លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨៦

កូនដែលបានបាត់ត្រឡប់មកវិញ

កូនដែលបានបាត់ត្រឡប់មកវិញ

លូកា ១៥:១១​-​៣២

  • ឧទាហរណ៍​អំពី​កូន​ដែល​បាន​បាត់

លោក​យេស៊ូ​ទំនង​ជា​នៅ​តំបន់​ភេរៀ​ខាង​កើត​ទន្លេ​យ៉ូដាន់​នៅ​ឡើយ ពេល​លោក​លើក​ឧទាហរណ៍​អំពី​ចៀម​ដែល​វង្វេង​បាត់ និង​ការ​បាត់​កាក់​ប្រាក់។ ក្នុង​ឧទាហរណ៍​ទាំង​ពីរ​នោះ​មាន​មេ​រៀន​ថា​យើង​គួរ​ត្រេក​អរ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត ហើយ​ត្រឡប់​មក​រក​ព្រះ​វិញ។ ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​បាន​រិះ​គន់​លោក​យេស៊ូ ដោយ​សារ​លោក​បាន​ទទួល​ស្វាគមន៍​មនុស្ស​បែប​នោះ។ ប៉ុន្តែ តើ​ពួក​អ្នក​រិះ​គន់​ទាំង​នោះ​បាន​រៀន​មេ​រៀន​ពី​ឧទាហរណ៍​ទាំង​ពីរ​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​ឬ​ទេ? តើ​ពួក​គេ​យល់​អារម្មណ៍​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តែ​បាន​ប្រែ​ចិត្ត​ឬ​ទេ? ដើម្បី​បញ្ជាក់​នូវ​មេ​រៀន​ដ៏​សំខាន់​នេះ ឥឡូវ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ទៀត​ដែល​មាន​ឥទ្ធិពល​ខ្លាំង។

ឧទាហរណ៍​នេះ​គឺ​អំពី​ឪ​ពុក​មួយ​រូប​ដែល​មាន​កូន​ប្រុស​ពីរ​នាក់។ កូន​ប្អូន​ជា​តួ​អង្គ​សំខាន់​ក្នុង​រឿង​នេះ។ ទាំង​ពួក​ផារិស៊ី​ទាំង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ រួម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ គួរ​ទាញ​មេ​រៀន​ពី​ប្រសាសន៍​របស់​លោក​អំពី​កូន​ប្អូន​នេះ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​ត្រូវ​ពិចារណា​ដែរ​នូវ​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​លក្ខណៈ​របស់​ឪ​ពុក​និង​កូន​បង​ក្នុង​ឧទាហរណ៍​នេះ។ ដូច្នេះ សូម​គិត​ពិចារណា​អំពី​បុរស​ទាំង​បី​នាក់​នេះ​ក្នុង​ឧទាហរណ៍​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មាន​បុរស​ម្នាក់ មាន​កូន​ប្រុស​ពីរ​នាក់។ ហើយ​កូន​ប្អូន​សុំ​បុរស​ជា​ឪ​ពុក​ថា​៖ ‹លោក​ឪ​ពុក សូម​ប្រគល់​ទ្រព្យ​សម្បត្ដិ​ដែល​ជា​ចំណែក​របស់​ខ្ញុំ›។ បន្ទាប់​មក ឪ​ពុក​ចែក​ទ្រព្យ​សម្បត្ដិ​ឲ្យ​ពួក​គេ​»។ (​លូកា ១៥:១១, ១២​) សូម​កត់​សម្គាល់​ថា​កូន​ប្អូន​នេះ​មិន​បាន​សុំ​ចែក​មត៌ក​របស់​គាត់ ដោយ​សារ​ឪ​ពុក​គាត់​ស្លាប់​នោះ​ទេ តែ​គាត់​សុំ​ចែក​ពេល​ដែល​ឪ​ពុក​នៅ​រស់​នៅ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​កូន​ប្អូន​នេះ​ចង់​បាន​ចំណែក​របស់​គាត់​ឥឡូវ​នេះ ដើម្បី​គាត់​អាច​លែង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឪ​ពុក ហើយ​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​របស់​ខ្លួន។ ដូច្នេះ តើ​គាត់​នឹង​ធ្វើ​អ្វី​ក្រោយ​មក?

