មេរៀនទី១៥
ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
ពេលយ៉ូសែបនៅក្នុងគុក ផារ៉ូដែលជាស្ដេចស្រុកអេហ្ស៊ីបមានសុបិនមួយ ដែលគ្មានអ្នកណាអាចបកស្រាយបាន។ អ្នកបម្រើម្នាក់ប្រាប់ផារ៉ូថា យ៉ូសែបអាចបកស្រាយសុបិនរបស់គាត់បាន។ ដូច្នេះ ផារ៉ូបានបង្គាប់គេឲ្យនាំយ៉ូសែបមកភ្លាមៗ។
ផារ៉ូសួរយ៉ូសែបថា៖ ‹តើអ្នកអាចកាត់ស្រាយសុបិនរបស់ខ្ញុំបានទេ?›។ យ៉ូសែបប្រាប់ផារ៉ូថា៖ ‹ក្នុងរយៈពេល៧ឆ្នាំ ស្រុកអេហ្ស៊ីបនឹងមានភោគផលជាបរិបូរ។ ប៉ុន្តែ បន្ទាប់ពីនោះនឹងមានការអត់ឃ្លានអស់រយៈពេល៧ឆ្នាំវិញ។ ដូច្នេះ សូមលោកជ្រើសរើសបុរសណាម្នាក់ដែលមានប្រាជ្ញាឲ្យប្រមូលភោគផលទុក ដើម្បីកុំឲ្យបណ្ដាជនរបស់លោកជួបការអត់ឃ្លាន›។ ផារ៉ូនិយាយថា៖ ‹ខ្ញុំជ្រើសរើសអ្នក! ខ្ញុំនឹងឲ្យអ្នកមានអំណាចទី២ក្នុងស្រុកអេហ្ស៊ីប!›។ ហេតុអ្វីយ៉ូសែបអាចបកស្រាយសុបិនរបស់ផារ៉ូបាន? គឺដោយសារព្រះយេហូវ៉ាបានជួយគាត់។
អស់៧ឆ្នាំ យ៉ូសែបបានប្រមូលស្បៀងអាហារទុកច្រើនក្រៃលែង។ បន្ទាប់មក ក៏កើតមានការអត់ឃ្លាននៅពេញផែនដី ដូចសម្ដីរបស់យ៉ូសែបមែន។ មនុស្សពីគ្រប់កន្លែងបានមករកទិញអាហារពីយ៉ូសែប។ យ៉ាកុបដែលជាឪពុកបានឮថា នៅស្រុកអេហ្ស៊ីបមានអាហារ។ ដូច្នេះ គាត់ក៏ចាត់កូនប្រុស១០នាក់ឲ្យទៅទិញអាហារនៅស្រុកនោះ។
កូនៗរបស់យ៉ាកុបបានទៅឯយ៉ូសែប។ យ៉ូសែបស្គាល់ភ្លាមថា ពួកគេជាបងៗរបស់គាត់។ ប៉ុន្តែ ពួកគេមិនស្គាល់ថាគាត់ជាយ៉ូសែបទេ។ ពួកគេមកឱនគោរពគាត់ ដូចដែលគាត់បានសុបិនកាលពីក្មេង។ ឥឡូវយ៉ូសែបចង់ដឹងថា តើបងៗគាត់នៅតែមានចិត្តអាក្រក់ដូចពីមុនឬទេ? ម្ល៉ោះហើយ គាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាជាអ្នកស៊ើបការណ៍!។ អ្នករាល់គ្នាមករកមើលចំណុចខ្សោយរបស់ស្រុកយើង!»។ ពួកគេឆ្លើយថា៖ ‹មិនមែនទេ! យើងមកពីស្រុកកាណាន។ យើងមានបងប្អូន១២នាក់ ប្អូនប្រុសម្នាក់បានស្លាប់ហើយ ឯប្អូនពៅនៅជា
មួយលោកឪពុក›។ យ៉ូសែបតបថា៖ ‹ចូរនាំប្អូនពៅរបស់អ្នករាល់គ្នាមកជួបខ្ញុំ ទើបខ្ញុំជឿ›។ ដូច្នេះ ពួកគេក៏ត្រឡប់ទៅផ្ទះជួបឪពុកវិញ។ពេលអស់អាហារ យ៉ាកុបក៏ចាត់កូនប្រុសៗឲ្យទៅឲ្យស្រុកអេហ្ស៊ីបម្ដងទៀត។ លើកនេះ ពួកគេបាននាំបេនយ៉ាមីនជាប្អូនប្រុសពៅទៅជាមួយដែរ។ យ៉ូសែបបានសាកចិត្តបងៗរបស់គាត់ ដោយលាក់ពែងប្រាក់នៅក្នុងបាវស្រូវរបស់បេនយ៉ាមីន ហើយចោទប្អូនពួកគេថា បានលួចពែង។ ពេលអ្នកបម្រើយ៉ូសែបរកឃើញពែងនៅក្នុងបាវស្រូវរបស់បេនយ៉ាមីន នោះបងៗគាត់ភ័យតក់ស្លុតណាស់។ ពួកគេបានអង្វរសុំយ៉ូសែបឲ្យដាក់ទោសពួកគេ ជំនួសបេនយ៉ាមីនវិញ។
ឥឡូវយ៉ូសែបដឹងថា បងៗគាត់បានកែប្រែចិត្តហើយ។ យ៉ូសែបមិនអាចទប់អារម្មណ៍បានទៀត គាត់ក៏ទ្រហោយំយ៉ាងខ្លាំង ហើយនិយាយថា៖ ‹ខ្ញុំជាយ៉ូសែប ជាប្អូនរបស់បង។ តើលោកឪពុកខ្ញុំនៅរស់ទេ?›។ នេះធ្វើឲ្យបងៗគាត់ភ្ញាក់ផ្អើលនិងភ័យជាខ្លាំង។ ប៉ុន្តែ យ៉ូសែបប្រាប់ពួកគេថា៖ ‹សូមកុំបន្ទោសខ្លួនចំពោះអ្វីដែលពួកបងបានធ្វើមកលើខ្ញុំឡើយ។ ព្រះបានចាត់ខ្ញុំឲ្យមកទីនេះដើម្បីសង្គ្រោះជីវិតពួកបង។ ឥឡូវសូមនាំលោកឪពុករបស់ខ្ញុំមកទីនេះផង›។
ពួកគេក៏ធ្វើដំណើរត្រឡប់ទៅផ្ទះប្រាប់ឪពុកអំពីដំណឹងល្អនេះ រួចនាំគាត់មកស្រុកអេហ្ស៊ីប។ ក្រោយពីបែកគ្នាអស់ជាច្រើនឆ្នាំ នៅទីបំផុតយ៉ូសែបនិងឪពុករបស់គាត់ បានជួបគ្នាវិញ។
«បើអ្នកមិនអភ័យទោសចំពោះកំហុសរបស់អ្នកឯទៀតទេ នោះបិតារបស់អ្នកក៏មិនអភ័យទោសចំពោះកំហុសរបស់អ្នកដែរ»។—ម៉ាថាយ ៦:១៥