លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៤

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ធ្វើ​ខុស?

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​ធ្វើ​ខុស?

មូលហេតុ​ត្រូវ​ដឹង

បើ​ប្អូន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន នោះ​ប្អូន​នឹង​ទៅ​ជា​មនុស្ស​ដែល​ចេះ​ទទួល​ខុស​ត្រូវ និង​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ធីម​កំពុង​លេង​បាល់​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ពេល​នោះ​ស្រាប់​តែ​គាត់​បាន​គប់​បាល់​ទៅ​ចៃដន្យ​បែក​កញ្ចក់​ឡាន​អ្នក​ជិត​ខាង។

បើ​ប្អូន​ជា​ធីម តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

ប្អូន​មាន​ជម្រើស​បី:

  1. ក. រត់។

  2. ខ. បន្ទោស​អ្នក​ឯ​ទៀត។

  3. គ. ប្រាប់​ការ​ពិត​ដល់​អ្នក​ជិត​ខាង ហើយ​សុំ​សង​ថ្លៃ​ខូច​ខាត។

ប្អូន​ប្រហែល​ជា​ចង់​យក​ជម្រើស ក។ ប៉ុន្តែ ការ​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន គឺ​ជា​ទង្វើ​ត្រឹម​ត្រូវ​ជា​និច្ច ទោះ​ជា​ប្អូន​បាន​ធ្វើ​ឲ្យ​បែក​កញ្ចក់​គេ ឬ​អ្វី​ផ្សេង​ទៀត​ក៏​ដោយ។

មូលហេតុ​បី​ដែល​ប្អូន​គួរ​សារភាព​កំហុស

  1. ១. គឺ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។

    គម្ពីរ​ចែង​ថា​៖ ​«​យើង​ចង់​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់​»។—ហេប្រឺ ១៣:១៨

  2. ២. មនុស្ស​ឯ​ទៀត​ទំនង​ជា​អភ័យ​ទោស​ឲ្យ​អ្នក​ដែល​ព្រម​ទទួល​ស្គាល់​កំហុស។

    គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​គ្រប​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់​តួ ហើយ​លះ​បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្ដី​មេត្ដា​ករុណា​វិញ​»។—សុភាសិត ២៨:១៣

  3. ៣. សំខាន់​បំផុត ព្រះ​ពេញ​ចិត្ត។

    គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ​យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ នោះ​ទ្រង់​ជា​មិត្រ​នឹង​គេ​វិញ​»។—សុភាសិត ៣:៣២

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ខារីណា អាយុ​២០​ឆ្នាំ បាន​លាក់​មិន​ឲ្យ​ប៉ា​នាង​ដឹង​ទេ​ថា​នាង​បាន​ទទួល​បង្កាន់​ដៃ​ផាក​ពិន័យ​ហួស​ល្បឿន​កំណត់។ ប៉ុន្តែ នាង​មិន​អាច​លាក់​រឿង​នោះ​រហូត​បាន​ទេ។ ខារីណា​និយាយ​ថា​៖ ​«​ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក ប៉ា​ខ្ញុំ​បាន​ដឹង​រឿង​នោះ ហើយ​គាត់​បាន​បន្ទោស​ខ្ញុំ​យ៉ាង​ខ្លាំង!​»។

តើ​មាន​មេ​រៀន​អ្វី? ខារីណា​ប្រាប់​ថា​៖ ​«​កាន់​តែ​លាក់ កំហុស​កាន់​តែ​ធំ។ មុន​និង​ក្រោយ​គង់​តែ​ទទួល​ផល​ពី​កំហុស​នោះ​ដដែល!​»។

ចូរ​រៀន​ពី​កំហុស​របស់​ខ្លួន

គម្ពីរ​ប្រាប់​ថា​៖ ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល[​ធ្វើ​ខុស​]ជា​ញឹក​ញយ​»។ (​យ៉ាកុប ៣:២​) ម្យ៉ាង​ទៀត បើ​ប្អូន​សារភាព​កំហុស ជា​ពិសេស​ទទួល​ស្គាល់​កំហុស​ភ្លាម​ៗ នេះ​បង្ហាញ​ថា​ប្អូន​មាន​ចិត្ត​រាប​ទាប​និង​មាន​ភាព​ចាស់​ទុំ។

បន្ទាប់​មក ទាញ​មេ​រៀន​ពី​កំហុស​របស់​ខ្លួន។ យុវតី​ម្នាក់​ឈ្មោះ​វីរ៉ា​និយាយ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​កំហុស​នីមួយ​ៗ​របស់​ខ្ញុំ​ថា​ជា​បទ​ពិសោធន៍ ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ធ្វើ​ជា​មនុស្ស​ល្អ​ជាង និង​ចេះ​ដោះ​ស្រាយ​បញ្ហា​ឲ្យ​បាន​ល្អ​ជាង​នៅ​ពេល​ក្រោយ​»។ ឥឡូវ​សូម​មើល​របៀប​ដែល​ប្អូន​អាច​ធ្វើ​ដូច្នេះ​បាន។

បើ​ប្អូន​ខ្ចី​ម៉ូតូ​របស់​ប៉ា​ប្អូន​ជិះ ហើយ​ប្អូន​ធ្វើ​ឲ្យ​ម៉ូតូ​គាត់​ខូច តើ​ប្អូន​នឹង​ប្រាប់​គាត់​យ៉ាង​ណា?

