លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩

ទីបំផុតមានកូនប្រុស!

ទីបំផុតមានកូនប្រុស!

អាប្រាហាំ​និង​សារ៉ា​បាន​រៀប​ការ​អស់​ជា​ច្រើន​ឆ្នាំ។ ពួក​គាត់​បាន​ចាក​ចេញ​ពី​ជីវិត​ស្រណុក​សុខ​ស្រួល​នៅ​ក្រុង​អឺ ហើយ​មក​រស់​នៅ​ក្នុង​ត្រសាល។ ប៉ុន្តែ សារ៉ា​មិន​ត្អូញត្អែរ​ទេ ពីព្រោះ​នាង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។

សារ៉ា​ចង់​បាន​កូន​ខ្លាំង​ណាស់ បាន​ជា​នាង​ប្រាប់​អាប្រាហាំ​ថា​៖ ‹ប្រសិន​បើ​ហាកា​ស្រី​បម្រើ​របស់​ខ្ញុំ​មាន​កូន នោះ​កូន​នាង​ក៏​ដូច​ជា​កូន​របស់​ខ្ញុំ​ដែរ›។ ក្រោយ​មក ហាកា​មាន​កូន​ប្រុស​មួយ។ កូន​នោះ​ឈ្មោះ​ថា អ៊ីសម៉ាអែល។

ច្រើន​ឆ្នាំ​មក​ទៀត ពេល​អាប្រាហាំ​អាយុ​៩៩​ឆ្នាំ ហើយ​សារ៉ា​អាយុ​៨៩​ឆ្នាំ មាន​ភ្ញៀវ​បី​នាក់​មក​លេង​ពួក​គាត់។ អាប្រាហាំ​បាន​អញ្ជើញ​ភ្ញៀវ​ឲ្យ​សម្រាក​ក្រោម​ដើម​ឈើ​មួយ រួច​ឲ្យ​អាហារ​ពួក​គេ​បរិភោគ។ តើ​អ្នក​ដឹង​ថា​ភ្ញៀវ​ទាំង​នោះ​ជា​អ្នក​ណា​ទេ? ពួក​គេ​ជា​ទេវតា! ពួក​គេ​ប្រាប់​អាប្រាហាំ​ថា​៖ ‹នៅ​ឆ្នាំ​ក្រោយ​វេលា​នេះ អ្នក​និង​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ›។ ពេល​នោះ​សារ៉ា​កំពុង​ឈរ​ស្ដាប់​ពី​ក្នុង​ត្រសាល។ នាង​នឹក​អស់​សំណើច​ក្នុង​ចិត្ត ហើយ​គិត​ថា​៖ ​«​ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ហើយ តើ​ពិត​ជា​អាច​មាន​កូន​មែន​ឬ?​»។

នៅ​ឆ្នាំ​បន្ទាប់ សារ៉ា​កើត​បាន​កូន​ប្រុស​ម្នាក់ ដូច​អ្វី​ដែល​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​សន្យា​មែន។ អាប្រាហាំ​ដាក់​ឈ្មោះ​កូន​ថា អ៊ីសាក មាន​ន័យ​ថា​«​សំណើច​»។

ពេល​អ៊ីសាក​មាន​អាយុ​ប្រហែល​ប្រាំ​ឆ្នាំ សារ៉ា​បាន​ឃើញ​អ៊ីសម៉ាអែល​ចេះ​តែ​ចំអក​ឲ្យ​អ៊ីសាក។ សារ៉ា​ចង់​ការ​ពារ​កូន​ប្រុស​របស់​នាង ដូច្នេះ​នាង​បាន​និយាយ​ជា​មួយ​នឹង​អាប្រាហាំ ដោយ​សុំ​គាត់​ឲ្យ​បញ្ជូន​ហាកា និង​អ៊ីសម៉ាអែល​ទៅ​ឲ្យ​ឆ្ងាយ។ មុន​ដំបូង អាប្រាហាំ​មិន​ចង់​ធ្វើ​តាម​សារ៉ា​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ប្រាប់​អាប្រាហាំ​ថា​៖ ‹ចូរ​ស្ដាប់​តាម​សារ៉ា​ចុះ។ ខ្ញុំ​នឹង​ថែ​រក្សា​អ៊ីសម៉ាអែល។ ប៉ុន្តែ សេចក្ដី​សន្យា​របស់​ខ្ញុំ​នឹង​កើត​ឡើង​តាម​រយៈ​អ៊ីសាក›។

​«​ដោយ​សារ​ជំនឿ សារ៉ា​បាន​ទទួល​សមត្ថភាព​មាន​ផ្ទៃ​ពោះ​បង្កើត​កូន . . . ពីព្រោះ​នាង​ចាត់​ទុក​ថា​លោក​ដែល​បាន​សន្យា​ការ​នោះ​គឺ​ស្មោះ​ត្រង់​»។—ហេប្រឺ ១១:១១