លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១០

ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត

ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត

ឡុត​រស់​នៅ​ជា​មួយ​នឹង​អាប្រាហាំ ជា​ពូ​របស់​គាត់​នៅ​ស្រុក​កាណាន។ ប៉ុន្តែ​យូរ​ៗ​ទៅ អាប្រាហាំ​និង​ឡុត​មាន​ហ្វូង​សត្វ​កាន់​តែ​ច្រើន រហូត​ដល់​គ្មាន​កន្លែង​ធំ​ល្មម​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ឡើយ។ ថ្ងៃ​មួយ អាប្រាហាំ​និយាយ​ទៅ​ឡុត​ថា​៖ ‹យើង​មិន​អាច​រស់​ជា​មួយ​គ្នា​ក្នុង​កន្លែង​តែ​មួយ​ទៀត​បាន​ទេ។ ដូច្នេះ សូម​ជ្រើស​រើស​កន្លែង​ដែល​អ្នក​ចង់​ទៅ រួច​ខ្ញុំ​នឹង​ទៅ​កន្លែង​ផ្សេង›។ នេះ​បង្ហាញ​ថា អាប្រាហាំ​ជា​មនុស្ស​ចិត្ត​ល្អ ដែល​គិត​ប្រយោជន៍​អ្នក​ឯ​ទៀត​ច្រើន​ជាង​ខ្លួន មែន​ទេ?

ឡុត​បាន​ឃើញ​ទឹក​ដី​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ជិត​ក្រុង​សូដុម។ នៅ​ទី​នោះ មាន​ទឹក​បរិបូរ និង​មាន​វាល​ស្មៅ​ខៀវ​ខ្ចី។ ម្ល៉ោះ​ហើយ គាត់​បាន​ជ្រើស​រើស​យក​ទឹក​ដី​នោះ ហើយ​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​រស់​នៅ​ជា​មួយ​គ្នា។

ពួក​អ្នក​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា ជា​មនុស្ស​អាក្រក់​ខ្លាំង​ណាស់។ ហេតុ​នេះ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​ទាំង​នោះ​ចោល។ ប៉ុន្តែ លោក​ចង់​សង្គ្រោះ​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ លោក​បាន​ចាត់​ទេវតា​ពីរ​នាក់​ឲ្យ​ទៅ​ព្រមាន​ឡុត​ថា​៖ ‹លឿន​ឡើង! ចូរ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់! ព្រោះ​ព្រះ​យេហូវ៉ា​ជិត​បំផ្លាញ​ក្រុង​នេះ​ហើយ›។

ប៉ុន្តែ ឡុត​នៅ​បង្អែ​បង្អង់ មិន​ចាក​ចេញ​ភ្លាម​ៗ​ទេ។ ឃើញ​ដូច្នេះ ទេវតា​បាន​ចាប់​ដៃ​ឡុត​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ស្រី​ទាំង​ពីរ​នាក់ ហើយ​នាំ​ពួក​គាត់​ចេញ​ទៅ​ក្រៅ​ក្រុង​ភ្លាម​ៗ ទាំង​ប្រាប់​ពួក​គាត់​ថា​៖ ‹ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! ហើយ​កុំ​ងាក​ក្រោយ​ឲ្យ​សោះ។ បើ​អ្នក​ងាក​ក្រោយ អ្នក​នឹង​ស្លាប់!›។

ពេល​ពួក​គាត់​មក​ដល់​ក្រុង​សូអា ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ក្រុង​ទាំង​ពីរ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ ប៉ុន្តែ ប្រពន្ធ​របស់​ឡុត​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ នាង​បាន​ងាក​ទៅ​ក្រោយ ដូច្នេះ​នាង​ក៏​ក្លាយ​ជា​បង្គោល​អំបិល! ផ្ទុយ​ទៅ​វិញ ឡុត​និង​កូន​ស្រី​របស់​គាត់​មាន​សុវត្ថិភាព ដោយ​សារ​ពួក​គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ពេល​ដែល​ប្រពន្ធ​ឡុត​មិន​ស្ដាប់​បង្គាប់​ព្រះ នោះ​ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ពិបាក​ចិត្ត​ជា​ខ្លាំង។ នេះ​បង្រៀន​យើង​ថា ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​រឿង​សំខាន់​ណាស់។

​«​ចូរ​នឹក​ចាំ​អំពី​ប្រពន្ធ​របស់​ឡុត​»។—លូកា ១៧:៣២