សំណួរទី១
តើខ្ញុំជាអ្នកណា?
តើប្អូននឹងធ្វើយ៉ាងណា?
សូមស្រមៃគិតអំពីរឿងនេះ: យុវតីម្នាក់ឈ្មោះខារិនកំពុងនៅក្នុងពិធីជប់លៀងមួយ មិនដល់ប៉ុន្មាននាទីផងនាងឮសំឡេងមួយពីក្រោយនាងថា៖
«ហេតុអ្វីក៏មិនចូលរួមសប្បាយនឹងគេ?»។
ខារិនបែរទៅឃើញមិត្តនាងឈ្មោះជេស៊ីកាដែលកំពុងកាន់ភេសជ្ជៈពីរដបដែលគាស់ហើយ។ ខារិនដឹងថាភេសជ្ជៈនោះមានជាតិស្រា។ តែជេស៊ីកាបានហុចភេសជ្ជៈនោះមួយដបឲ្យនាងដោយនិយាយថា៖ «ឯងមិនមែនក្មេងពេកទេ ចេះសប្បាយខ្លះទៅ!»។
ខារិនចង់បដិសេធ តែជេស៊ីកាជាមិត្តភក្ដិនាង។ ខារិនមិនចង់ឲ្យមិត្តនាងគិតថានាងជាមនុស្សដែលមិនចេះសប្បាយនោះទេ។ ណាមួយទៀត ជេស៊ីកាជាមនុស្សល្អម្នាក់។ ដូច្នេះ ខារិនគិតថាបើជេស៊ីកាផឹកបាន នោះប្រហែលជាមិនអីទេ ‹វាគ្រាន់តែជាភេសជ្ជៈ មិនមែនជាគ្រឿងញៀនឡើយ›។
បើប្អូនជាខារិន តើប្អូននឹងធ្វើយ៉ាងណា?
គិតមុនគូរ!
ដើម្បីប្អូនអាចសម្រេចចិត្តដោយប្រាជ្ញាក្នុងស្ថានភាពដូចនោះ ប្អូនត្រូវស្គាល់ខ្លួនឯងថាជាអ្នកណា នេះមានន័យថាប្អូនត្រូវស្គាល់ខ្លួនឯងនិងគោលការណ៍របស់ខ្លួនឲ្យបានច្បាស់។ ដោយដឹងដូច្នេះ នេះនឹងជួយប្អូនឲ្យចេះគ្រប់គ្រងជីវិតខ្លួនឯង មិនមែនឲ្យគេគ្រប់គ្រងជីវិតប្អូនទេ។—កូរិនថូសទី១ ៩:២៦, ២៧
តើតាមរបៀបណាប្អូនអាចគ្រប់គ្រងជីវិតខ្លួនឯងបាន? ដើម្បីដឹង សូមពិចារណាសំណួរទាំងបួននេះ។
១ តើខ្ញុំមានចំណុចខ្លាំងអ្វីខ្លះ?
ការដឹងអំពីសមត្ថភាពនិងគុណសម្បត្ដិរបស់ខ្លួននឹងធ្វើឲ្យប្អូនកាន់តែមានទំនុកចិត្តលើខ្លួនឯង។
គំរូក្នុងគម្ពីរ: សាវ័កប៉ូលបានសរសេរថា៖ «ទោះជាខ្ញុំខ្សោយខាងវោហារក៏ដោយ ក៏ខ្ញុំមិនខ្សោយខាងចំណេះទេ»។ (កូរិនថូសទី២ ១១:៦) ប៉ូលបានស្គាល់បទគម្ពីរច្បាស់ ហេតុនេះគាត់អាចរក្សាជំហររឹងមាំបានពេលមានការប្រឆាំងពីអ្នកឯទៀត។ ប៉ូលមិនព្រមឲ្យពាក្យសម្ដីមិនល្អរបស់មនុស្សឯទៀតធ្វើឲ្យគាត់មិនសូវមានទំនុកចិត្តលើខ្លួនគាត់នោះឡើយ។—កូរិនថូសទី២ ១០:១០; ១១:៥
ចូរពិចារណាអំពីខ្លួនប្អូន: សូមប្អូនសរសេរអំពីជំនាញឬភាពប៉ិនប្រសប់របស់ប្អូន។
ឥឡូវសូមប្អូនរៀបរាប់ចំណុចល្អរបស់ប្អូន (ជាឧទាហរណ៍ តើប្អូនយកចិត្តទុកដាក់នឹងអ្នកឯទៀតឬទេ? មានចិត្តសប្បុរសឬទេ? អាចទុកចិត្តបានឬទេ? គោរពពេលវេលាឬទេ?)។
២ តើខ្ញុំមានចំណុចខ្សោយអ្វីខ្លះ?