រួច​មក លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​មិន​យូរ​ក្រោយ​ពី​នោះ កូន​ប្អូន​បាន​ប្រមូល​អ្វី​ៗ​ទាំង​អស់​ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ទី​នោះ​គាត់​បង្ហិន​ទ្រព្យ​សម្បត្ដិ​ខ្លួន​ដោយ​ប្រព្រឹត្ត​អំពើ​អបាយមុខ​»។ (​លូកា ១៥:១៣​) ជា​ជាង​រស់​នៅ​ដោយ​មាន​សុវត្ថិភាព​ជា​មួយ​នឹង​ឪ​ពុក​ដែល​ស្រឡាញ់​គាត់ ហើយ​ផ្ដល់​នូវ​អ្វី​ៗ​ដែល​គាត់​ត្រូវ​ការ កូន​ប្អូន​នេះ​បែរ​ជា​ចេញ​ទៅ​នៅ​ស្រុក​ផ្សេង​វិញ។ នៅ​ស្រុក​នោះ​គាត់​បាន​បង្ហិន​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​គាត់ ដើម្បី​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​ខាង​ផ្លូវ​ភេទ។ ក្រោយ​មក​គាត់​ក៏​ជួប​នឹង​ការ​ខ្វះ​ខាត។

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​ក្រោយ​ពី​បាន​ចាយ​វាយ​អ្វី​ៗ​អស់​ហើយ នៅ​ស្រុក​នោះ​កើត​អត់​ឃ្លាន​ជា​ខ្លាំង​នៅ​គ្រប់​កន្លែង ហើយ​គាត់​ចាប់​ផ្ដើម​ខ្វះ​ខាត រួច​គាត់​ទៅ​ធ្វើ​ជា​កូន​ឈ្នួល​របស់​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​នោះ រួច​អ្នក​នោះ​ចាត់​គាត់​ឲ្យ​ទៅ​ឃ្វាល​ជ្រូក​នៅ​ឯ​វាល។ គាត់​តែង​តែ​ចង់​ចំអែ​ត​ក្រពះ​ដោយ​ចំណី​ជ្រូក​ទាំង​នោះ ហើយ​គ្មាន​អ្នក​ណា​ព្រម​ឲ្យ​អ្វី​ដល់​គាត់​បរិភោគ​សោះ​»។—លូកា ១៥:១៤​-​១៦

តាម​ច្បាប់​របស់​ព្រះ សត្វ​ជ្រូក​បាន​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​ស្អាត។ ក៏​ប៉ុន្តែ កូន​ប្រុស​នេះ​ត្រូវ​ធ្វើ​ការ​ជា​អ្នក​ឃ្វាល​ហ្វូង​ជ្រូក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដោយ​សារ​គាត់​ឃ្លាន​ខ្លាំង​ពេក គាត់​ចង់​ចម្អែត​ក្រពះ​ដោយ​ចំណី​របស់​ជ្រូក​ដែល​គាត់​កំពុង​ឃ្វាល​ទៀត​ផង។ ពេល​ដែល​គាត់​ជួប​ទុក្ខ​វេទនា និង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង នោះ​«​គាត់​ភ្ញាក់​ខ្លួន​»។ តើ​គាត់​នឹង​ធ្វើ​អ្វី? គាត់​ប្រាប់​ខ្លួន​គាត់​ថា​៖ ​«​ពួក​កូន​ឈ្នួល​ទាំង​ប៉ុន្មាន​របស់​ឪ​ពុក​ខ្ញុំ​មាន​នំ​ប៉័ង​បរិបូរ តែ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ស្លាប់​ដោយ​អត់​ឃ្លាន​នៅ​ទី​នេះ! ខ្ញុំ​នឹង​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​រក​ឪ​ពុក​ខ្ញុំ​ហើយ​ជម្រាប​ថា​៖ ‹លោក​ឪ​ពុក ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ និង​លោក​ឪ​ពុក។ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោក​ឪ​ពុក​ទៀត​ទេ។ សូម​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ឈ្នួល​របស់​លោក​ឪ​ពុក​វិញ›​»។ ដូច្នេះ គាត់​ក្រោក​ឡើង​ហើយ​ទៅ​រក​ឪ​ពុក។—លូកា ១៥:១៧​-​២០

