មេរៀនទី៤៤
វិហារសម្រាប់ព្រះយេហូវ៉ា
ក្រោយពីសាឡូម៉ូនឡើងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះយេហូវ៉ាបានសួរគាត់ថា៖ ‹តើអ្នកចង់បានអ្វី?›។ សាឡូម៉ូនឆ្លើយថា៖ ‹ខ្ញុំនៅក្មេង ហើយមិនដឹងថាត្រូវធ្វើអ្វីទេ។ សូមលោកផ្ដល់ឲ្យខ្ញុំមានប្រាជ្ញា ដើម្បីខ្ញុំអាចថែរក្សារាស្ត្ររបស់លោក›។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ដោយសារអ្នកបានសុំប្រាជ្ញា ខ្ញុំនឹងឲ្យអ្នកមានប្រាជ្ញាច្រើនជាងគេបំផុតនៅផែនដី។ ខ្ញុំក៏នឹងឲ្យអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដែរ។ បើអ្នកស្ដាប់បង្គាប់ខ្ញុំ អ្នកនឹងមានអាយុវែង›។
សាឡូម៉ូនចាប់ផ្ដើមសង់វិហារ។ គាត់បានប្រើមាស ប្រាក់ ឈើ និងថ្មល្អបំផុត។ សិប្បកររាប់ពាន់នាក់ទាំងប្រុសទាំងស្រីបានមកជួយសង់វិហារ។ អស់ប្រាំពីរឆ្នាំ វិហារបានត្រូវសង់រួចរាល់ ហើយឥឡូវត្រូវប្រគល់ជូនព្រះយេហូវ៉ា។ សាឡូម៉ូនលុតជង្គង់នៅមុខទីបូជា ដែលមានពេញដោយគ្រឿងបូជា ហើយអធិដ្ឋានថា៖ ‹ឱព្រះយេហូវ៉ាអើយ វិហារនេះមិនធំល្មម ហើយក៏មិនស្អាតពេកសម្រាប់លោកដែរ។ ប៉ុន្តែ សូមលោកទទួលយកការគោរពប្រណិប័តន៍ និងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងខ្ញុំផង›។ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះវិហារ និងសេចក្ដីអធិដ្ឋានរបស់សាឡូម៉ូន? បន្ទាប់ពីសាឡូម៉ូនអធិដ្ឋានចប់ភ្លាម ក៏មានភ្លើងធ្លាក់ពីលើមេឃមកឆេះគ្រឿងបូជានៅលើទីបូជា។ នេះបញ្ជាក់ថា ព្រះយេហូវ៉ាព្រមទទួលយកវិហារនេះ។ ពេលជនជាតិអ៊ីស្រាអែលឃើញដូច្នេះ ពួកគេសប្បាយចិត្តជាខ្លាំង។
ប្រាជ្ញារបស់សាឡូម៉ូនបានល្បីសុសសាយពេញស្រុកអ៊ីស្រាអែល រហូតដល់ស្រុកឆ្ងាយ។ មនុស្សម្នានាំគ្នាទៅជួបសាឡូម៉ូន ដើម្បីឲ្យគាត់ដោះស្រាយបញ្ហារបស់ពួកគេ។ សូម្បីតែម្ចាស់ក្សត្រីស្រុកសេបាក៏មកជួបដើម្បីចង់ដឹងប្រាជ្ញារបស់សាឡូម៉ូន ដោយសួរគាត់នូវសំណួរពិបាកៗ។ ពេលបានស្ដាប់ចម្លើយរបស់សាឡូម៉ូន នាងក៏និយាយថា៖ ‹ដំបូងខ្ញុំមិនជឿអ្វីដែលគេប្រាប់ខ្ញុំទេ។ ប៉ុន្តែ ឥឡូវខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថា លោកមានប្រាជ្ញាច្រើនជាងគេនិយាយទៅទៀត។ សូមព្រះយេហូវ៉ាជាព្រះរបស់លោក ឲ្យពរដល់លោក›។ ក្នុងអំឡុងពេលនោះ ជនជាតិអ៊ីស្រាអែលមានជីវិតរុងរឿង និងមានសេចក្ដីសុខ។ ប៉ុន្តែ មិនយូរទៀតស្ថានភាពនោះនឹងត្រូវផ្លាស់ប្ដូរ។
«មើល! អ្នកដែលធំជាងសាឡូម៉ូន គឺនៅទីនេះហើយ»។—ម៉ាថាយ ១២:៤២