លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨៣

សេចក្ដីអញ្ជើញឲ្យពិសាអាហារ

សេចក្ដីអញ្ជើញឲ្យពិសាអាហារ

លូកា ១៤:៧​-​២៤

  • មេ​រៀន​មួយ​អំពី​ចិត្ត​រាប​ទាប

  • ភ្ញៀវ​ដែល​បាន​ត្រូវ​អញ្ជើញ​បាន​ដោះ​សា

ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ដែល​មាន​ជំងឺ​ហើម​ជា​សះ​ស្បើយ លោក​បន្ត​នៅ​ផ្ទះ​របស់​ផារិស៊ី​នោះ​នៅ​ឡើយ។ នៅ​ទី​នោះ លោក​សង្កេត​ឃើញ​ថា​ពួក​បុរស​ដែល​ជា​ភ្ញៀវ​កំពុង​រើស​យក​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ។ រួច​មក លោក​ប្រើ​ឱកាស​នោះ ដើម្បី​បង្រៀន​មេ​រៀន​មួយ​អំពី​ចិត្ត​រាប​ទាប។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍ កុំ​ទៅ​អង្គុយ​នៅ​កន្លែង​លេច​មុខ​លេច​មាត់​ជាង​គេ​ឡើយ ក្រែង​លោ​នៅ​ពេល​នោះ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ណា​ម្នាក់​ដែល​មាន​កិត្ដិយស​ជាង​អ្នក ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​ភ្ញៀវ​នោះ​មក​ប្រាប់​អ្នក​ថា​៖ ‹សូម​ឲ្យ​បុរស​នេះ​អង្គុយ​នៅ​ទី​នេះ​វិញ› រួច​អ្នក​ត្រូវ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​គេ​បង្អស់​ដោយ​មាន​សេចក្ដី​ខ្មាស​ទៀត​ផង​»។—លូកា ១៤:៨, ៩

បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​នៅ​កន្លែង​ក្រោយ​គេ​បង្អស់ ហើយ​ពេល​បុរស​ដែល​បាន​អញ្ជើញ​អ្នក​មក​ដល់ គាត់​នឹង​ប្រាប់​អ្នក​ថា​៖ ‹សម្លាញ់ សូម​ទៅ​អង្គុយ​នៅ​កន្លែង​ខ្ពស់​ជាង› រួច​អ្នក​នឹង​មាន​កិត្ដិយស​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​»។ នេះ​មិន​គ្រាន់​តែ​បង្ហាញ​អំពី​ការ​មាន​សុជីវធម៌​ប៉ុណ្ណោះ​ទេ តែ​លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​»។ (​លូកា ១៤:១០, ១១​) ពិត​ណាស់ លោក​យេស៊ូ​កំពុង​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​លោក​ឲ្យ​មាន​ចិត្ត​រាប​ទាប។

រួច​មក លោក​យេស៊ូ​បង្រៀន​មេ​រៀន​មួយ​ទៀត​ដល់​ផារិស៊ី​ដែល​បាន​អញ្ជើញ​លោក ពោល​គឺ​របៀប​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ពេល​ដែល​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ពិសា​អាហារ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​អ្នក​រៀប​ចំ​ភោជនាហារ​ថ្ងៃ​ត្រង់​ឬ​ពេល​ល្ងាច កុំ​អញ្ជើញ​មិត្ត​ភក្ដិ បង​ប្អូន ញាតិ​សន្ដាន ឬ​អ្នក​ជិត​ខាង​ដែល​ជា​អ្នក​មាន​ឡើយ។ ប្រហែល​ជា​នៅ​ពេល​ណា​មួយ​ពួក​គេ​ក៏​នឹង​អញ្ជើញ​អ្នក​ដែរ​ដើម្បី​តប​ស្នង។ ប៉ុន្តែ​ពេល​ដែល​អ្នក​រៀប​ចំ​ភោជនាហារ ចូរ​អញ្ជើញ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ពិការ អ្នក​ងងឹត​ភ្នែក ហើយ​អ្នក​នឹង​មាន​សុភមង្គល ពី​ព្រោះ​ពួក​គេ​មិន​អាច​តប​ស្នង​បាន​ឡើយ​»។—លូកា ១៤:១២​-​១៤

