មេរៀនទី៣០
រ៉ាហាបជួយលាក់អ្នកស៊ើបការណ៍
ពេលអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលពីរនាក់មកដល់ក្រុងយេរីខូ ពួកគេស្នាក់នៅផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះរ៉ាហាប។ ស្ដេចក្រុងយេរីខូជ្រាបអំពីរឿងនេះ ក៏ចាត់ពួកទាហានឲ្យទៅផ្ទះរបស់រ៉ាហាប។ រ៉ាហាបបានជួយលាក់ពួកអ្នកស៊ើបការណ៍នៅលើដំបូល ហើយចង្អុលប្រាប់ពួកទាហានទៅទិសផ្សេងទៀត។ រួចមក នាងនិយាយទៅអ្នកស៊ើបការណ៍ពីរនាក់ថា៖ ‹ខ្ញុំជួយអ្នក ពីព្រោះខ្ញុំដឹងថាព្រះយេហូវ៉ានៅខាងអ្នក ហើយថាអ្នកនឹងវាយយកបានទឹកដីនេះ។ សូមសន្យានឹងខ្ញុំថា អ្នកនឹងទុកជីវិតឲ្យក្រុមគ្រួសាររបស់ខ្ញុំ›។
អ្នកស៊ើបការណ៍ទាំងពីរប្រាប់រ៉ាហាបថា៖ ‹យើងសន្យាថា នឹងគ្មានអ្នកណាម្នាក់ក្នុងផ្ទះរបស់នាងរងគ្រោះថ្នាក់ឡើយ›។ ពួកគេប្រាប់ទៀតថា៖ ‹នាងត្រូវចងខ្សែពួរក្រហមទម្លាក់តាមបង្អួច នោះក្រុមគ្រួសាររបស់នាងនឹងរួចជីវិត›។
រ៉ាហាបបានឲ្យអ្នកស៊ើបការណ៍ទាំងពីរចងខ្សែចុះតាមបង្អួច។ រួចពួកគេរត់ទៅលាក់ខ្លួននៅតំបន់ភ្នំអស់បីថ្ងៃ ហើយក៏ត្រឡប់ទៅជួបយ៉ូស្វេវិញ។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានឆ្លងទន្លេយ៉ូដាន់ ហើយត្រៀមខ្លួនចូលកាន់កាប់ទឹកដីស្រុកកាណាន។ ក្រុងយេរីខូជាក្រុងដំបូងដែលពួកគេបានវាយយក។ ព្រះយេហូវ៉ាបានបង្គាប់ពួកគេឲ្យដើរជុំវិញក្រុងនោះមួយដងក្នុង
មួយថ្ងៃ ហើយពួកគេបានធ្វើដូច្នេះអស់រយៈពេល៦ថ្ងៃ។ ប៉ុន្តែ នៅថ្ងៃទី៧ ពួកគេបានដើរជុំវិញក្រុងនោះ៧ដង។ ពេលជុំទី៧ ពួកសង្ឃផ្លុំស្នែង ហើយពួកទាហានបានស្រែកឡើងយ៉ាងខ្លាំងៗ។ ពេលនោះ កំពែងក្រុងក៏ដួលរលំ! ប៉ុន្តែ ផ្ទះរបស់រ៉ាហាបដែលជាប់លើកំពែងនោះនៅដដែល។ រ៉ាហាបនិងក្រុមគ្រួសាររបស់នាងបានត្រូវសង្គ្រោះ ដោយសារនាងទុកចិត្តព្រះយេហូវ៉ា។«ដូចគ្នាដែរ រ៉ាហាប . . . បានត្រូវប្រកាសថា ជាមនុស្សសុចរិតដោយសារការប្រព្រឹត្ត បន្ទាប់ពីនាងបានទទួលអ្នកនាំសារយ៉ាងរាក់ទាក់ រួចបានឲ្យពួកគេចេញទៅតាមផ្លូវផ្សេង មែនទេ?»។—យ៉ាកុប ២:២៥