តើ​ឪ​ពុក​របស់​គាត់​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​ឪ​ពុក​នឹង​ខឹង​កូន​នោះ ហើយ​ស្តី​បន្ទោស​ឲ្យ​គាត់​ដោយ​សារ​គាត់​បាន​សម្រេច​ចិត្ត​យ៉ាង​ល្ងង់​ខ្លៅ​ដោយ​ចាក​ចេញ​ពី​ផ្ទះ​ឬ? តើ​ឪ​ពុក​នឹង​ព្រងើយ​កន្តើយ ហើយ​មិន​ស្វាគមន៍​កូន​នោះ​ឬ? ចុះ​បើ​អ្នក​ជា​ឪ​ពុក​ក្នុង​រឿង​នោះ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? ចុះ​បើ​កូន​ប្អូន​នោះ​ជា​កូន​ប្រុស​ឬ​កូន​ស្រី​របស់​អ្នក​វិញ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?

កូន​ដែល​វង្វេង​បាត់​បាន​រក​ឃើញ​វិញ

លោក​យេស៊ូ​បាន​រៀប​រាប់​អំពី​អារម្មណ៍​និង​ប្រតិកម្ម​របស់​ឪ​ពុក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​គាត់[​កូន​ប្រុស​]នៅ​ឆ្ងាយ​នៅ​ឡើយ ឪ​ពុក​គាត់​ក្រឡេក​ទៅ​ឃើញ ក៏​មាន​ចិត្ត​ក្ដួល​អាណិត រួច​រត់​ទៅ​ឱប​កូន​ហើយ​ថើប​ដោយ​ក្ដី​ស្រឡាញ់​»។ (​លូកា ១៥:២០​) ទោះ​ជា​ឪ​ពុក​បាន​ឮ​អំពី​ការ​ប្រព្រឹត្ត​អបាយមុខ​របស់​កូន​ក៏​ដោយ តែ​គាត់​បាន​ទទួល​ស្វាគមន៍​កូន​មក​វិញ​យ៉ាង​កក់​ក្ដៅ។ ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​អះអាង​ថា​ខ្លួន​ស្គាល់​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក ប៉ុន្តែ​តើ​ពួក​គេ​យល់​អំពី​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​ឬ​ទេ? តើ​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​កំពុង​ស្វាគមន៍​មនុស្ស​បែប​នោះ​ដូច​បិតា​របស់​លោក​ឬ​ទេ?

ឪ​ពុក​ក្នុង​ឧទាហរណ៍​នេះ​ដឹង​អំពី​អារម្មណ៍​របស់​កូន ហើយ​គាត់​ទំនង​ជា​ដឹង​ថា​កូន​របស់​គាត់​ពិត​ជា​បាន​ប្រែ​ចិត្ត​មែន ដោយ​សារ​គាត់​ឃើញ​ទឹក​មុខ​ដ៏​ក្រៀម​ក្រំ​របស់​កូន។ ម្យ៉ាង​ទៀត ឪ​ពុក​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ បាន​ផ្ដើម​ទៅ​ទទួល​ស្វាគមន៍​កូន​ជា​មុន នោះ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រួល​ជាង​ក្នុង​ការ​សារភាព​កំហុស​ប្រាប់​ឪ​ពុក។ លោក​យេស៊ូ​រៀប​រាប់​ថា​៖ ​«​កូន​ប្រុស​នោះ​ជម្រាប​ឪ​ពុក​ថា​៖ ‹លោក​ឪ​ពុក ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ និង​លោក​ឪ​ពុក។ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោក​ឪ​ពុក​ទៀត​ទេ។ សូម​ឲ្យ​ខ្ញុំ​ធ្វើ​ជា​កូន​ឈ្នួល​របស់​លោក​ឪ​ពុក​វិញ›​»។—លូកា ១៥:២១

ប៉ុន្តែ ឪ​ពុក​ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ​«​ចូរ​ប្រញាប់​ទៅ​យក​អាវ​ផាយ​ដ៏​ល្អ​បំផុត​បំពាក់​ឲ្យ​គាត់ រួច​យក​ចិញ្ចៀន​មួយ​និង​ស្បែក​ជើង​បំពាក់​ឲ្យ​ផង។ ហើយ​យក​គោ​ស្ទាវ​ដែល​យើង​បាន​បំប៉ន​មក​កាប់។ យើង​បរិភោគ​ហើយ​អរ​សប្បាយ​ទៅ ព្រោះ​កូន​ប្រុស​ខ្ញុំ​នេះ​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​»។ រួច​មក ពួក​គេ​ចាប់​ផ្ដើម​«​អរ​សប្បាយ​»។—លូកា ១៥:២២​-​២៤

