សំណួរទី៨
តើខ្ញុំគួរដឹងអ្វីខ្លះអំពីការរំលោភបំពានផ្លូវភេទ?
តើប្អូននឹងធ្វើយ៉ាងណា?
នារីម្នាក់ឈ្មោះអាណាត្រូវបុរសម្នាក់ចាប់ផ្ដួលទៅដីដោយនាងមិនបានដឹងខ្លួន។ នាងនិយាយថា៖ «ខ្ញុំខំប្រតាយប្រតប់ជាមួយនឹងប្រុសនោះ។ ខ្ញុំព្យាយាមស្រែកតែមិនចេញសំឡេងទេ។ ខ្ញុំបានច្រានផង ធាក់ផង ដាល់ផង ហើយខ្វាមផង តែពេលនោះគាត់បានចាក់ខ្ញុំនឹងកាំបិតមួយ។ រំពេចនោះ ខ្ញុំក៏ទន់ដៃទន់ជើងទៅ»។
បើប្អូននៅក្នុងស្ថានភាពដូចនោះ តើប្អូននឹងធ្វើអ្វី?
គិតមុនគូរ!
ពេលប្អូនចេញទៅក្រៅនៅពេលយប់ ប្អូនប្រហែលជាបានប្រុងប្រយ័ត្នហើយ យ៉ាងណាក្ដីនៅតែអាចមានរឿងអាក្រក់កើតឡើង។ គម្ពីរចែងថា៖ «គ្រប់ទាំងអស់ស្រេចនៅពេលវេលានឹងឱកាសវិញ»ឬអាចមានរឿងចៃដន្យកើតឡើង។—សាស្ដា ៩:១១
ដូចអាណាដែរ មនុស្សវ័យក្មេងខ្លះបានត្រូវអ្នកដែលពួកគេមិនស្គាល់ចាប់រំលោភ។ រីឯយុវវ័យផ្សេងទៀត បានត្រូវសាច់ញាតិ ឬអ្នកដែលខ្លួនស្គាល់បៀតបៀនកេរ្ដិ៍ខ្មាស។ យុវតីម្នាក់ឈ្មោះណាតាលី ពេលនាងមានអាយុ១០ឆ្នាំត្រូវក្មេងប្រុសជំទង់ក្បែរផ្ទះចាប់រំលោភនាង។ ណាតាលីនិយាយថា៖ «ពីដំបូងខ្ញុំមិនហ៊ានប្រាប់អ្នកណាទេ ដោយសារខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយខ្មាសគេ»។
មិនមែនជាកំហុសប្អូនទេ
អាណានៅតែមានអារម្មណ៍បន្ទោសខ្លួនចំពោះរឿងដែលបានកើតឡើង។ នាងនិយាយថា៖ «ខ្ញុំតែងតែនឹកឃើញរឿងនោះ។ ខ្ញុំគិតថាបើខ្ញុំខំតដៃខ្លាំងជាង ខ្ញុំអាចរួចខ្លួនបាន។ ប៉ុន្តែ តាមពិតក្រោយពីបុរសនោះបានយកកាំបិតចាក់ខ្ញុំហើយ ខ្ញុំភ័យណាស់ហើយលែងហ៊ានតដៃទៀត។ ពេលនោះខ្ញុំមិនអាចធ្វើអ្វីបានសោះ តែខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំគួរព្យាយាមខ្លាំងជាង»។
ចំណែកឯណាតាលីវិញ នាងក៏មានអារម្មណ៍បន្ទោសខ្លួនដែរ។ នាងនិយាយថា៖ «ឪពុកម្ដាយបានដាក់ច្បាប់ថាបើខ្ញុំនិងប្អូនស្រីខ្ញុំចង់ចេញទៅលេងខាងក្រៅផ្ទះ ពួកខ្ញុំគួរទៅជាមួយគ្នា តែខ្ញុំមិនបានធ្វើតាមទេ។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថាគឺខ្ញុំដែលបានទុកឱកាសឲ្យប្រុសជិតខាងនោះធ្វើបាបខ្ញុំ។ ខ្ញុំមិនគួរទុកចិត្តប្រុសនោះឡើយ។ ខ្ញុំជាដើមហេតុដែលនាំឲ្យក្រុមគ្រួសារខ្ញុំឈឺចាប់យ៉ាងខ្លាំង។ នេះធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងបំផុត»។
បើប្អូនមានអារម្មណ៍ដូចអាណា ឬណាតាលី សូមប្អូនចាំថាអ្នកដែលបានត្រូវគេរំលោភមិនមែនស្ម័គ្រចិត្តឲ្យគេរំលោភទេ។ ប៉ុន្តែ មនុស្សខ្លះមានទស្សនៈមិនត្រឹមត្រូវ ដោយនិយាយថាការចាប់រំលោភមិនមែនជារឿងធ្ងន់ធ្ងរឡើយ ព្រោះពួកគេដោះសាថារឿងនោះកើតឡើងគឺបណ្ដាលមកពីជនរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ គ្មានអ្នកណាម្នាក់ដែលសមនឹងត្រូវគេរំលោភឡើយ។ សូមចាំថា បើប្អូនជាជនរងគ្រោះនៃអំពើដ៏លាមកនេះ នោះមិនមែនជាកំហុសរបស់ប្អូនទេ!
