មេរៀនទី២
ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង
ព្រះយេហូវ៉ាបានធ្វើឲ្យមានសួនដ៏ស្អាតមួយ ហៅថាអេដែន។ ក្នុងសួនអេដែនមានពេញដោយផ្កា ដើមឈើ និងសត្វផ្សេងៗជាច្រើន។ រួចព្រះបានបង្កើតបុរសដំបូងឈ្មោះអាដាម។ លោកបានបង្កើតគាត់ពីធូលីដី ហើយផ្លុំដង្ហើមជីវិតចូលទៅក្នុងច្រមុះរបស់គាត់។ បន្ទាប់មក តើមានអ្វីកើតឡើង? គាត់ក៏មានជីវិតជាមនុស្ស! ព្រះយេហូវ៉ាបានឲ្យអាដាមថែរក្សាសួននោះ និងឲ្យគាត់ដាក់ឈ្មោះសត្វទាំងអស់។
ព្រះយេហូវ៉ាបានឲ្យបង្គាប់ដ៏សំខាន់មួយទៅអាដាម។ លោកប្រាប់គាត់ថា៖ ‹អ្នកអាចបរិភោគផ្លែពីដើមឈើទាំងអស់ក្នុងសួននេះបានតាមចិត្ត លើកលែងតែដើមឈើមួយប៉ុណ្ណោះ។ បើអ្នកបរិភោគផ្លែពីដើមឈើនោះ អ្នកនឹងស្លាប់ជាមិនខាន›។
ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងបង្កើតជំនួយម្នាក់សម្រាប់អាដាម›។ រួចលោកបានធ្វើឲ្យអាដាមដេកលក់ស៊ប់ បន្ទាប់មក លោកដកឆ្អឹងជំនីរមួយរបស់អាដាម ដើម្បីបង្កើតប្រពន្ធម្នាក់សម្រាប់គាត់។ ឈ្មោះរបស់នាងគឺអេវ៉ា។ អាដាមនិងអេវ៉ាគឺជាក្រុមគ្រួសារទី១។ តើអាដាមមានអារម្មណ៍យ៉ាងណាចំពោះប្រពន្ធរបស់គាត់? អាដាម
សប្បាយចិត្តខ្លាំងណាស់ បានជាគាត់និយាយថា៖ ‹មើល! ស្ត្រីដែលព្រះយេហូវ៉ាបានបង្កើតពីឆ្អឹងជំនីររបស់ខ្ញុំ។ នាងជាមនុស្សដូចខ្ញុំដែរ!›។ព្រះយេហូវ៉ាបានប្រាប់អាដាមនិងអេវ៉ាឲ្យបង្កើតកូនពេញផែនដី។ លោកចង់ឲ្យពួកគេធ្វើការជាមួយគ្នាដោយរីករាយ ដើម្បីធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន ឬសួនដ៏ស្រស់ស្អាតដូចសួនអេដែន។ ប៉ុន្តែ នេះមិនបានកើតឡើងដូចគោលបំណងរបស់លោកទេ។ ហេតុអ្វី? យើងនឹងរៀនថែមទៀតនៅមេរៀនបន្ទាប់។
«ព្រះដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសជាស្រី»។—ម៉ាថាយ ១៩:៤