នៅ​ពេល​នោះ​កូន​ប្រុស​បង​នៅ​ឯ​ស្រែ​ចម្ការ។ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​គាត់​ថា​៖ ​«​ពេល​ដែល​គាត់​មក​ជិត​ដល់​ផ្ទះ​ហើយ គាត់​ឮ​ការ​ប្រគំ​តន្ត្រី​និង​ការ​រាំ​របាំ។ ដូច្នេះ គាត់​ហៅ​អ្នក​បម្រើ​ម្នាក់​មក ហើយ​សួរ​ថា​មាន​អ្វី​កំពុង​កើត​ឡើង។ អ្នក​បម្រើ​នោះ​ប្រាប់​គាត់​ថា​៖ ‹ប្អូន​ប្រុស​របស់​អ្នក​បាន​មក ហើយ​ឪ​ពុក​របស់​អ្នក​បាន​កាប់​គោ​ស្ទាវ​ដែល​យើង​បាន​បំប៉ន ពី​ព្រោះ​ប្អូន​អ្នក​មក​វិញ​ដោយ​មាន​សុវត្ថិភាព›។ ប៉ុន្តែ​គាត់​បែរ​ជា​ខឹង​យ៉ាង​ខ្លាំង ហើយ​មិន​ព្រម​ចូល​ក្នុង​ទេ។ រួច​មក ឪ​ពុក​របស់​គាត់​ចេញ​មក​អង្វរ​គាត់។ គាត់​តប​ទៅ​ឪ​ពុក​ថា​៖ ‹ខ្ញុំ​បាន​ធ្វើ​ការ​ជូន​លោក​ឪ​ពុក​ដូច​ជា​ខ្ញុំ​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ក៏​មិន​ដែល​រំលង​បញ្ញត្ដិ​របស់​លោក​ឪ​ពុក​ម្ដង​ណា​ឡើយ តែ​លោក​ឪ​ពុក​មិន​ដែល​ឲ្យ​ខ្ញុំ សូម្បី​តែ​កូន​ពពែ​មួយ ដើម្បី​ឲ្យ​ខ្ញុំ​អរ​សប្បាយ​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ខ្ញុំ​ទេ។ ក៏​ប៉ុន្តែ​ពេល​កូន​ប្រុស​របស់​លោក​ឪ​ពុក​នេះ ដែល​បង្ហិន​បង្ហោច​ទ្រព្យ​សម្បត្ដិ​របស់​លោក​ជា​មួយ​នឹង​ស្រី​ពេស្យា​មក​ដល់​ភ្លាម នោះ​លោក​ឪ​ពុក​កាប់​គោ​ស្ទាវ​ដែល​លោក​បាន​បំប៉ន​ដើម្បី​ទទួល​វា›​»។—លូកា ១៥:២៥​-​៣០

ដូច​កូន​បង​នេះ តើ​អ្នក​ណា​ដែល​បាន​រិះ​គន់​លោក​យេស៊ូ​ដោយ​សារ​លោក​បាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​សាមញ្ញ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង? គឺ​ពួក​ផារិស៊ី និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់។ នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​នេះ​ឡើង ដោយ​សារ​ពួក​គេ​រិះ​គន់​លោក​ដែល​បាន​ស្វាគមន៍​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ម្យ៉ាង​ទៀត បើ​អ្នក​ណា​ម្នាក់​រិះ​គន់​ព្រះ ដោយ​សារ​លោក​កំពុង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា អ្នក​នោះ​គួរ​គិត​ពិចារណា​អំពី​មេ​រៀន​ក្នុង​ឧទាហរណ៍​នេះ។