ជា​ធម្មតា យើង​ចង់​អញ្ជើញ​មិត្ត​ភក្ដិ ញាតិ​សន្ដាន ឬ​អ្នក​ជិត​ខាង​មក​ពិសា​អាហារ។ លោក​យេស៊ូ​មិន​មាន​ន័យ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​ការ​ខុស​នោះ​ទេ។ ក៏​ប៉ុន្តែ លោក​ចង់​បញ្ជាក់​ថា​យើង​អាច​ទទួល​ពរ​ជា​ច្រើន បើ​យើង​រៀប​ចំ​អាហារ​សម្រាប់​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ ដូច​ជា​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ពិការ និង​អ្នក​ងងឹត​ភ្នែក​ជា​ដើម។ លោក​យេស៊ូ​ពន្យល់​អ្នក​ដែល​អញ្ជើញ​លោក​ថា​៖ ​«​អ្នក​នឹង​ទទួល​ការ​តប​ស្នង ពេល​ដែល​មនុស្ស​សុចរិត​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ឮ​ដូច្នេះ ភ្ញៀវ​ម្នាក់​បាន​យល់​ស្រប​ថា​៖ ​«​អ្នក​ណា​ដែល​បរិភោគ​ភោជនាហារ​ក្នុង​រាជាណាចក្រ​របស់​ព្រះ អ្នក​នោះ​នឹង​មាន​សុភមង្គល​»។ (​លូកា ១៤:១៥​) ភ្ញៀវ​នោះ​យល់​ថា​នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មិន​មែន​មនុស្ស​ទាំង​អស់​ឲ្យ​តម្លៃ​ទៅ​លើ​ឯក​សិទ្ធ​បែប​នោះ​ឡើយ ដូច​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច​ត​ទៅ​ថា​៖

​«​បុរស​ម្នាក់​បាន​រៀប​ចំ​ពិធី​ពិសា​ភោជនាហារ​ដ៏​ធំ​មួយ ក៏​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ រួច​មក . . . លោក​បាន​ចាត់​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ប្រាប់​ភ្ញៀវ​ថា​៖ ‹អញ្ជើញ​មក​ចុះ អ្វី​ៗ​បាន​ត្រូវ​រៀប​ចំ​ស្រេច​ហើយ›។ ប៉ុន្តែ​ពួក​គេ​ចាប់​ផ្ដើម​និយាយ​ដោះ​សា​គ្រប់​គ្នា។ ភ្ញៀវ​មួយ​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​ចម្ការ​មួយ ហើយ​ត្រូវ​ទៅ​ពិនិត្យ​មើល​វា ដូច្នេះ​សូម​អភ័យ​ទោស​ផង›។ ភ្ញៀវ​មួយ​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​បាន​ទិញ​គោ​ប្រាំ​នឹម ហើយ​នឹង​ទៅ​ពិនិត្យ​មើល​វា ដូច្នេះ​សូម​អភ័យ​ទោស​ផង›។ ភ្ញៀវ​មួយ​ផ្សេង​ទៀត​និយាយ​ថា​៖ ‹ខ្ញុំ​ទើប​តែ​រៀប​ការ​ប្រពន្ធ ដូច្នេះ​ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ›​»។—លូកា ១៤:១៦​-​២០

