លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨២

កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់ភេរៀ

កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់ភេរៀ

លូកា ១៣:២២–១៤:៦

  • ចូរ​ខំ​ប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត

  • លោក​យេស៊ូ​ត្រូវ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម

លោក​យេស៊ូ​បាន​បង្រៀន​បណ្ដា​ជន​នៅ​តំបន់​យូឌា​និង​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជា​សះ​ស្បើយ។ បន្ទាប់​មក លោក​ក៏​ឆ្លង​ទន្លេ​យ៉ូដាន់ រួច​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ដើម្បី​បង្រៀន​បណ្ដា​ជន​ក្នុង​តំបន់​ភេរៀ។ ប៉ុន្តែ មិន​យូរ​ទៀត លោក​នឹង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

ពេល​លោក​យេស៊ូ​នៅ​តំបន់​ភេរៀ មាន​បុរស​ម្នាក់​បាន​មក​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​មនុស្ស​ដែល​នឹង​ត្រូវ​សង្គ្រោះ​មាន​ចំនួន​តិច​ឬ?​»។ បុរស​នោះ​ប្រហែល​ជា​បាន​ដឹង​អំពី​ការ​ជជែក​តវ៉ា​ដែល​មាន​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​សាសនា​ស្តី​អំពី​រឿង​ថា តើ​មាន​ចំនួន​មនុស្ស​តិច​ឬ​ច្រើន​ដែល​នឹង​ទទួល​ការ​សង្គ្រោះ? ជា​ជាង​តប​ឆ្លើយ​សំណួរ​បុរស​នោះ លោក​បាន​លើក​ឡើង​នូវ​អ្វី​ដែល​មនុស្ស​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​សង្គ្រោះ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ឲ្យ​ខ្លាំង​ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត​»។ ពិត​មែន ដើម្បី​ចូល​តាម​ទ្វារ​ចង្អៀត មនុស្ស​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង។ ហេតុ​អ្វី​ដូច្នេះ? លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មនុស្ស​ជា​ច្រើន​នឹង​ខំ​ចូល តែ​ចូល​មិន​បាន​ទេ​»។—លូកា ១៣:២៣, ២៤

លោក​យេស៊ូ​ពន្យល់​ថែម​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ព្រោះ​ពេល​ដែល​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​ហើយ​ចាក់​សោ​ទ្វារ រួច​អ្នក​រាល់​គ្នា​ក៏​តាំង​ឈរ​ខាង​ក្រៅ​ហើយ​គោះ​ទ្វារ​ថា​៖ ‹លោក សូម​បើក​ទ្វារ​ឲ្យ​យើង​ចូល​ផង› . . . ប៉ុន្តែ​លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​មិន​ដឹង​ថា​អ្នក​មក​ពី​ណា​ទេ។ ពួក​អ្នក​ធ្វើ​អំពើ​ទុច្ចរិត​អើយ! ចូរ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!›​»។—លូកា ១៣:២៥​-​២៧

លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​ផល​វិបាក​របស់​បុគ្គល​ណា​ម្នាក់​ដែល​មក​យឺត។ តាម​មើល​ទៅ គាត់​មក​នៅ​ពេល​ណា​ដែល​ស្រួល​សម្រាប់​គាត់។ ប៉ុន្តែ​នៅ​ពេល​គាត់​មក​ដល់ ទ្វារ​បាន​ត្រូវ​បិទ និង​ចាក់​សោ​ហើយ។ គាត់​គួរ​មក​ឲ្យ​បាន​មុន ទោះ​បើ​នោះ​ជា​ពេល​ដែល​មិន​ស្រួល​សម្រាប់​គាត់​ក្ដី។ ស្រដៀង​គ្នា​ដែរ មនុស្ស​ជា​ច្រើន​អាច​ទទួល​ប្រយោជន៍​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ ដោយ​សារ​លោក​នៅ​ទី​នោះ​ហើយ។ ប៉ុន្តែ ពួក​គេ​មិន​បាន​ឆ្លៀត​យក​ឱកាស​នោះ​ដើម្បី​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ​ទេ។ មនុស្ស​ភាគ​ច្រើន​មិន​ព្រម​ទទួល​ការ​រៀប​ចំ​ដែល​ព្រះ​ផ្ដល់​ឲ្យ​តាម​រយៈ​លោក​យេស៊ូ ដើម្បី​បាន​ការ​សង្គ្រោះ​ឡើយ។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ពួក​គេ​នឹង​«​យំ​ហើយ​សង្កៀត​ធ្មេញ​»​ ពេល​ដែល​ពួក​គេ​ត្រូវ​បោះ​ទៅ​ក្រៅ។ ប៉ុន្តែ មនុស្ស​«​ពី​តំបន់​ខាង​កើត និង​តំបន់​ខាង​លិច ហើយ​ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង​»​ ពោល​គឺ​មនុស្ស​ដែល​មក​ពី​គ្រប់​ជាតិ​សាសន៍ ​«​នឹង​មក​អង្គុយ​នៅ​តុ​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។—លូកា ១៣:២៨, ២៩

លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្នក​ក្រោយ​គេ​ខ្លះ[​ដូច​ជា​ជន​ជាតិ​ដទៃ និង​ជន​ជាតិ​យូដា​ដែល​ត្រូវ​គេ​គាប​សង្កត់​] នឹង​ទៅ​ជា​អ្នក​មុន​គេ ហើយ​អ្នក​មុន​គេ​ខ្លះ[​អ្នក​ដឹក​នាំ​សាសនា​យូដា​ដែល​មាន​អំនួត​ដោយ​សារ​ពួក​គេ​ជា​កូន​ចៅ​របស់​អាប្រាហាំ​] នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ​»។ (​លូកា ១៣:៣០​) ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​គ្មាន​ចិត្ត​ដឹង​គុណ​ទាំង​នោះ នឹង​ទៅ​ជា​«​អ្នក​ក្រោយ​គេ​»​ ក្នុង​ន័យ​ថា​ពួក​គេ​នឹង​មិន​ទទួល​រាជាណាចក្រ​ព្រះ​ទាល់​តែ​សោះ។

នៅ​វេលា​នោះ ពួក​ផារិស៊ី​ខ្លះ​បាន​ចូល​មក​ជិត​លោក​យេស៊ូ ហើយ​ជម្រាប​លោក​ថា​៖ ​«​ចូរ​ចេញ​ពី​កន្លែង​នេះ​ទៅ ពី​ព្រោះ​ហេរ៉ូឌ[​អាន់ទីប៉ាស​]ចង់​សម្លាប់​អ្នក​»។ ស្តេច​ហេរ៉ូឌ​ប្រហែល​ជា​អ្នក​ផ្ដើម​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ដើម្បី​ឲ្យ​លោក​យេស៊ូ​គេច​ខ្លួន​ពី​តំបន់​នេះ។ ហេរ៉ូឌ​ធ្វើ​ដូច្នេះ ប្រហែល​ជា​ដោយ​សារ​គាត់​ភ័យ​ខ្លាច​ថា​គាត់​នឹង​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​សម្លាប់​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ទៀត ដូច​ដែលគាត់​ធ្លាប់​បញ្ជា​ឲ្យ​គេ​សម្លាប់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​ផារិស៊ី​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​មនុស្ស​ក្រឡេច​ក្រឡុច នោះ​ថា​៖ ‹មើល! ថ្ងៃ​នេះ​និង​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ រួច​នៅ​ថ្ងៃ​ទី​បី​ខ្ញុំ​នឹង​បញ្ចប់​កិច្ច​ការ​របស់​ខ្ញុំ›​»។ (​លូកា ១៣:៣១, ៣២​) ទោះ​ជា​ហេរ៉ូឌ​ជា​មនុស្ស​ក្រឡេច​ក្រឡុច​មាន​កលល្បិច​ក៏​ដោយ លោក​យេស៊ូ​មិន​ព្រម​ចាញ់​កលល្បិច​របស់​គាត់ ឬ​បុគ្គល​ណា​ម្នាក់​ឡើយ។ លោក​បន្ត​បំពេញ​ភារកិច្ច​ដែល​ព្រះ​ជា​បិតា​បាន​ផ្ដល់​ឲ្យ​លោក។ លោក​ធ្វើ​ដូច្នេះ​ស្រប​តាម​ពេល​កំណត់​របស់​បិតា​លោក មិន​មែន​របស់​មនុស្ស​ទេ។