ពិតណាស់ការនិយាយថា«មិនមែនជាកំហុសរបស់ប្អូនទេ»គឺស្រួលនិយាយ តែប្អូនប្រហែលជាពិបាកជឿថានោះមិនមែនជាកំហុសរបស់ប្អូន។ អ្នកខ្លះលាក់អារម្មណ៍របស់ខ្លួនអំពីរឿងដែលបានកើតឡើង។ យ៉ាងនេះ ពួកគេក្រៀមក្រំចិត្ត ហើយបន្ទោសខ្លួនជានិច្ច។ ប៉ុន្តែ បើប្អូននៅស្ងៀម តើអ្នកណានឹងទទួលប្រយោជន៍ ប្អូនឬក៏អ្នកដែលធ្វើបាបប្អូន? បើប្អូនប្រាប់អ្នកឯទៀត នោះប្អូននឹងទទួលប្រយោជន៍ច្រើនជាង។
សូមប្រាប់អំពីរឿងរបស់ប្អូន
គម្ពីរបានប្រាប់អំពីបុរសសុចរិតម្នាក់ឈ្មោះយ៉ូបដែលបានរងទុក្ខវេទនាយ៉ាងខ្លាំង។ យ៉ូបនិយាយថា៖ «ខ្ញុំនឹងនិយាយ ដោយសេចក្ដីជូរល្វីងក្នុងចិត្ត»។ (យ៉ូប ១០:១) ប្អូនប្រហែលជានឹងមានអារម្មណ៍ធូរស្រាលបើប្អូននិយាយចេញមក។ ការនិយាយប្រាប់អ្នកដែលប្អូនទុកចិត្តអាចជួយសម្រាលទុក្ខប្អូន និងជួយប្អូនឲ្យធ្វើចិត្តដើម្បីប្អូនអាចសាងជីវិតថ្មី។
អាណាបានឃើញថាការធ្វើដូច្នោះគឺពិតជាបានជួយនាងមែន។ នាងប្រាប់ថា៖ «ខ្ញុំបាននិយាយប្រាប់មិត្តជិតស្និទ្ធម្នាក់ ហើយគាត់បានលើកទឹកចិត្តខ្ញុំឲ្យនិយាយជាមួយនឹងអ្នកចាស់ទុំគ្រិស្តសាសនិកពីរនាក់ក្នុងក្រុមជំនុំ។ ខ្ញុំសប្បាយចិត្តដែលខ្ញុំបានធ្វើដូច្នេះ។ ពួកគាត់បានមកជួបខ្ញុំច្រើនដង ហើយស្ដាប់ខ្ញុំនិយាយ ថែមទាំងប្រាប់ខ្ញុំថាអ្វីដែលបានកើតឡើងនោះមិនមែនជាកំហុសរបស់ខ្ញុំទាល់តែសោះ។ នេះពិតជាអ្វីដែលខ្ញុំចង់ឮមែន»។
ណាតាលីបានប្រាប់ឪពុកម្ដាយអំពីរឿងចាប់រំលោភនោះ។ នាងនិយាយថា៖ «ពួកគាត់យល់អារម្មណ៍ខ្ញុំ ថែមទាំងលើកទឹកចិត្តខ្ញុំឲ្យនិយាយរឿងនោះចេញមក។ នេះបានជួយខ្ញុំមិនឲ្យក្រៀមក្រំចិត្ត និងកុំឲ្យខឹងទៀត»។
ណាតាលីក៏បានទទួលការសម្រាលទុក្ខដែរតាមរយៈសេចក្ដីអធិដ្ឋាន។ នាងប្រាប់ថា៖ «ការនិយាយទៅកាន់ព្រះបានជួយខ្ញុំ ជាពិសេសនៅពេលដែលខ្ញុំមានអារម្មណ៍ថាខ្ញុំពិបាកបើកចិត្តចំពោះមនុស្សឯទៀត។ ពេលខ្ញុំអធិដ្ឋានខ្ញុំអាចជម្រាបព្រះអស់ពីចិត្ត។ នេះបាននាំឲ្យខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្តនិងមានចិត្តស្ងប់»។
ចំណែកប្អូនវិញ ប្អូនក៏ត្រូវការ«ពេលសំរាប់មើលឲ្យជា»នូវស្លាកស្នាមផ្លូវចិត្តដែរ។ (សាស្ដា ៣:៣) សូមថែសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ប្អូន។ សូមសម្រាកឲ្យបានគ្រប់គ្រាន់។ សំខាន់បំផុត សូមពឹងផ្អែកលើព្រះយេហូវ៉ាដែលអាចសម្រាលទុក្ខយើងគ្រប់បែបយ៉ាង។—កូរិនថូសទី២ ១:៣, ៤
