មេរៀនទី៤៦
ការសាកល្បងលើភ្នំកើមែល
កុលសម្ព័ន្ធ១០នៃរាជាណាចក្រអ៊ីស្រាអែលមានស្ដេចអាក្រក់ជាច្រើន តែស្ដេចដែលអាក្រក់ជាងគេគឺអាហាប់។ អាហាប់បានរៀបការនឹងស្ត្រីកំណាចម្នាក់ឈ្មោះយេសិបិល ជាអ្នកគោរពបូជាព្រះបាល។ អាហាប់និងយេសិបិលបានធ្វើឲ្យស្រុកពេញដោយការគោរពបូជាព្រះបាល ហើយបានសម្លាប់អ្នកប្រកាសទំនាយជាច្រើនរបស់ព្រះយេហូវ៉ា។ តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា? លោកបានចាត់អ្នកប្រកាសទំនាយអេលីយ៉ាឲ្យនាំសារទៅប្រាប់អាហាប់។
អេលីយ៉ាប្រាប់ស្ដេចអាហាប់ថា ដោយសារគាត់ប្រព្រឹត្តអំពើអាក្រក់ នោះស្រុកអ៊ីស្រាអែលនឹងគ្មានភ្លៀងទេ។ ពិតមែន អស់ជាងបីឆ្នាំដំណាំមិនដុះលូតលាស់ នាំឲ្យបណ្ដាជនជួបការអត់ឃ្លាន។ ក្រោយមក ព្រះយេហូវ៉ាបានចាត់អេលីយ៉ាឲ្យត្រឡប់ទៅជួបអាហាប់វិញ។ ស្ដេចអាហាប់និយាយថា៖ ‹ឱអ្នកបង្កបញ្ហាអើយ! អ្នកបានធ្វើឲ្យយើងរងទុក្ខវេទនា›។ អេលីយ៉ាឆ្លើយថា៖ ‹ខ្ញុំមិនបានធ្វើទេ តែអ្នកវិញទេដែលបានធ្វើ ដោយសារអ្នកគោរពបូជាព្រះបាល។ ឥឡូវ យើងនឹងសាកល្បងគ្នា។ សូមអ្នកកោះហៅបណ្ដាជន និងអ្នកប្រកាសទំនាយរបស់ព្រះបាលឲ្យមកជួបជុំគ្នានៅលើភ្នំកើមែល›។
បណ្ដាជនបានមកជួបជុំគ្នានៅលើភ្នំនោះ។ អេលីយ៉ានិយាយថា៖ ‹ចូរអ្នករាល់គ្នាសម្រេចចិត្ត។ បើព្រះយេហូវ៉ាជាព្រះពិត ចូរកាន់តាមលោក។ តែបើព្រះបាលជាព្រះពិត ចូរកាន់តាមព្រះបាលទៅ។ សូមយើងសម្រេចគ្នាថាធ្វើដូច្នេះ។ ចូរឲ្យអ្នកប្រកាសទំនាយរបស់ព្រះបាលទាំង៤៥០នាក់រៀបចំគ្រឿងបូជា ហើយហៅឈ្មោះព្រះរបស់ពួកគេ។ ចំណែកខ្ញុំវិញ ខ្ញុំនឹងរៀបចំគ្រឿងបូជា ហើយហៅឈ្មោះព្រះយេហូវ៉ា។ បើព្រះណាដែលឆ្លើយមកដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយជាព្រះពិត›។ បណ្ដាជនក៏យល់ស្រប។
អ្នកប្រកាសទំនាយព្រះបាលក៏នាំគ្នារៀបចំជូនគ្រឿងបូជា ហើយស្រែកហៅព្រះរបស់ពួកគេពេញមួយថ្ងៃថា៖ «ឱព្រះបាលអើយ! សូមឆ្លើយមកយើងផង»។ ប៉ុន្តែ គ្មានសំឡេងឆ្លើយតបពីព្រះបាលឡើយ។ ដូច្នេះ អេលីយ៉ាក៏ចំអកឲ្យពួកគេថា៖ ‹សូមពួកអ្នកស្រែកឲ្យខ្លាំងឡើង ប្រហែលជាគាត់កំពុងដេកលក់ទេដឹង សូមឲ្យអ្នកណាម្នាក់ទៅដាស់គាត់ទៅ›។ អ្នកប្រកាសទំនាយរបស់ព្រះបាល បន្តហៅរកព្រះបាលរហូតដល់ល្ងាច ប៉ុន្តែគ្មានសំឡេងឆ្លើយសោះ។
រីឯអេលីយ៉ាវិញ គាត់ដាក់គ្រឿងបូជាលើទីបូជា រួចចាក់ទឹកពីលើ។ បន្ទាប់មក គាត់អធិដ្ឋានថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមឲ្យបណ្ដាជនដឹងថាលោកគឺជាព្រះពិត›។ ខណៈនោះ ព្រះយេហូវ៉ាបានធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះគ្រឿងបូជា។ បណ្ដាជនស្រែកឡើងថា៖ «ព្រះយេហូវ៉ាគឺជាព្រះពិត!»។
អេលីយ៉ានិយាយថា៖ ‹កុំឲ្យអ្នកប្រកាសទំនាយរបស់ព្រះបាលរួចខ្លួនឡើយ!›។ នៅថ្ងៃនោះ អ្នកប្រកាសទំនាយរបស់ព្រះបាលទាំង៤៥០នាក់បានត្រូវសម្លាប់។ពេលអេលីយ៉ាឃើញពពកតូចមួយឡើងពីសមុទ្រ គាត់ក៏ប្រាប់អាហាប់ថា៖ ‹ភ្លៀងកំពុងមកហើយ! សូមអ្នកប្រញាប់ឡើងរទេះត្រឡប់ទៅវិមានវិញទៅ›។ ភ្លាមនោះមេឃចាប់ផ្ដើមងងឹត ហើយខ្យល់វាយបក់បោក ធ្វើឲ្យធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ទីបំផុត ភាពរាំងស្ងួតបានត្រូវបញ្ចប់។ ស្ដេចអាហាប់ខំបររទេះយ៉ាងលឿន តែព្រះយេហូវ៉ាបានធ្វើឲ្យអេលីយ៉ារត់លឿនជាងរទេះអាហាប់! ប៉ុន្តែ តើបញ្ហារបស់អេលីយ៉ាចប់ត្រឹមនេះឬ? សូមយើងមើលបន្តទៀត។
«សូមឲ្យមនុស្សទាំងឡាយដឹងថា លោកដែលមាននាមយេហូវ៉ា ជាព្រះតែមួយប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល»។—ចម្រៀងសរសើរព្រះ ៨៣:១៨