  • មិន​ប្រាប់​ប៉ា​ទេ ហើយ​សង្ឃឹម​ថា​គាត់​មិន​ដឹង​ថា​ម៉ូតូ​នោះ​ខូច។

  • ប្រាប់​ប៉ា​អំពី​ការ​ពិត​ទាំង​អស់។

  • ប្រាប់​ប៉ា​អំពី​អ្វី​ដែល​បាន​កើត​ឡើង តែ​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ឯ​ទៀត។

បើ​ប្អូន​ប្រឡង​ធ្លាក់​ដោយ​សារ​ប្អូន​ខ្ជិល​រៀន តើ​ប្អូន​នឹង​ធ្វើ​អ្វី​ក្រោយ​មក?

  • ដោះ​សា​ថា​វិញ្ញាសា​ពិបាក​ពេក។

  • ទទួល​ស្គាល់​ថា​មក​ពី​ខ្លួន​ឯង​ទើប​ប្រឡង​ធ្លាក់។

  • ចោទ​ថា​ដោយ​សារ​គ្រូ​មិន​ចូល​ចិត្ត​ប្អូន។

ការ​ចេះ​តែ​គិត​អំពី​កំហុស​នៅ​អតីតកាល គឺ​ប្រៀប​ដូច​ជា​ការ​បើក​ឡាន​ដែល​មើល កញ្ចក់​ក្រោយ​ជា​និច្ច

ឥឡូវ​សូម​គិត​អំពី​រឿង​នោះ​ម្ដង​ទៀត ហើយ​ស្រមៃ​គិត​ថា​ប្អូន (​១​) ជា​ប៉ា និង (​២​) ជា​គ្រូ​បង្រៀន​វិញ។ តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កូន​និង​សិស្ស​របស់​ប្អូន បើ​គាត់​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន? តើ​ប្អូន​នឹង​គិត​យ៉ាង​ណា បើ​កូន​និង​សិស្ស​នោះ​លាក់​បាំង​កំហុស​ខ្លួន​វិញ?

ឥឡូវ​សូម​គិត​អំពី​កំហុស​របស់​ប្អូន​ក្នុង​អំឡុង​ឆ្នាំ​មុន ហើយ​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​នេះ។

តើ​កំហុស​នោះ​ជា​អ្វី? តើ​ប្អូន​បាន​ដោះ​ស្រាយ​កំហុស​នោះ​យ៉ាង​ដូច​ម្ដេច?

  • ខ្ញុំ​លាក់​បាំង​កំហុស​ខ្លួន។

  • ខ្ញុំ​បន្ទោស​អ្នក​ឯ​ទៀត។

  • ខ្ញុំ​សារភាព​ថា​ខ្ញុំ​បាន​ធ្វើ​ខុស។

បើ​ប្អូន​មិន​សារភាព​កំហុស​ទេ តើ​ក្រោយ​មក​ប្អូន​មាន​អារម្មណ៍​យ៉ាង​ណា?

  • ខ្ញុំ​ធូរ​ចិត្ត​ព្រោះ​គេ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស!

  • ខ្ញុំ​ស្ដាយ​ក្រោយ​ព្រោះ​ខ្ញុំ​មិន​បាន​ប្រាប់​ការ​ពិត។

នៅ​ពេល​នោះ តើ​ប្អូន​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ប្រសើរ​ជាង?

តើ​ប្អូន​បាន​រៀន​អ្វី​ខ្លះ​ពី​កំហុស​របស់​ប្អូន?

តើ​ប្អូន​គិត​យ៉ាង​ណា?

ហេតុ​អ្វី​មនុស្ស​ខ្លះ​មិន​ហ៊ាន​សារភាព​កំហុស​ខ្លួន?

តើ​អ្នក​ឯ​ទៀត​នឹង​គិត​យ៉ាង​ណា​ចំពោះ​ប្អូន​បើ​ប្អូន​តែង​តែ​លាក់​កំហុស​របស់​ប្អូន? ប៉ុន្តែ តើ​ពួក​គេ​នឹង​គិត​យ៉ាង​ណា​បើ​ប្អូន​សារភាព​កំហុស​របស់​ខ្លួន?—លូកា ១៦:១០