មេរៀនទី៤០
ដាវីឌនិងកូលីយ៉ាត
ព្រះយេហូវ៉ាប្រាប់សាំយូអែលថា៖ ‹ចូរទៅផ្ទះអ៊ីសាយ។ ខ្ញុំនឹងជ្រើសរើសកូនប្រុសម្នាក់របស់គាត់ ឲ្យធ្វើជាស្ដេចបន្ទាប់របស់ជនជាតិអ៊ីស្រាអែល›។ ដូច្នេះ សាំយូអែលបានទៅផ្ទះអ៊ីសាយ។ ពេលគាត់ឃើញកូនច្បងរបស់អ៊ីសាយ គាត់គិតថា៖ ‹ម្នាក់នេះច្បាស់ជាអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើស›។ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់គាត់ថា មិនមែនម្នាក់នេះទេ។ លោកប្រាប់ទៀតថា៖ ‹ខ្ញុំមិនមើលមនុស្សតាមសម្បកក្រៅឡើយ តែខ្ញុំមើលក្នុងចិត្តវិញ›។
អ៊ីសាយបាននាំកូនប្រុស៦នាក់ទៀត ចេញមកជួបសាំយូអែល។ ប៉ុន្តែ សាំយូអែលនិយាយថា៖ ‹ព្រះយេហូវ៉ាក៏មិនបានជ្រើសរើសពួកគេដែរ។ តើអ្នកមានកូនប្រុសទៀតទេ?›។ អ៊ីសាយប្រាប់ថា៖ ‹ខ្ញុំមានម្នាក់ទៀតជាកូនពៅ ឈ្មោះដាវីឌ។ គាត់កំពុងឃ្វាលចៀមនៅខាងក្រៅ›។ ពេលដាវីឌមកដល់ ព្រះយេហូវ៉ាប្រាប់សាំយូអែលថា៖ ‹គឺម្នាក់នេះហើយ!›។ ដូច្នេះ សាំយូអែលក៏ចាក់ប្រេងលើក្បាលដាវីឌ តែងតាំងគាត់ជាស្ដេចស្រុកអ៊ីស្រាអែលនាអនាគត។
ក្រោយមកទៀត ពួកអ៊ីស្រាអែលប្រឈមមុខនឹងពួកភីលីស្ទីននៅឯសមរភូមិ។ ក្នុងចំណោមពួកភីលីស្ទីន មានអ្នកចម្បាំងដែលមានមាឌធំសម្បើមម្នាក់ ឈ្មោះកូលីយ៉ាត។ ពីមួយថ្ងៃទៅមួយថ្ងៃ កូលីយ៉ាតតែងមកចំអកឲ្យពួកអ៊ីស្រាអែល ទាំងស្រែកឡើងថា៖ ‹ចូរឲ្យអ្នកណាម្នាក់ចេញមកប្រយុទ្ធតទល់នឹងខ្ញុំ។ បើគាត់ឈ្នះ ពួកយើងនឹងធ្វើជាខ្ញុំបម្រើអ្នករាល់គ្នា។ ប៉ុន្តែ បើខ្ញុំឈ្នះ អ្នករាល់គ្នាត្រូវធ្វើជាខ្ញុំបម្រើពួកយើង›។
នៅពេលនោះ ដាវីឌបានទៅជំរំកងទ័ពដើម្បីយកស្បៀងឲ្យបងប្រុសរបស់គាត់ ហើយក៏បានឮអ្វីដែលកូលីយ៉ាតនិយាយ។ ដូច្នេះ គាត់ប្រាប់ស្ដេចសុលថា៖ ‹ខ្ញុំនឹងចេញទៅច្បាំងតទល់នឹងគាត់!›។ ស្ដេចសុលនិយាយថា៖ «អ្នកនៅ
ក្មេងណាស់»។ ប៉ុន្តែ ដាវីឌតបថា៖ ‹ព្រះយេហូវ៉ានឹងជួយខ្ញុំ›។សុលបានយកគ្រឿងចម្បាំងរបស់គាត់ទៅពាក់លើខ្លួនដាវីឌ រួចដាវីឌនិយាយថា៖ ‹ដោយពាក់គ្រឿងចម្បាំងនេះ ខ្ញុំមិនអាចចេញទៅច្បាំងបានឡើយ›។ បន្ទាប់មក ដាវីឌបានកាន់ខ្សែដង្ហក់របស់ខ្លួន ហើយចេញទៅឯទឹកអូរ។ គាត់រើសគ្រាប់ថ្មរលីងប្រាំគ្រាប់ដាក់ក្នុងថង់យាម ហើយរត់ទៅជួបកូលីយ៉ាត។ បុរសដ៏ធំសម្បើមនោះស្រែកឡើងថា៖ ‹ចូរមក អាក្មេងតូច។ យើងនឹងយកសាកសពឯងឲ្យសត្វស្លាបនិងសត្វសាហាវស៊ីជាចំណី›។ ប៉ុន្តែ ដាវីឌមិនភ័យខ្លាចឡើយ គាត់ឆ្លើយយ៉ាងខ្លាំងថា៖ ‹អ្នកមកប្រកួតនឹងខ្ញុំដោយមានដាវនិងលំពែង តែខ្ញុំមកប្រកួតនឹងអ្នកដោយនូវនាមព្រះយេហូវ៉ា។ អ្នកមិនមែនកំពុងប្រយុទ្ធនឹងយើងទេ តែអ្នកកំពុងប្រយុទ្ធនឹងព្រះវិញ។ មនុស្សគ្រប់គ្នាដែលនៅទីនេះនឹងឃើញថា ព្រះយេហូវ៉ាគឺមានឫទ្ធានុភាពខ្លាំងជាងដាវនិងលំពែង។ លោកនឹងប្រគល់ពួកអ្នកមកក្នុងកណ្ដាប់ដៃយើង›។
ដាវីឌបានយកថ្មមួយគ្រាប់ដាក់ក្នុងខ្សែដង្ហក់ ហើយគ្រវីអស់ពីកម្លាំង រួចពន្លែងគ្រាប់ថ្មចេញទៅ។ ដោយជំនួយពីព្រះយេហូវ៉ា គ្រាប់ថ្មនោះបោះពួយចូលចំថ្ងាសរបស់កូលីយ៉ាត បណ្ដាលឲ្យគាត់ដួលស្លាប់នៅនឹងដី។ ពេលឃើញដូច្នេះ ពួកភីលីស្ទីនក៏នាំគ្នារត់យករួចខ្លួន។ តើអ្នកទុកចិត្តព្រះយេហូវ៉ាដូចដាវីឌទេ?
«មនុស្សមិនអាចសម្រេចការនេះបានឡើយ តែព្រះអាចសម្រេចការនេះបាន ពីព្រោះព្រះអាចសម្រេចគ្រប់ការទាំងអស់»។—ម៉ាកុស ១០:២៧