បើប្អូនមានអាយុល្មមនឹងមានសង្សារ
បើប្អូនជាស្រី ហើយត្រូវសង្សារព្យាយាមប្រព្រឹត្តអំពើស្មោកគ្រោកមកលើប្អូន គឺជាការត្រឹមត្រូវដែលប្អូននិយាយយ៉ាងម៉ឺងម៉ាត់ថា«កុំធ្វើអ៊ីចឹង!» ឬ«យកដៃចេញភ្លាម!»។ កុំនៅស្ងៀមដោយខ្លាចថាប្អូននឹងបាត់បង់សង្សារនោះឡើយ ព្រោះបើសង្សាររបស់ប្អូនបែកពីប្អូនដោយសារតែរឿងនេះ នោះគាត់មិនសមនឹងប្អូនទេ! ប្អូនសមនឹងបុរសល្អដែលគោរពរក្សាកិត្ដិយសនិងគោលការណ៍របស់ប្អូន។
សំណួរចម្លើយអំពីការបៀតបៀនកេរ្ដិ៍ខ្មាស
ប្អូនស្រីម្នាក់ឈ្មោះខូរីតានិយាយថា៖ «នៅសាលា ប្រុសៗខ្លះបានទាញអាវក្នុងខ្ញុំ ហើយនិយាយមើលងាយថាបើខ្ញុំបានគេងជាមួយពួកគេមិនដឹងជាសប្បាយយ៉ាងណាទេ»។
តើប្អូនគិតថាប្រុសៗទាំងនោះកំពុង
-
ក. លេងសើចនឹងនាង?
-
ខ. ចែចង់នាង?
-
គ. បៀតបៀនកេរ្ដិ៍ខ្មាសនាង?
យុវតីម្នាក់ឈ្មោះខេនឌីសនិយាយថា៖ «ពេលជិះឡានក្រុងទៅសាលា សិស្សប្រុសម្នាក់ចាប់ផ្ដើមនិយាយពាក្យចំអេសចំអាសដាក់ខ្ញុំ ហើយយកដៃប៉ះរាងកាយខ្ញុំ តែខ្ញុំបានវាយដៃគាត់ រួចប្រាប់គាត់ឲ្យចេញពីខ្ញុំភ្លាម។ គាត់មើលមកខ្ញុំដូចខ្ញុំជាមនុស្សឆ្កួត»។
តើប្អូនគិតថាប្រុសនេះកំពុងធ្វើអ្វីដាក់ខេនឌីស?
-
ក. លេងសើចនឹងនាង?
-
ខ. ចែចង់នាង?
-
គ. បៀតបៀនកេរ្ដិ៍ខ្មាសនាង?
យុវនារីម្នាក់ឈ្មោះបេថានីនិយាយថា៖ «ឆ្នាំមុន ប្រុសម្នាក់ប្រាប់ខ្ញុំថាគាត់ចូលចិត្តខ្ញុំ ហើយចង់ធ្វើជាសង្សារខ្ញុំ ទោះជាខ្ញុំប្រាប់គាត់ម្ដងហើយម្ដងទៀតថាអត់ទេក៏ដោយ។ ជួនកាល គាត់ចាប់ដៃខ្ញុំ។ ខ្ញុំប្រាប់គាត់ថាឈប់ភ្លាម តែគាត់មិនស្ដាប់។ ក្រោយមក ពេលខ្ញុំកំពុងឱនចងខ្សែស្បែកជើង គាត់បានទះគូទខ្ញុំ»។
តើប្អូនគិតថាប្រុសនេះកំពុង:
-
ក. លេងសើចនឹងនាង?
-
ខ. ចែចង់នាង?
-
គ. បៀតបៀនកេរ្ដិ៍ខ្មាសនាង?
ជម្រើសត្រឹមត្រូវចំពោះសំណួរទាំងបីនោះគឺ គ។
តើការបៀតបៀនកេរ្ដិ៍ខ្មាសខុសគ្នាពីការលេងសើច និងការចែចង់យ៉ាងណា?
ការបៀតបៀនកេរ្ដិ៍ខ្មាសគឺធ្វើឡើងដោយភាគីតែម្ខាងប៉ុណ្ណោះ។ ទោះជាភាគីជនរងគ្រោះប្រាប់ច្រើនដងហើយថាកុំធ្វើដូច្នោះ តែភាគីម្ខាងទៀតមិនព្រមឈប់ទេ។
ការបៀតបៀនកេរ្ដិ៍ខ្មាសគឺជារឿងធ្ងន់ធ្ងរ ហើយនេះអាចនាំឲ្យមានអំពើហិង្សាផ្លូវភេទ។