មេរៀនទី៤១
ដាវីឌនិងសុល
ក្រោយពីដាវីឌសម្លាប់កូលីយ៉ាត ស្ដេចសុលបានតែងតាំងគាត់ឲ្យធ្វើជាមេទ័ពម្នាក់។ ដាវីឌបានឈ្នះសង្គ្រាមជាច្រើន ហើយមានកេរ្ដិ៍ឈ្មោះល្បីល្បាញ។ រាល់ដងដែលដាវីឌត្រឡប់មកពីធ្វើសង្គ្រាមវិញ ពួកស្ត្រីតែងតែចេញមករាំនិងច្រៀងថា៖ ‹សុលសម្លាប់សត្រូវរាប់ពាន់ ហើយដាវីឌសម្លាប់រាប់ម៉ឺន!›។ នេះធ្វើឲ្យសុលច្រណែនដាវីឌ ហើយចង់សម្លាប់គាត់។
ដាវីឌពូកែដេញពិណណាស់។ ថ្ងៃមួយ ពេលដាវីឌកំពុងដេញពិណឲ្យសុលស្ដាប់ នោះស្រាប់តែសុលពួយលំពែងទៅដាវីឌ។ ប៉ុន្តែ ដាវីឌគេចផុត ឯលំពែងក៏ជាប់នៅនឹងជញ្ជាំង។ បន្ទាប់ពីនោះមក សុលព្យាយាមសម្លាប់ដាវីឌម្ដងហើយម្ដងទៀត។ ទីបំផុត ដាវីឌត្រូវរត់ភៀសខ្លួនទៅក្នុងតំបន់ស្ងាត់ជ្រងំ។
សុលបានដឹកនាំកងទ័ព៣.០០០នាក់ចេញតាមរកដាវីឌ។ ប៉ុន្តែ ចៃដន្យគាត់បានចូលទៅក្នុងរូងភ្នំមួយ ចំកន្លែងដែលដាវីឌនិងគ្នារបស់គាត់កំពុងលាក់ខ្លួន។ គ្នារបស់ដាវីឌខ្សឹបប្រាប់គាត់ថា៖ ‹នេះគឺជាឱកាសល្អឲ្យ
លោកសម្លាប់សុលហើយ!›។ ដាវីឌក៏លបៗទៅកាត់ជាយសម្លៀកបំពាក់របស់សុល តែសុលមិនបានដឹងទេ។ ប៉ុន្តែ ដាវីឌស្ដាយក្រោយជាខ្លាំង ដែលគាត់មិនបានបង្ហាញការគោរពចំពោះស្ដេច ដែលព្រះយេហូវ៉ាបានតែងតាំង។ ដាវីឌបានហាមគ្នារបស់គាត់ កុំឲ្យសម្លាប់សុល។ រួចមក ដាវីឌបានស្រែកប្រាប់សុលថា គាត់មានឱកាសសម្លាប់សុល តែគាត់មិនព្រមធ្វើទេ។ តើនេះនឹងធ្វើឲ្យសុលប្រែចិត្តឬទេ?អត់ទេ សុលបន្តតាមប្រមាញ់ដាវីឌ។ នៅយប់មួយ ដាវីឌនិងក្មួយប្រុសរបស់គាត់ឈ្មោះអាប៊ីសាយ បានលួចចូលក្នុងជំរំរបស់សុល។ ពេលនោះសូម្បីតែអាប់ណឺជាអង្គរក្សសុល ក៏ដេកលក់ដែរ។ អាប៊ីសាយបានប្រាប់ដាវីឌថា៖ ‹នេះជាឱកាសល្អណាស់! សូមឲ្យខ្ញុំសម្លាប់ស្ដេចចោល›។ ដាវីឌតបថា៖ ‹ព្រះយេហូវ៉ានឹងវិនិច្ឆ័យស្ដេចសុល។ យើងគ្រាន់តែយកលំពែង និងក្អមទឹករបស់ស្ដេចចេញទៅបានហើយ›។
បន្ទាប់មក ដាវីឌឡើងទៅលើភ្នំមួយ ហើយស្រែកពីលើនោះមកថា៖ ‹អាប់ណឺអើយ ហេតុអ្វីបានជាអ្នកមិនការពារស្ដេចរបស់អ្នក? តើក្អមទឹកនិងលំពែងរបស់ស្ដេចសុលនៅឯណា?›។ សុលស្គាល់សំឡេងរបស់ដាវីឌ ហើយនិយាយថា៖ ‹ដាវីឌ អ្នកមានឱកាសសម្លាប់ខ្ញុំ តែអ្នកមិនធ្វើទេ។ ខ្ញុំដឹងថាអ្នកនឹងទៅជាស្ដេចបន្ទាប់ក្នុងស្រុកអ៊ីស្រាអែល›។ រួចសុលក៏ត្រឡប់ទៅវិមានរបស់គាត់វិញ។ ប៉ុន្តែ មិនមែនទាំងអស់គ្នាក្នុងគ្រួសាររបស់សុលស្អប់ដាវីឌឡើយ។
«ចូរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់ ប្រសិនបើអាចធ្វើទៅបាន។ បងប្អូនជាទីស្រឡាញ់ កុំសងសឹកដោយខ្លួនអ្នកឡើយ តែចូរទុកឲ្យព្រះបង្ហាញសេចក្ដីក្រោធរបស់លោក»។—រ៉ូម ១២:១៨, ១៩