បើប្អូនឲ្យចំណុចខ្សោយរបស់ប្អូនមានឥទ្ធិពលមកលើការសម្រេចចិត្តរបស់ប្អូន នោះគោលការណ៍ផ្សេងៗដែលប្អូនប្រកាន់ខ្ជាប់នឹងក្លាយទៅជាអសារឥតការ នេះប្រៀបដូចជាច្រវាក់ម៉ូតូដែលមានកាំមួយខ្សោយ ដែលអាចធ្វើឲ្យច្រវាក់នោះទៅជាខ្សោយ ហើយអាចដាច់បាន។
គំរូក្នុងគម្ពីរ: ប៉ូលស្គាល់ចំណុចខ្សោយរបស់ខ្លួន។ ដូច្នេះ គាត់សរសេរថា៖ «ក្នុងចិត្តខ្ញុំ ខ្ញុំពិតជាត្រេកអរនឹងច្បាប់របស់ព្រះ ប៉ុន្តែខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង»។—រ៉ូម ៧:២២, ២៣
ចូរពិចារណាអំពីខ្លួនប្អូន: តើប្អូនត្រូវយកឈ្នះចំណុចខ្សោយរបស់ប្អូនអ្វីខ្លះ?
៣ តើខ្ញុំមានគោលដៅអ្វីខ្លះ?
បើប្អូនជិះម៉ូតូឌុប តើប្អូននឹងប្រាប់ម៉ូតូឌុបឲ្យជិះទៅដោយគ្មានទិសដៅឬ? ប្អូនច្បាស់ជាមិនធ្វើដូច្នោះទេ ព្រោះនោះគឺគ្មានប្រាជ្ញា ហើយអស់លុយច្រើនទៀត!
តើមានមេរៀនអ្វី? គឺប្អូនត្រូវមានគោលដៅ ពីព្រោះបើប្អូនមានគោលដៅ នោះប្អូននឹងដឹងថាត្រូវធ្វើអ្វីក្នុងជីវិត ព្រមទាំងស្វែងរកវិធីដើម្បីសម្រេចគោលដៅទាំងនោះផងដែរ។
គំរូក្នុងគម្ពីរ: ប៉ូលសរសេរថា៖ «របៀបដែលខ្ញុំកំពុងរត់ មិនមែនដូចជារត់ដោយគ្មានគោលដៅទេ»។ (កូរិនថូសទី១ ៩:២៦) ប៉ូលមិនមែនដូចជាទូកដែលគ្មានកំពង់នោះឡើយ។ ផ្ទុយទៅវិញ គាត់មានគោលដៅច្បាស់លាស់ ហើយគាត់ក៏បានរស់នៅស្របតាមគោលដៅរបស់គាត់ដែរ។—ភីលីព ៣:១២-១៤
ចូរពិចារណាអំពីខ្លួនប្អូន: សូមប្អូនសរសេរគោលដៅបីដែលប្អូនចង់សម្រេចក្នុងឆ្នាំក្រោយ។
៤ តើខ្ញុំមានគោលការណ៍អ្វីខ្លះ?
បើប្អូនគ្មានគោលការណ៍ក្នុងខ្លួនទេ ប្អូនមិនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបានឡើយ។ ដូច្នេះ ប្អូនចេះតែធ្វើតាមមនុស្សស្រករគ្នាប៉ុណ្ណោះ នេះប្រៀបដូចជាសំពៅគ្មានក្ដោងដែលតែងតែផ្លាស់ប្ដូរទិសតាមខ្យល់បក់ផាត់។
ផ្ទុយទៅវិញ បើប្អូនធ្វើតាមគោលការណ៍របស់ខ្លួន ប្អូននឹងកាន់ជំហរមាំមួន ទោះជាមនុស្សឯទៀតប្រព្រឹត្តយ៉ាងណាក៏ដោយ។
គំរូក្នុងគម្ពីរ: កាលដែលអ្នកប្រកាសទំនាយដានីយ៉ែលទំនងជានៅវ័យជំទង់ គាត់«បានសំរេចក្នុងចិត្ត»ថានឹងធ្វើតាមច្បាប់របស់ព្រះ ទោះបីគាត់នៅឆ្ងាយពីក្រុមគ្រួសារគាត់ក៏ដោយ។ (ដានីយ៉ែល ១:៨) យ៉ាងនេះ គាត់កាន់ខ្ជាប់តាមការសម្រេចចិត្តរបស់ខ្លួន។ ដានីយ៉ែលរស់នៅស្របតាមគោលការណ៍របស់គាត់។
ចូរពិចារណាអំពីខ្លួនប្អូន: តើប្អូនមានគោលការណ៍ឬមានជំនឿបែបណា? ជាឧទាហរណ៍ តើប្អូនជឿលើព្រះឬទេ? បើជឿ ហេតុអ្វី? តើមានភ័ស្តុតាងអ្វីដែលប្អូនជឿថាមានព្រះមែន?
តើប្អូនជឿថាគោលការណ៍សីលធម៌របស់ព្រះគឺល្អសម្រាប់ប្អូនផ្ទាល់ឬទេ? បើមែន ហេតុអ្វី?
ដូច្នេះ តើប្អូនចង់ធ្វើដូចជាស្លឹកឈើដែលរសាត់តាមខ្យល់? ឬក៏ដូចជាដើមឈើដែលចាក់ឫសជ្រៅសូម្បីតែខ្យល់ព្យុះក៏មិនអាចរំលំបាន? សូមប្អូនស្គាល់ចិត្តខ្លួនឯងឲ្យបានច្បាស់ រួចមកប្អូននឹងដូចជាដើមឈើដ៏រឹងមាំ។ នេះនឹងជួយប្អូនឲ្យឆ្លើយសំណួរដែលថា តើខ្ញុំជាអ្នកណា?