មេរៀនទី២៧
ពួកគេបះបោរប្រឆាំងនឹងព្រះយេហូវ៉ា
ក្រោយមក ពេលជនជាតិអ៊ីស្រាអែលនៅក្នុងតំបន់ស្ងាត់ជ្រងំ កូរ៉ា ដាថាន អាបាយរ៉ាម និងមនុស្ស២៥០នាក់ទៀត នាំគ្នាបះបោរប្រឆាំងនឹងម៉ូសេ។ ពួកគេនិយាយទៅម៉ូសេថា៖ ‹យើងទ្រាំនឹងអ្នកយូរហើយ! ហេតុអ្វីបានជាអ្នកតាំងខ្លួនធ្វើជាមេដឹកនាំយើង ហើយឲ្យអេរ៉ុនធ្វើជាសម្ដេចសង្ឃ? ព្រះយេហូវ៉ាក៏នៅជាមួយពួកយើងដែរ មិនគ្រាន់តែនៅជាមួយអ្នកនិងអេរ៉ុនទេ›។ ព្រះយេហូវ៉ាមិនពេញចិត្តឡើយ។ លោកចាត់ទុកទង្វើរបស់ពួកគេថា ជាការបះបោរប្រឆាំងនឹងលោក!
ម៉ូសេបានតបទៅកូរ៉ានិងពួកអ្នកគាំទ្រកូរ៉ាថា៖ ‹ថ្ងៃស្អែក ចូរមកត្រសាលជំនុំ ហើយយកប្រដាប់ដាក់រងើកភ្លើង និងគ្រឿងក្រអូបមកជាមួយផង។ ព្រះយេហូវ៉ានឹងបញ្ជាក់ច្បាស់ថា អ្នកណាដែលលោកបានជ្រើសរើស›។
នៅថ្ងៃបន្ទាប់ កូរ៉ានិងពួកអ្នកគាំទ្រ២៥០នាក់ បានទៅជួបម៉ូសេនៅឯត្រសាលជំនុំ។ ពួកគេបានដុតគ្រឿងក្រអូបនៅទីនោះ ធ្វើដូចជាពួកគេជាសង្ឃ។ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេនិងអេរ៉ុនថា៖ ‹ចូរញែកខ្លួនចេញពីកូរ៉ានិងពួកអ្នកគាំទ្រគាត់›។
ពេលកូរ៉ាទៅជួបម៉ូសេនៅឯត្រសាលជំនុំ ដាថាន អាបាយរ៉ាម និងក្រុមគ្រួសាររបស់ពួកគេមិនព្រមទៅទេ។ ព្រះយេហូវ៉ាបានប្រាប់ជនជាតិអ៊ីស្រាអែលឲ្យចេញឆ្ងាយពីជំរំរបស់កូរ៉ា ដាថាន និងអាបាយរ៉ាម។ បណ្ដាជនអ៊ីស្រាអែលក៏ធ្វើតាមភ្លាមៗ។ រីឯដាថាន
អាបាយរ៉ាម និងក្រុមគ្រួសារពួកគេ បានចេញមកឈរនៅមាត់ទ្វារជំរំរបស់ខ្លួន។ រំពេចនោះ ដីចាប់ផ្ដើមប្រេះ ហើយលេបត្របាក់ពួកគេទាំងរស់! នៅឯត្រសាលជំនុំវិញ ភ្លើងបានធ្លាក់ពីលើមេឃ មកឆាបឆេះកូរ៉ា និងមនុស្ស២៥០នាក់ដែលគាំទ្រគាត់។រួចមក ព្រះយេហូវ៉ាបង្គាប់ម៉ូសេថា៖ ‹ចូរឲ្យមេដឹកនាំកុលសម្ព័ន្ធនីមួយៗយកដំបងម្នាក់មួយៗ ហើយចារឈ្មោះរៀងខ្លួននៅលើដំបងរបស់ពួកគេ។ ប៉ុន្តែ ដំបងពីកុលសម្ព័ន្ធលេវី ត្រូវចារឈ្មោះរបស់អេរ៉ុន។ បន្ទាប់មក ចូរដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ។ ដំបងរបស់អ្នកណាដែលខ្ញុំជ្រើសរើស នោះនឹងចេញពន្លកផ្កា›។
នៅថ្ងៃបន្ទាប់ ម៉ូសេបានយកដំបងទាំងអស់មកបង្ហាញមេដឹកនាំនីមួយៗ។ ដំបងរបស់អេរ៉ុនមានពន្លកផ្កា ថែមទាំងចេញផ្លែអល់ម៉ុនទុំនៅពីលើទៀតផង។ នេះបញ្ជាក់ច្បាស់ថា ព្រះយេហូវ៉ាបានជ្រើសរើសអេរ៉ុនឲ្យធ្វើជាសម្ដេចសង្ឃ។
«ចូរស្ដាប់បង្គាប់ ហើយចុះចូលនឹងពួកអ្នកដែលនាំមុខអ្នករាល់គ្នា»។—ហេប្រឺ ១៣:១៧