មេរៀនទី៣៤
គេឌានបានវាយឈ្នះពួកម៉ាឌាន
ក្រោយមក ជនជាតិអ៊ីស្រាអែលបានបោះបង់ចោលព្រះយេហូវ៉ាម្ដងទៀត ហើយបែរទៅគោរពបូជាព្រះមិនពិត។ អស់រយៈពេល៧ឆ្នាំ ពួកម៉ាឌានបានលួចហ្វូងសត្វនិងបំផ្លាញផលដំណាំរបស់ជនជាតិអ៊ីស្រាអែល។ នេះធ្វើឲ្យជនជាតិអ៊ីស្រាអែលត្រូវបង្ខំចិត្តរត់ទៅជ្រកកោនក្នុងរូងភ្នំនិងលើភ្នំ។ ពួកគេបានអង្វរសុំព្រះយេហូវ៉ាឲ្យជួយ។ ដូច្នេះ ព្រះយេហូវ៉ាចាត់ទេវតាមួយរូប ឲ្យទៅជួបយុវជនម្នាក់ឈ្មោះគេឌាន។ ទេវតាប្រាប់គាត់ថា៖ ‹ព្រះយេហូវ៉ាបានជ្រើសរើសអ្នកឲ្យធ្វើជាអ្នកប្រយុទ្ធដ៏អង់អាច›។ ប៉ុន្តែ គេឌានសួរថា៖ ‹តើខ្ញុំអាចសង្គ្រោះជនជាតិអ៊ីស្រាអែលដូចម្ដេចបាន? ខ្ញុំមិនមែនជាមនុស្សសំខាន់ទេ›។
តើគេឌានធ្វើអ្វីដើម្បីដឹងច្បាស់ថា ព្រះយេហូវ៉ាបានជ្រើសរើសគាត់? គាត់បានហាលរោមចៀមនៅលើដី ហើយនិយាយទៅព្រះយេហូវ៉ាថា៖ ‹នៅព្រឹកថ្ងៃស្អែក បើរោមចៀមនេះសើម តែដីស្ងួត នោះខ្ញុំដឹងប្រាកដថា លោកចង់ឲ្យខ្ញុំសង្គ្រោះជនជាតិអ៊ីស្រាអែល›។ លុះព្រឹកឡើង រោមចៀមទទឹកជោក តែដីស្ងួតចែស! រួចមក គេឌានបានសុំព្រះយេហូវ៉ាម្ដងទៀតថា នៅព្រឹកស្អែក សូមឲ្យរោមចៀមស្ងួត តែដីសើមវិញ។ ពេលអ្វីទាំងនេះកើតឡើងមែន គេឌានជឿជាក់ទាំងស្រុងថា ព្រះយេហូវ៉ាបានជ្រើសរើសគាត់។ ដូច្នេះ គាត់ប្រមូលទាហានរបស់គាត់ ដើម្បីទៅប្រយុទ្ធនឹងពួកម៉ាឌាន។
ព្រះយេហូវ៉ាប្រាប់គេឌានថា៖ ‹ខ្ញុំនឹងឲ្យជនជាតិអ៊ីស្រាអែលឈ្នះសង្គ្រាមនេះ។ ប៉ុន្តែ ដោយសារអ្នកមានទាហានច្រើនពេក អ្នកប្រហែលជាគិតថា អ្នកឈ្នះសង្គ្រាមនេះដោយកម្លាំងខ្លួនឯង។ ចូរទៅប្រាប់ទាហានទាំងអស់ថា អ្នកណាដែលភ័យខ្លាច អ្នកនោះត្រូវត្រឡប់ទៅផ្ទះវិញ›។ ហេតុនេះ ទាហាន២២.០០០នាក់ក៏ត្រឡប់ទៅផ្ទះវិញ នៅសល់ទាហានត្រឹមតែ១០.០០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នកនៅតែមានទាហានច្រើននៅឡើយ។ ចូរនាំពួកគេទៅផឹកទឹកនៅឯស្ទឹង ហើយជ្រើសរើសតែទាហានណាដែលឃ្លាំមើលសត្រូវបណ្ដើរ ក្បង់ទឹកផឹកបណ្ដើរ›។ រួចមក ឃើញមានទាហាន៣០០នាក់ប៉ុណ្ណោះ ដែលឃ្លាំមើលសត្រូវពេលក្បង់ទឹកផឹក។ ប៉ុន្តែ ព្រះយេហូវ៉ាបានសន្យាថា ទាហានមានគ្នាតិចនេះ នឹងវាយឈ្នះកងទ័ពម៉ាឌានចំនួន១៣៥.០០០នាក់។
នៅយប់នោះ ព្រះយេហូវ៉ាប្រាប់គេឌានថា៖ ‹ឥឡូវ ចូរទៅវាយប្រហារពួកម៉ាឌានចុះ!›។ ដូច្នេះ គេឌានបានឲ្យទាហានទាំងអស់កាន់ស្នែងនិងក្អម ដែលមានចន្លុះនៅខាងក្នុង។ គាត់បញ្ជាពួកគេថា៖ ‹ចូរមើលខ្ញុំ ហើយធ្វើតាមខ្ញុំ›។ គេឌានក៏ផ្លុំស្នែង ហើយវាយបំបែកក្អម រួចគ្រវីចន្លុះ ទាំងស្រែកខ្លាំងៗថា៖ «ចម្បាំងរបស់ព្រះយេហូវ៉ានិងរបស់គេឌាន!»។ ពេលនោះទាហានទាំង៣០០នាក់ បានធ្វើតាមគាត់។ ក្នុងភាពចលាចលនោះ កងទ័ពម៉ាឌានភ័យស្លន់ស្លោ ហើយរត់ទៅគ្រប់ទិស។ ពួកគេថែមទាំងប្រយុទ្ធនឹងគ្នាឯងទៀតផង។ ជាថ្មីម្ដងទៀត ព្រះយេហូវ៉ាបានជួយជនជាតិអ៊ីស្រាអែលឲ្យច្បាំងឈ្នះពួកសត្រូវ។
«ដើម្បីសឲ្យឃើញថា ឫទ្ធានុភាពដែលលើសពីធម្មតាបានមកពីព្រះ មិនមែនមកពីយើងទេ»។—កូរិនថូសទី២ ៤:៧