មេរៀនទី៣៨
ព្រះយេហូវ៉ាបានធ្វើឲ្យសាំសុនមានកម្លាំងខ្លាំង
ម្ដងទៀត ជនជាតិអ៊ីស្រាអែលជាច្រើននាក់ បានត្រឡប់ទៅគោរពបូជារូបព្រះ។ ដូច្នេះ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកភីលីស្ទីនគ្រប់គ្រងទឹកដីរបស់ពួកគេ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលខ្លះនៅតែស្រឡាញ់ព្រះយេហូវ៉ា ដូចជាបុរសម្នាក់ឈ្មោះម៉ាណូអា។ គាត់និងប្រពន្ធគ្មានកូនទេ។ នៅថ្ងៃមួយ ព្រះយេហូវ៉ាបានចាត់ទេវតាឲ្យមកជួបប្រពន្ធរបស់ម៉ាណូអា។ ទេវតាប្រាប់នាងថា៖ ‹អ្នកនឹងមានកូនប្រុសមួយ។ គាត់នឹងសង្គ្រោះជនជាតិអ៊ីស្រាអែលពីពួកភីលីស្ទីន។ គាត់នឹងក្លាយជាណាសារីត›។ អ្នកដឹងទេថា តើណាសារីតជាអ្នកណា? ពួកគេជាអ្នកបម្រើពិសេសរបស់ព្រះយេហូវ៉ា។ អ្នកដែលជាណាសារីត មិនត្រូវកាត់សក់របស់ខ្លួនឡើយ។
ក្រោយមក ម៉ាណូអានិងប្រពន្ធមានកូនប្រុសមួយ ហើយដាក់ឈ្មោះថាសាំសុន។ ពេលសាំសុនធំឡើង ព្រះយេហូវ៉ាបានធ្វើឲ្យគាត់មានកម្លាំងខ្លាំងក្រៃលែង។ គាត់អាចសម្លាប់សត្វតោដោយដៃទទេ។ មានពេលមួយ សាំសុនតែម្នាក់ឯងបានសម្លាប់ពួកភីលីស្ទីនអស់៣០នាក់។ ហេតុនេះ ពួកភីលីស្ទីនស្អប់គាត់ជាខ្លាំង ហើយរិះរកគ្រប់វិធីដើម្បីសម្លាប់គាត់។ នៅយប់មួយ ពេលសាំសុនកំពុងដេកក្នុងក្រុងកាសា ពួកគេបានទៅពួននៅឯទ្វារកំពែងក្រុង ហើយចាំដល់ព្រឹកដើម្បីសម្លាប់គាត់។ ប៉ុន្តែ លុះពាក់កណ្ដាលអធ្រាត្រ សាំសុនក្រោកឡើង ហើយចេញទៅឯទ្វារកំពែងក្រុង រួចគាត់ចាប់រំលើងជញ្ជាំងក្រុងនោះ។ បន្ទាប់មក គាត់លើកទ្វារកំពែងក្រុងដាក់លើស្មា ហើយលីទៅកំពូលភ្នំនៅជិតក្រុងហេប្រុន!
ក្រោយមកទៀត ពួកភីលីស្ទីនបានទៅជួបដេលីឡាដែលជាមិត្តស្រីរបស់សាំសុន។ ពួកគេប្រាប់នាងថា៖ ‹យើងម្នាក់ៗនឹងឲ្យនាង១.១០០កាក់ធ្វើពីប្រាក់ បើនាងប្រាប់អំពីមូលហេតុដែលសាំសុនមានកម្លាំងខ្លាំង ពីព្រោះយើងចង់ចាប់គាត់ដាក់គុក›។ ដេលីឡាយល់ព្រម ដោយសារនាងស្រឡាញ់ប្រាក់។ ដំបូង សាំសុនមិនព្រមប្រាប់នាងអំពីអ្វីដែលធ្វើឲ្យគាត់មានកម្លាំងខ្លាំងទេ។ ប៉ុន្តែ ដោយសារនាងចេះតែរំអុកគាត់ បានជាគាត់ប្រាប់អាថ៌កំបាំងដល់នាង។ គាត់ប្រាប់នាងថា៖ ‹សក់របស់បងមិនដែលកាត់ឡើយ ពីព្រោះបងជាណាសារីត។ បើបងកាត់សក់ កម្លាំងដ៏ខ្លាំងរបស់បងនឹងបាត់ទៅ›។ នេះជាកំហុសដ៏ធំមួយ ដែលសាំសុនទម្លាយអាថ៌កំបាំងប្រាប់នាង មែនទេ?
ដេលីឡាទៅប្រាប់ពួកភីលីស្ទីនភ្លាមៗថា៖ ‹ខ្ញុំដឹងអាថ៌កំបាំងរបស់គាត់ហើយ!›។ បន្ទាប់មក នាងបានធ្វើឲ្យសាំសុនដេកលក់លើភ្លៅរបស់នាង ហើយហៅគេឲ្យមកកាត់សក់របស់
គាត់។ រួចនាងស្រែកឡើងថា៖ ‹សាំសុនបងអើយ! ពួកភីលីស្ទីនមកហើយ!›។ សាំសុនស្ទុះក្រោកឡើង តែគ្មានកម្លាំងសោះ។ ដូច្នេះ ពួកភីលីស្ទីនបានចាប់គាត់ រួចចាក់ភ្នែកគាត់ ហើយយកគាត់ទៅដាក់គុក។ថ្ងៃមួយ ពួកភីលីស្ទីនរាប់ពាន់នាក់បានមកជួបជុំគ្នានៅក្នុងវិហារព្រះដាកុនរបស់ពួកគេ ហើយស្រែកឡើងថា៖ ‹ព្រះរបស់យើង បានជួយយើងឲ្យចាប់សាំសុន! ចូរនាំសាំសុនចេញមក ដើម្បីឲ្យយើងបានសើចសប្បាយ!›។ រួចមក ពួកគេបានឲ្យសាំសុនទៅឈរនៅចន្លោះសសរពីរ ហើយនាំគ្នាសើចចំអកឲ្យគាត់។ សាំសុនបន្លឺសំឡេងថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមផ្ដល់ឲ្យខ្ញុំមានកម្លាំងតែម្ដងនេះទៀត›។ នៅពេលនោះ សក់របស់គាត់បានដុះវែងហើយ។ គាត់ខំប្រឹងច្រានសសរទាំងពីរអស់ពីកម្លាំង ហើយវិហារទាំងមូលក៏រលំសម្លាប់មនុស្សទាំងអស់ដែលនៅក្នុងវិហារនោះ រួមទាំងសាំសុនដែរ។
«ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ»។—ភីលីព ៤:១៣