មូលហេតុ​ទាំង​នោះ​ពិត​ជា​មិន​សម​ហេតុ​សម​ផល​សោះ! តាម​ធម្មតា បុរស​ម្នាក់​ពិនិត្យ​ចម្ការ​ឬ​សត្វ​មុន​នឹង​ទិញ ដូច្នេះ មិន​មែន​ជា​ការ​បន្ទាន់​ឲ្យ​គាត់​ទៅ​ពិនិត្យ​ក្រោយ​ពី​ទិញ​ហើយ​នោះ​ឡើយ។ ម្យ៉ាង​ទៀត បុរស​ទី៣​មិន​មែន​កំពុង​រៀប​ចំ​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ទេ។ គាត់​បាន​រៀប​ការ​រួច​ហើយ ដូច្នេះ​គ្មាន​អ្វី​រា​រាំង​គាត់​មិន​ឲ្យ​ទទួល​សេចក្ដី​អញ្ជើញ​ដ៏​សំខាន់​នោះ​ឡើយ។ ពេល​ឮ​ការ​ដោះ​សា​ទាំង​នោះ ម្ចាស់​ខឹង​យ៉ាង​ខ្លាំង​ហើយ​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖

​«​ចូរ​ប្រញាប់​ចេញ​ទៅ​ផ្លូវ​ទាំង​ធំ​ទាំង​តូច​នៅ​ក្នុង​ក្រុង ហើយ​នាំ​អ្នក​ក្រ អ្នក​ខ្វិន អ្នក​ងងឹត​ភ្នែក និង​អ្នក​ពិការ​ចូល​មក​ទី​នេះ​ចុះ​»។ ក្រោយ​ពី​ខ្ញុំ​បម្រើ​បាន​ធ្វើ​ដូច្នេះ នៅ​តែ​សល់​កន្លែង​ទៀត។ ដូច្នេះ ម្ចាស់​ប្រាប់​ខ្ញុំ​បម្រើ​ថា​៖ ​«​ចូរ​ចេញ​ទៅ​ផ្លូវ​ទាំង​ប៉ុន្មាន​និង​កន្លែង​មាន​របង​ជុំ​វិញ រួច​ជំរុញ​គេ​ឲ្យ​ចូល​មក ដើម្បី​ឲ្យ​ផ្ទះ​របស់​ខ្ញុំ​បាន​ពេញ។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​ពួក​បុរស​ដែល​ខ្ញុំ​បាន​អញ្ជើញ ខ្ញុំ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​បរិភោគ​ភោជនាហារ​របស់​ខ្ញុំ​ឡើយ​»។—លូកា ១៤:២១​-​២៤

ឧទាហរណ៍​ដែល​លោក​យេស៊ូ​ទើប​តែ​មាន​ប្រសាសន៍ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ចាត់​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​អញ្ជើញ​មនុស្ស​ឯ​ទៀត​មក​ទទួល​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌។ មុន​ដំបូង ជន​ជាតិ​យូដា​បាន​ត្រូវ​អញ្ជើញ ជា​ពិសេស​អ្នក​ដឹក​នាំ​សាសនា។ ក៏​ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​បាន​បដិសេធ​សេចក្ដី​អញ្ជើញ​នោះ ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​បំពេញ​កិច្ច​បម្រើ​ព្រះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ឯ​ទៀត​នឹង​ត្រូវ​អញ្ជើញ​វិញ។ លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នៅ​ថ្ងៃ​អនាគត​នឹង​មាន​សេចក្ដី​អញ្ជើញ​ទី២ ចំពោះ​ជន​ជាតិ​យូដា​ដែល​មាន​ចិត្ត​រាប​ទាប និង​អ្នក​ដែល​ចូល​សាសនា​យូដា។ ក្រោយ​មក​នឹង​មាន​សេចក្ដី​អញ្ជើញ​ទី៣ ហើយ​នេះ​ជា​សេចក្ដី​អញ្ជើញ​ចុង​ក្រោយ ចំពោះ​មនុស្ស​ដែល​ជន​ជាតិ​យូដា​គិត​ថា​ស្មោក​គ្រោក​ចំពោះ​ព្រះ។—សកម្មភាព ១០:២៨​-​៤៨

អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍ គឺ​ពិត​ជា​បាន​បញ្ជាក់​នូវ​ពាក្យ​សម្ដី​របស់​ភ្ញៀវ​ម្នាក់​នោះ​ដែល​បាន​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​បរិភោគ​ភោជនាហារ​ក្នុង​រាជាណាចក្រ​របស់​ព្រះ អ្នក​នោះ​នឹង​មាន​សុភមង្គល​»។