រួច​មក លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ពី​ព្រោះ​ដូច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ប្រកាស​ទំនាយ​ពុំ​អាច​ត្រូវ​បំផ្លាញ​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​ឡើយ​»។ (​លូកា ១៣:៣៣​) ក្នុង​បទ​គម្ពីរ​គ្មាន​ទំនាយ​ណា​ដែល​ចែង​ថា​មេស្ស៊ី​ត្រូវ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទេ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​យេស៊ូ​ប្រាប់​ថា​លោក​នឹង​ត្រូវ​គេ​សម្លាប់​នៅ​ទី​នោះ? ពី​ព្រោះ​ក្រុង​យេរូសាឡិម​ជា​រាជធានី ហើយ​ជា​កន្លែង​ដែល​គេ​ជូន​សត្វ​ជា​គ្រឿង​បូជា។ ម្យ៉ាង​ទៀត នៅ​ទី​នោះ​មាន​តុលាការ​កំពូល​របស់​ជន​ជាតិ​យូដា ដែល​មាន​សមាជិក​៧១​នាក់ ហើយ​ក៏​ជា​កន្លែង​ដែល​គេ​វិនិច្ឆ័យ​អ្នក​ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ដែរ។ ដូច្នេះ លោក​យេស៊ូ​ជ្រាប​ថា​ជា​ការ​មិន​ត្រឹម​ត្រូវ​ឡើយ​ដែល​ឲ្យ​គេ​សម្លាប់​លោក​នៅ​កន្លែង​ផ្សេង​ទៀត។

លោក​យេស៊ូ​មាន​ប្រសាសន៍​ទាំង​សោក​ស្ដាយ​ថា​៖ ​«​ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​អើយ! គឺ​នាង​ហើយ​ដែល​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ ហើយ​បាន​គប់​ដុំ​ថ្ម​សម្លាប់​អ្នក​ដែល​បាន​ត្រូវ​ចាត់​មក​ឯ​នាង! ច្រើន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​នាង​មក ដូច​មេ​មាន់​ក្រុង​កូន​ក្រោម​ស្លាប​វា។ ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ព្រម​សោះ! មើល! វិហារ​នេះ នឹង​ត្រូវ​បោះ​បង់​ចោល ហើយ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​»។ (​លូកា ១៣:៣៤, ៣៥​) ប្រជា​ជាតិ​នេះ​បាន​បដិសេធ​បុត្រ​របស់​ព្រះ ដូច្នេះ​ពួក​គេ​ច្បាស់​ជា​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ!

មុន​ពេល​លោក​យេស៊ូ​បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម មេ​ដឹក​នាំ​ម្នាក់​នៃ​ពួក​ផារិស៊ី​បាន​អញ្ជើញ​លោក​ឲ្យ​ពិសា​អាហារ​នៅ​ផ្ទះ​របស់​គាត់​នៅ​ថ្ងៃ​ឈប់​សម្រាក។ អស់​អ្នក​ដែល​នៅ​ទី​នោះ​បាន​សង្កេត​មើល​អ្វី​ដែល​លោក​ហៀបនឹង​ធ្វើ​ចំពោះ​បុរស​ម្នាក់​ដែល​មាន​ជំងឺ​ហើម (​ជា​ជំងឺ​ដែល​ផ្ទុក​ទឹក​ច្រើន​ក្នុង​ខ្លួន ជា​ញឹក​ញយ​កើត​មាន​នៅ​ជើង​និង​ប្រអប់​ជើង​)។ ដូច្នេះ លោក​យេស៊ូ​សួរ​ពួក​ផារិស៊ី​និង​ពួក​អ្នក​ចេះ​ច្បាប់​ស្ទាត់​ថា​៖ ​«​តើ​មាន​ច្បាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ឬ​ទេ?​»។—លូកា ១៤:៣

ពេល​ឮ​ដូច្នេះ ពួក​គេ​ក៏​នៅ​ស្ងៀម។ រួច​លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​នោះ​ជា​សះ​ស្បើយ ហើយ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​ប្រុស​ឬ​គោ​ឈ្មោល​របស់​ខ្លួន​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​ឈប់​សម្រាក តើ​មាន​អ្នក​ណា​មិន​លើក​ចេញ​ភ្លាម​ទេ​ឬ?​»។ (​លូកា ១៤:៥​) ម្ដង​នេះ​ទៀត ពួក​គេ​ក៏​នៅ​ស្ងៀម​ដែរ ដោយ​សារ​ការ​វែក​ញែក​ដ៏​សម​ហេតុ​សម​ផល​របស់​លោក​យេស៊ូ។