លោក​យេស៊ូ​បាន​បញ្ចប់​ឧទាហរណ៍​នេះ​ដោយ​ប្រាប់​អំពី​ឪ​ពុក​ដែល​បាន​អង្វរ​កូន​បង​ថា​៖ ​«​កូន​អើយ កូន​បាន​នៅ​ជា​មួយ​នឹង​ឪ​ពុក​រហូត ហើយ​អ្វី​ៗ​ទាំង​អស់​របស់​ឪ​ពុក ក៏​ជា​របស់​កូន​ដែរ។ ប៉ុន្តែ​យើង​ត្រូវ​តែ​អរ​សប្បាយ​ហើយ​មាន​ចិត្ត​រីក​រាយ ពី​ព្រោះ​ប្អូន​របស់​កូន​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ ក៏​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​»។—លូកា ១៥:៣១, ៣២

លោក​យេស៊ូ​មិន​បាន​ប្រាប់​នូវ​អ្វី​ដែល​កូន​បង​នឹង​ធ្វើ​នៅ​ទី​បំផុត​ទេ។ ប៉ុន្តែ ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មាន​«​សង្ឃ​មួយ​ក្រុម​ធំ​បាន​ទៅ​ជា​អ្នក​ជឿ​»។ (​សកម្មភាព ៦:៧​) នេះ​បញ្ជាក់​ថា សូម្បី​តែ​ពួក​គេ​ក៏​អាច​ភ្ញាក់​ខ្លួន ហើយ​ប្រែ​ចិត្ត រួច​ត្រឡប់​មក​រក​ព្រះ​វិញ​ដែរ។ ពួក​គេ​ប្រហែល​ជា​រួម​បញ្ចូល​អ្នក​ខ្លះ​ដែល​បាន​ឮ​ឧទាហរណ៍​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​កូន​ដែល​បាន​បាត់។

ចាប់​តាំង​ពី​ពេល​នោះ​មក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ទាញ​យក​មេ​រៀន​សំខាន់​ៗ​ពី​ឧទាហរណ៍​ដ៏​ល្អ​នោះ ដែល​ពួក​គេ​គួរ​យក​មក​អនុវត្ត។ ក្នុង​ឧទាហរណ៍​នេះ មេ​រៀន​ទី១​គឺ ជា​ជាង​វង្វេង​ចេញ​ទៅ​ស្វែង​រក​ការ​សប្បាយ​ដែល​ប្រៀប​ដូច​ជា​«​ស្រុក​ឆ្ងាយ​»​ យើង​បង្ហាញ​ថា​យើង​ពិត​ជា​មាន​ប្រាជ្ញា​ណាស់ បើ​យើង​បន្ត​រស់​នៅ​ជា​មួយ​នឹង​រាស្ត្រ​របស់​ព្រះ​ដែល​ជា​បិតា ក្រោម​ការ​ថែ​រក្សា​របស់​លោក ពី​ព្រោះ​លោក​ស្រឡាញ់​យើង ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ។

មេ​រៀន​ទី២​គឺ បើ​យើង​ណា​ម្នាក់​បាន​ចាក​ចេញ​ពី​ផ្លូវ​របស់​ព្រះ យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ត្រឡប់​មក​ឯ​លោក​វិញ ដើម្បី​យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ម្ដង​ទៀត។

មេ​រៀន​ទី៣​គឺ យើង​អាច​ឃើញ​ភាព​ខុស​គ្នា​រវាង​ឪ​ពុក​ដែល​ទទួល​ស្វាគមន៍​កូន​ដោយ​អភ័យ​ទោស​ឲ្យ​គាត់ និង​កូន​បង​ដែល​ខឹង ហើយ​មិន​ព្រម​ទទួល​ស្វាគមន៍​ប្អូន​របស់​ខ្លួន។ អ្នក​បម្រើ​របស់​ព្រះ​ច្បាស់​ជា​ចង់​អភ័យ​ទោស ហើយ​ស្វាគមន៍​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តែ​បាន​ប្រែ​ចិត្ត និង​ដែល​ត្រឡប់​មក‹ផ្ទះ​របស់​បិតា›វិញ។ សូម​ឲ្យ​យើង​ត្រេក​អរ​ដែល​បង​ប្អូន​របស់​យើង​«​បាន​ស្លាប់ តែ​បាន​រស់​ឡើង​វិញ​»​ ហើយ​គាត់​«​បាន​បាត់ តែ​បាន​ត្រូវ​រក​ឃើញ​»។