លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​២៩

ព្រះយេហូវ៉ាជ្រើសរើសយ៉ូស្វេ

ព្រះយេហូវ៉ាជ្រើសរើសយ៉ូស្វេ

ក្រោយ​ពី​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​អស់​ជា​ច្រើន​ឆ្នាំ ឥឡូវ​ម៉ូសេ​ជិត​ស្លាប់​ហើយ។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹អ្នក​នឹង​មិន​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​សន្យា​ទេ។ ប៉ុន្តែ ខ្ញុំ​នឹង​ឲ្យ​អ្នក​ឃើញ​ស្រុក​នោះ›។ បន្ទាប់​មក ម៉ូសេ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជ្រើស​រើស​អ្នក​ដឹក​នាំ​ថ្មី ដើម្បី​ថែ​រក្សា​បណ្ដា​ជន។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ‹ចូរ​ទៅ​ឯ​យ៉ូស្វេ ហើយ​ប្រាប់​គាត់​ថា គាត់​នឹង​ធ្វើ​ជា​អ្នក​ដឹក​នាំ​បន្ទាប់›។

ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​ថា បន្តិច​ទៀត​គាត់​នឹង​ស្លាប់ ហើយ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យ៉ូស្វេ​ឲ្យ​ដឹក​នាំ​ពួក​គេ​ចូល​ទៅក្នុង​ស្រុក​ដែល​លោក​បាន​សន្យា។ រួច​មក ម៉ូសេ​ប្រាប់​យ៉ូស្វេ​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក›។ មិន​យូរ​ក្រោយ​មក ម៉ូសេ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​នេបូរ ជា​កន្លែង​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​គាត់​ឲ្យ​ឃើញ​ទឹក​ដី ដែល​លោក​បាន​សន្យា​ឲ្យ​ដល់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប។ ម៉ូសេ​បាន​ស្លាប់​នៅ​អាយុ​១២០​ឆ្នាំ។

ព្រះ​យេហូវ៉ា​ប្រាប់​យ៉ូស្វេ​ថា​៖ ‹ចូរ​ឆ្លង​ទន្លេ​យ៉ូដាន់ ហើយ​ទៅ​ស្រុក​កាណាន។ ខ្ញុំ​នឹង​ជួយ​អ្នក ដូច​ខ្ញុំ​បាន​ជួយ​ម៉ូសេ​ដែរ។ អ្នក​ត្រូវ​អាន​ច្បាប់​របស់​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។ កុំ​ភ័យ​ខ្លាច​ឡើយ។ ចូរ​ក្លាហាន! ហើយ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក›។

យ៉ូស្វេ​បាន​ចាត់​អ្នក​ស៊ើប​ការណ៍​ពីរ​នាក់​ឲ្យ​ទៅ​ក្រុង​យេរីខូ។ នៅ​មេ​រៀន​បន្ទាប់ អ្នក​នឹង​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុង​នោះ។ ពេល​អ្នក​ស៊ើប​ការណ៍​ត្រឡប់​មក​វិញ ពួក​គេ​ប្រាប់​ថា នេះ​ជា​ពេល​ល្អ​ឲ្យ​យើង​ចូល​ទៅ​ស្រុក​កាណាន។ នៅ​ថ្ងៃ​បន្ទាប់ យ៉ូស្វេ​បាន​បញ្ជា​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​រើ​ជំរំ។ រួច​មក គាត់​ប្រាប់​ពួក​សង្ឃ​ដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ឲ្យ​ដើរ​នាំ​មុខ​ទៅ​ទន្លេ​យ៉ូដាន់។ នៅ​ពេល​នោះ ទឹក​ទន្លេ​ហូរ​ខ្លាំង​ណាស់។ ប៉ុន្តែ កាល​ដែល​ពួក​សង្ឃ​ដាក់​ជើង​ទៅ​ក្នុង​ទឹក​ភ្លាម ទន្លេ​ក៏​ឈប់​ហូរ ហើយ​រីង​ស្ងួត​ទៅ! ពួក​សង្ឃ​បាន​ដើរ​ទៅ​ដល់​កណ្ដាល​ទន្លេ ហើយ​ឈរ​នៅ​ទី​នោះ រហូត​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ឆ្លង​ផុត​ត្រើយ​ម្ខាង។ អព្ភូតហេតុ​នេះ​ប្រាកដ​ជា​បាន​រំលឹក​បណ្ដា​ជន អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​សមុទ្រ​ក្រហម មែន​ទេ?

នៅ​ទី​បំផុត ជន​ជាតិ​អ៊ីស្រាអែល​បាន​មក​រស់​នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​សន្យា។ ពួក​គេ​អាច​សង់​ផ្ទះ សង់​ក្រុង ធ្វើ​ស្រែ ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ និង​ដាំ​ដំណាំ​ផ្សេង​ៗ។ នោះ​ជា​ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​ទឹក​ដោះ​និង​ទឹក​ឃ្មុំ។

​«​ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក​ជា​និច្ច ហើយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អ្នក ទោះ​ជា​នៅ​ក្នុង​ទឹក​ដី​ហួត​ហែង​ក៏​ដោយ​»។—អេសាយ ៥៨:១១