សំណួរទី៧
តើខ្ញុំគួរធ្វើយ៉ាងណាពេលមានការបង្ខំឲ្យរួមភេទ?
តើប្អូននឹងធ្វើយ៉ាងណា?
សូមស្រមៃគិតអំពីរឿងនេះ: នីតាបានស្គាល់សម្បត្ដិតែពីរខែប៉ុណ្ណោះ តែនាងមានអារម្មណ៍ថាហាក់ដូចជាបានស្គាល់គ្នាជាយូរមកហើយ។ ពួកគេទាំងពីរតែងផ្ញើសារឲ្យគ្នា ទូរស័ព្ទនិយាយគ្នាម្ដងៗអស់រាប់ម៉ោង ហើយរហូតដល់យល់ចិត្តគ្នាទៀតផង! ប៉ុន្តែឥឡូវ សម្បត្ដិចង់ធ្វើអ្វីដែលលើសពីការនិយាយគ្នា។
ក្នុងអំឡុងពីរខែនោះ សម្បត្ដិនិងនីតាមិនបានធ្វើអ្វីលើសពីការកាន់ដៃគ្នា ឬថើបគ្នាតិចតួចនោះឡើយ ពីព្រោះនីតាមិនចង់ធ្វើហួសពីនោះទៀត។ តែនាងក៏មិនចង់បាត់បង់សម្បត្ដិដែរ ហើយនាងគិតថាសម្បត្ដិជាបុរសតែម្នាក់គត់ដែលធ្វើឲ្យនាងសប្បាយចិត្ត និងមានអារម្មណ៍ថាខ្លួនពិសេស។ នាងប្រាប់ខ្លួនឯងថា ‹ល្អជាងនោះទៅទៀត ខ្ញុំនិងសម្បត្ដិស្រឡាញ់គ្នា . . . ›។
បើប្អូនមានអាយុល្មមនឹងមានសង្សារ ហើយបើប្អូនជានីតា តើប្អូននឹងធ្វើយ៉ាងណា?
គិតមុនគូរ!
បើប្អូនមិនធ្វើតាមច្បាប់ធម្មជាតិដូចជាច្បាប់ទំនាញផែនដី នោះប្អូននឹងមានគ្រោះថ្នាក់។ ឧទាហរណ៍ បើប្អូនខំលោតហោះដូចជាសត្វស្លាបពីដើមឈើខ្ពស់មួយ នោះប្អូននឹងរងការឈឺចាប់មិនខាន។ ដូចគ្នាដែរ បើប្អូនមិនធ្វើតាមច្បាប់សីលធម៌របស់ព្រះទេ នោះប្អូននឹងរងទុក្ខ។ ច្បាប់សីលធម៌មួយចែងថា៖ ‹ចូរជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ›។—ថែស្សាឡូនិចទី១ ៤:៣
តើការមិនធ្វើតាមបង្គាប់នោះនាំឲ្យមានលទ្ធផលអ្វី? គម្ពីរចែងថា៖ «អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អ្នកនោះកំពុងធ្វើខុសចំពោះរូបកាយខ្លួន»។ (កូរិនថូសទី១ ៦:១៨) ហេតុអ្វីពាក្យទាំងនោះគឺជាការពិត?
អ្នកស្រាវជ្រាវផ្សេងៗបានរកឃើញថាយុវវ័យជាច្រើនដែលរួមភេទមុនរៀបការ ជាទូទៅនឹងជួបបញ្ហាណាមួយឬច្រើនជាងដូចខាងក្រោមនេះ៖
-
ក្រៀមក្រំចិត្ត។ យុវវ័យភាគច្រើនដែលបានរួមភេទមុនរៀបការនិយាយថាពួកគេស្ដាយក្រោយណាស់។
-
លែងទុកចិត្ត។ ក្រោយពីរួមភេទហើយ ដៃគូម្ខាងៗប្រហែលជាចាប់ផ្ដើមឆ្ងល់ថា ‹តើគាត់ធ្លាប់គេងជាមួយនឹងអ្នកណាទៀតទេ?›។
-
ស្រងាកចិត្ត។ តាមពិត មនុស្សស្រីជាច្រើនចង់បានមនុស្សប្រុសដែលអាចការពារពួកគេបាន មិនមែនកេងប្រយោជន៍ពីពួកគេទេ។ រីឯមនុស្សប្រុសជាច្រើនវិញគិតថាពួកគេមិនសូវជាប់ចិត្តនឹងមនុស្សស្រីដែលមានចិត្តងាយឡើយ។
-
ចំណុចសំខាន់: បើប្អូនរួមភេទមុនរៀបការ នោះប្អូនបន្ទាបបន្ថោកខ្លួនប្អូន ហើយប្អូនបាត់បង់នូវភាពបរិសុទ្ធ។ (រ៉ូម ១:២៤) ខ្លួនប្រាណរបស់ប្អូនមានតម្លៃខ្ពស់ណាស់ មិនគួរប្រគល់ឲ្យគេតាមតែគេសុំនោះទេ!
សូមបង្ហាញថាប្អូនជាមនុស្សរឹងប៉ឹងដែលអាច«ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។ (ថែស្សាឡូនិចទី១ ៤:៣) បើថ្ងៃណាមួយប្អូនរៀបការ នោះប្អូនអាចរួមដំណេកបាន។ យ៉ាងនេះ ប្អូននឹងសប្បាយរីករាយនឹងការរួមដំណេក ដោយគ្មានការព្រួយបារម្ភ គ្មានការស្ដាយក្រោយ និងគ្មានការសង្ស័យ ដែលមកពីការរួមភេទមុនរៀបការឡើយ។—សុភាសិត ៧:២២, ២៣; កូរិនថូសទី១ ៧:៣
តើប្អូនគិតយ៉ាងណា?
-
បើអ្នកណាម្នាក់បំពានផ្លូវកាយនិងផ្លូវចិត្តប្អូន តើនេះបង្ហាញថាគាត់ស្រឡាញ់ប្អូនដោយស្មោះឬ?
-
បើអ្នកណាម្នាក់ធ្វើឲ្យប្អូនបាត់បង់ចំណងមិត្តភាពជាមួយនឹងព្រះ តើនេះបង្ហាញថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះប្អូនឬទេ?—ហេប្រឺ ១៣:៤