតលាស់ឡើង។ ក្រោយមក ព្រះយេហូវ៉ាបានបង្កើតសត្វគ្រប់ប្រភេទ ទាំងសត្វហើរលើមេឃ សត្វនៅលើគោក និងសត្វនៅក្នុងទឹក។ លោកបានបង្កើតសត្វតូចៗដូចជាសត្វទន្សាយ និងសត្វធំៗដូចជាសត្វដំរី។ តើអ្នកចូលចិត្តសត្វអ្វី?
រួចមក ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ទេវតាដំបូងថា៖ ‹ចូរយើងបង្កើតមនុស្ស›។ មនុស្សខុសពីសត្វ។ មនុស្សមានសមត្ថភាពច្នៃប្រឌិតឬធ្វើរបស់ជាច្រើន។ ពួកគេអាចនិយាយ សើចសប្បាយ និងអធិដ្ឋាន។ ភារកិច្ចរបស់ពួកគេ គឺថែរក្សាផែនដី និងសត្វ។ តើដឹងទេថា អ្នកណាជាមនុស្សដំបូងគេ? សូមយើងមើលជាមួយគ្នា។
«កាលដើមដំបូងឡើយ ព្រះបានបង្កើតមេឃនិងផែនដី»។—ដើមកំណើត ១:១