មេរៀនទី២២
អព្ភូតហេតុនៅសមុទ្រក្រហម
ពេលឮថាជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប ផារ៉ូស្ដាយក្រោយដែលដោះលែងពួកគេ។ រួចមក ផារ៉ូក៏ប្រញាប់បញ្ជាកងទ័ពអង់អាចរបស់គាត់ថា៖ ‹ចូររៀបចំរទេះចម្បាំងទាំងអស់របស់យើង។ យើងនឹងដេញតាមពួកគេ យើងមិនឲ្យពួកគេរួចពីកណ្ដាប់ដៃរបស់យើងឡើយ›។ ដូច្នេះ ផារ៉ូនិងកងទ័ពរបស់គាត់ ចាប់ផ្ដើមដេញតាមពួកអ៊ីស្រាអែល។
ព្រះយេហូវ៉ាបានដឹកនាំរាស្ត្ររបស់លោក ដោយប្រើបង្គោលពពកនៅពេលថ្ងៃ ហើយប្រើបង្គោលភ្លើងនៅពេលយប់។ លោកបាននាំពួកគេទៅដល់សមុទ្រក្រហម ហើយប្រាប់ពួកគេឲ្យបោះជំរំនៅទីនោះ។
ពេលនោះ ជនជាតិអ៊ីស្រាអែលបានឃើញផារ៉ូនិងកងទ័ពរបស់គាត់កំពុងមក។ ឥឡូវនេះ ពួកគេទាល់ច្រកហើយ នៅខាងមុខមានសមុទ្រក្រហម ហើយនៅខាងក្រោយមានកងទ័ពអេហ្ស៊ីប។ ដូច្នេះ ពួកគេបានស្រែកទៅម៉ូសេថា៖ ‹យើងច្បាស់ជាស្លាប់ហើយ! អ្នកមិនគួរនាំយើងចេញពីស្រុកអេហ្ស៊ីបទេ›។ ប៉ុន្តែ ម៉ូសេឆ្លើយថា៖ ‹កុំភ័យខ្លាចឡើយ។ ចូរចាំមើលរបៀបដែលព្រះយេហូវ៉ានឹងសង្គ្រោះយើង›។ ម៉ូសេពិតជាទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា មែនទេ?
ព្រះយេហូវ៉ាបានបង្គាប់ជនជាតិអ៊ីស្រាអែលឲ្យរើជំរំ។ នៅយប់នោះ លោកបានរំកិលបង្គោលពពក ហើយដាក់នៅរវាងជនជាតិអេហ្ស៊ីបនិងជនជាតិអ៊ីស្រាអែល។ នៅខាងជនជាតិអេហ្ស៊ីបមានភាពងងឹត តែនៅខាងជនជាតិអ៊ីស្រាអែលមានពន្លឺ។
ព្រះយេហូវ៉ាបង្គាប់ម៉ូសេឲ្យលើកដៃឡើងទៅលើសមុទ្រ។ រួចលោកធ្វើឲ្យមានខ្យល់បក់យ៉ាងខ្លាំងពេញមួយយប់។ ខ្យល់នោះញែកសមុទ្រជាពីរ ក៏បង្កើតចេញជាផ្លូវគោកស្ងួតនៅកណ្ដាល។ ជនជាតិអ៊ីស្រាអែលរាប់លាននាក់បានដើរឆ្លងកាត់បាតសមុទ្រស្ងួតនោះទៅត្រើយម្ខាង ទាំងមានកំពែងទឹកសមុទ្រនៅសងខាងពួកគេ។
កងទ័ពផារ៉ូបានសម្រុកដេញតាមពួកអ៊ីស្រាអែល ដោយឆ្លងតាមបាតសមុទ្រស្ងួតនោះ។ បន្ទាប់មក ព្រះយេហូវ៉ាបានបណ្ដាលឲ្យកងទ័ពផារ៉ូមានភាពច្របូកច្របល់។ លោកធ្វើឲ្យរទេះចម្បាំងរបស់ពួកគេរបូតកង់។ ពួកទាហានស្រែកឡើងថា៖ ‹ចូរយើងដកថយចេញពីទីនេះ! ព្រះយេហូវ៉ាកំពុងច្បាំងនឹងយើងជំនួសពួកគេហើយ›។
ព្រះយេហូវ៉ាប្រាប់ទៅប្រាប់ម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ»។ ភ្លាមនោះ កំពែងទឹកសមុទ្របានធ្លាក់មកគ្របលើកងទ័ពអេហ្ស៊ីប។ ផារ៉ូនិងកងទ័ពរបស់គាត់ស្លាប់ទាំងអស់ គ្មានអ្នកណាម្នាក់រួចជីវិតឡើយ។
ចំណែកនៅឯត្រើយសមុទ្រម្ខាងទៀត ក្រុមមនុស្សដ៏ធំកំពុងច្រៀងសរសើរព្រះយេហូវ៉ាថា៖ ‹ខ្ញុំសូមច្រៀងជូនព្រះ ព្រោះលោកមានកិត្តិយសខ្ពង់ខ្ពស់ថ្លៃថ្លា។ លោកបានគ្រវែងទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ›។ ដំណាលគ្នានោះ ពួកស្ត្រីក៏នាំគ្នារាំនិងលេងស្គរដៃ។ ពួកគេគ្រប់រូបសប្បាយចិត្តខ្លាំងណាស់ ពីព្រោះឥឡូវពួកគេមានសេរីភាពពិតប្រាកដ។
«ហេតុនេះហើយបានជាយើងអាចមានទំនុកចិត្តទាំងស្រុងថា៖ ‹ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?›»។—ហេប្រឺ ១៣:៦