លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៣

ពួកគេបានសន្យាចំពោះព្រះយេហូវ៉ា

ពួកគេបានសន្យាចំពោះព្រះយេហូវ៉ា

ប្រហែល​ពីរ​ខែ​បន្ទាប់​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ពួក​គេ​បាន​មក​ដល់​ភ្នំស៊ីណាយ ហើយ​បោះ​ជំរំ​នៅ​ទី​នោះ។ ព្រះ​យេហូវ៉ា​បាន​ហៅ​ម៉ូសេ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​នោះ ហើយ​ប្រាប់​គាត់​ថា​៖ ‹ខ្ញុំ​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល។ បើ​ពួក​គេ​ស្ដាប់​បង្គាប់​ខ្ញុំ ហើយ​បន្តធ្វើ​តាម​ច្បាប់​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​ពិសេស​របស់​ខ្ញុំ›។ ម៉ូសេ​បាន​ចុះ​ពី​ភ្នំ​មក​វិញ ហើយ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ តើ​ពួក​គេ​ឆ្លើយ​យ៉ាង​ណា? ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​យើង​ព្រម​ធ្វើ​តាម​ប្រសាសន៍​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​»។

ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណាយ​ម្ដង​ទៀត។ នៅ​ទី​នោះ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹រយៈ​ពេល​បី​ថ្ងៃ​ទៀត ខ្ញុំ​នឹង​និយាយ​ជា​មួយ​អ្នក។ ចូរ​ព្រមាន​បណ្ដា​ជន​កុំ​ឲ្យ​ពួក​គេ​ឡើង​មក​លើ​ភ្នំ​ស៊ីណាយ›។ ម៉ូសេ​ក៏​ចុះ​ពី​ភ្នំ​មក​វិញ ហើយ​ប្រាប់​បណ្ដា​ជន​ឲ្យ​ត្រៀម​ខ្លួន ដើម្បី​ចាំ​ស្ដាប់​ប្រសាសន៍​ពី​ព្រះ​យេហូវ៉ា។

បី​ថ្ងៃ​ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ឃើញ​ភ្នំ​នោះ គ្រប​ដណ្ដប់​ដោយ​រន្ទះ​បាញ់ និង​ពពក​យ៉ាង​ក្រាស់។ ពួក​គេ​ថែម​ទាំង​ឮ​សំឡេង​ផ្គរ​លាន់ និង​សំឡេង​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង។ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ចុះ​មក​លើ​ភ្នំ ទាំង​មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។ ខណៈ​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​ភ័យ​ខ្លាច រហូត​ដល់​ញ័រ​ខ្លួន។ ភ្នំ​ទាំង​មូល​រញ្ជួយ​ជា​ខ្លាំង ក៏​មាន​ផ្សែង​ខ្មួល​ខ្មាញ់​ហុយ​ទ្រលោម ឯ​សំឡេង​ផ្លុំ​ស្នែង​ឮ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ជា​យេហូវ៉ា។ អ្នក​រាល់​គ្នា​មិន​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ទៀត ក្រៅ​ពី​ខ្ញុំ​ឡើយ›។

ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណាយ​ម្ដង​ទៀត ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ដល់​គាត់ ដើម្បី​ឲ្យ​បណ្ដា​ជន​ដឹង​អំពី​របៀប​គោរព​ប្រណិប័តន៍​លោក និង​ការ​ប្រព្រឹត្ត​ដែល​លោក​ពេញ​ចិត្ត។ ម៉ូសេ​បាន​កត់​ទុក​ច្បាប់​ទាំង​នោះ រួច​អាន​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ស្ដាប់។ ពួក​គេ​បាន​សន្យា​ថា​៖ ​«​យើង​ខ្ញុំ​ព្រម​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​»។ ពិត​ណាស់ ពួក​គេ​បាន​សន្យា​ចំពោះ​ព្រះ។ ប៉ុន្តែ តើ​ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សន្យា​ឬ​ទេ?

​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត​»។—ម៉ាថាយ ២២:៣៧