លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៤

ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស

ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស

ជន​ជាតិ​អាស៊ីរី​នៅ​ក្រុង​នីនីវេ ជា​មនុស្ស​អាក្រក់​ណាស់។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​ឲ្យ​ទៅ​ក្រុង​នីនីវេ ដើម្បី​ព្រមាន​ពួក​គេ​ឲ្យ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ប៉ុន្តែ យ៉ូណាស​បាន​រត់​គេច​ទៅ​ទិស​ដៅ​ផ្ទុយ។ គាត់​បាន​ជិះ​សំពៅ​ទៅ​ក្រុង​តើស៊ីស។

ខណៈ​ដែល​សំពៅ​នៅ​លើ​សមុទ្រ ស្រាប់​តែ​កើត​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ពួក​អ្នក​បើក​សំពៅ​ភ័យ​តក់​ស្លុត​គ្រប់​គ្នា។ ពួក​គេ​អធិដ្ឋាន​ទៅ​ព្រះ​រៀង​ៗ​ខ្លួន ហើយ​សួរ​គ្នា​ថា​៖ ‹ហេតុ​អ្វី​មាន​រឿង​បែប​នេះ?›។ ទី​បំផុត យ៉ូណាស​សារភាព​ថា​៖ ‹នេះ​ជា​កំហុស​របស់​ខ្ញុំ។ ខ្ញុំ​បាន​រត់​គេច​ពី​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ធ្វើ។ ចូរ​បោះ​ខ្ញុំ​ទៅ​ក្នុង​សមុទ្រ នោះ​នឹង​ឈប់​មាន​ព្យុះ​ទៀត›។ ពួក​អ្នក​បើក​សំពៅ​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ តែ​យ៉ូណាស​ទទូច​សុំ​ឲ្យ​ពួក​គេ​ធ្វើ។ ពេល​ពួក​គេ​បោះ​គាត់​ទៅ​ក្នុង​សមុទ្រ​ភ្លាម ខ្យល់​ព្យុះ​ក៏​ស្ងប់​បាត់។

យ៉ូណាស​គិត​ថា​គាត់​នឹង​ស្លាប់។ កាល​ដែល​គាត់​លិច​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​សមុទ្រ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ រួច​មក ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ត្រី​ដ៏​ធំ​មួយ​មក​លេប​យ៉ូណាស តែ​លោក​មិន​ឲ្យ​វា​សម្លាប់​គាត់​ទេ។ យ៉ូណាស​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ពោះ​ត្រី​ថា​៖ ‹ខ្ញុំ​សន្យា​ថា​នឹង​ស្ដាប់​បង្គាប់​លោក​ជា​រៀង​រហូត›។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ូណាស​មាន​សុវត្ថិភាព​ក្នុង​ពោះ​ត្រី​អស់​បី​ថ្ងៃ។ បន្ទាប់​មក លោក​បាន​ធ្វើ​ឲ្យ​ត្រី​ក្អែ​យ៉ូណាស​មក​លើ​ដី​គោក​វិញ។

ពិត​មែន​តែ​ព្រះ​យេហូវ៉ា​សង្គ្រោះ​យ៉ូណាស តើ​នេះ​មាន​ន័យ​ថា​គាត់​មិន​ចាំ​បាច់​ទៅ​ក្រុង​នីនីវេ​ទេ? មិន​មែន​ទេ! ព្រះ​យេហូវ៉ា​នៅ​តែ​ប្រាប់​គាត់​ឲ្យ​ទៅ​ក្រុង​នោះ។ លើក​នេះ យ៉ូណាស​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ គាត់​បាន​ទៅ​ក្រុង​នោះ ហើយ​ប្រកាស​ប្រាប់​មនុស្ស​អាក្រក់​ថា​៖ ​«​នៅ​៤០​ថ្ងៃ​ទៀត ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​»។ បន្ទាប់​មក មាន​អ្វី​មួយ​កើត​ឡើង​ដែល​ស្មាន​មិន​ដល់ គឺ​ពួក​អ្នក​ក្រុង​នីនីវេ​បាន​ស្ដាប់​តាម​ការ​ព្រមាន ហើយ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ ស្ដេច​ក្រុង​នីនីវេ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹ចូរ​អធិដ្ឋាន​ទៅ​ព្រះ ហើយ​ប្រែ​ចិត្ត។ បើ​យើង​ធ្វើ​ដូច្នេះ លោក​ប្រហែល​ជា​នឹង​មិន​បំផ្លាញ​យើង​ទេ›។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ពួក​គេ​ប្រែ​ចិត្ត លោក​មិន​បាន​បំផ្លាញ​ក្រុង​នីនីវេ​ឡើយ។

យ៉ូណាស​ខឹង ពេល​ក្រុង​នីនីវេ​មិន​បាន​ត្រូវ​បំផ្លាញ។ សូម​គិត​៖ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​និង​មេត្តា​ចំពោះ​យ៉ូណាស តែ​យ៉ូណាស​មិន​មាន​ចិត្ត​មេត្តា​ចំពោះ​ពួក​អ្នក​ក្រុង​នីនីវេ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចេញ​ពី​ក្រុង ហើយ​អង្គុយ​ក្រោម​ដើម​ឃ្លោក​ដែល​កំពុង​ដុះ​លូត​លាស់។ ពេល​ដែល​ដើម​នោះ​ងាប់ យ៉ូណាស​ខឹង​ម្ដង​ទៀត។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ ‹អ្នក​ស្ដាយ​ដើម​នេះ តែ​បែរ​ជា​មិន​ស្ដាយ​ពួក​អ្នក​ក្រុង​នីនីវេ ទោះ​ជា​ខ្ញុំ​បង្ហាញ​ចិត្ត​មេត្តា​និង​ទុក​ជីវិត​ឲ្យ​ពួក​គេ​ក៏​ដោយ›។ មេ​រៀន​គឺ ព្រះ​យេហូវ៉ា​ចង់​បង្រៀន​យ៉ូណាស​ថា ជីវិត​របស់​ពួក​អ្នក​ក្រុង​នីនីវេ មាន​តម្លៃ​ច្រើន​ជាង​ដើម​ឈើ​ទាំង​អស់។

​«​ព្រះ​យេហូវ៉ា . . . អត់​ធ្មត់​នឹង​អ្នក​រាល់​គ្នា ពីព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។—ពេត្រុស​ទី២ ៣:៩