លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩៤

តម្រូវការដ៏សំខាន់ពីរគឺសេចក្ដីអធិដ្ឋាននិងចិត្តរាបទាប

តម្រូវការដ៏សំខាន់ពីរគឺសេចក្ដីអធិដ្ឋាននិងចិត្តរាបទាប

លូកា ១៨:១​-​១៤

  • ឧទាហរណ៍​អំពី​ស្ត្រី​មេ​ម៉ាយ​ម្នាក់​ដែល​ព្យាយាម​ឥត​ឈប់

  • ផារិស៊ី​និង​អ្នក​យក​ពន្ធ

លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​នូវ​ឧទាហរណ៍​មួយ​ស្តី​អំពី​ការ​ព្យាយាម​ឥត​ឈប់​ក្នុង​សេចក្ដី​អធិដ្ឋាន។ (​លូកា ១១:៥​-​១៣​) ឥឡូវ​នេះ លោក​ប្រហែល​ជា​នៅ​ស្រុក​សាម៉ារី ឬ​ក៏​ស្រុក​កាលីឡេ ហើយ​លោក​បាន​បញ្ជាក់​ម្ដង​ទៀត​អំពី​សារៈសំខាន់​នៃ​ការ​ព្យាយាម​ឥត​ឈប់​ក្នុង​ការ​អធិដ្ឋាន។ លោក​ធ្វើ​ដូច្នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​ទៀត។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ក្រុង​មួយ​មាន​ចៅ​ក្រម​ម្នាក់​ដែល​មិន​កោត​ខ្លាច​ព្រះ ក៏​មិន​គោរព​មនុស្ស​ណា​ម្នាក់​សោះ។ ក៏​ប៉ុន្តែ​នៅ​ក្រុង​នោះ​មាន​ស្ត្រី​មេ​ម៉ាយ​ម្នាក់ ដែល​ទៅ​រក​ចៅ​ក្រម​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ពោល​ថា​៖ ‹ខ្ញុំ​សូម​ប្ដឹង​គូ​វិវាទ​របស់​ខ្ញុំ។ សូម​រក​យុត្ដិធម៌​ឲ្យ​ខ្ញុំ​ផង›។ អស់​មួយ​រយៈ​ពេល ចៅ​ក្រម​នោះ​មិន​ព្រម​ទេ ប៉ុន្តែ​ក្រោយ​មក គាត់​និយាយ​ប្រាប់​ខ្លួន​គាត់​ថា​៖ ‹ពិត​មែន​តែ​ខ្ញុំ​មិន​កោត​ខ្លាច​ព្រះ​ឬ​គោរព​មនុស្ស​ណា​ម្នាក់​សោះ ប៉ុន្តែ​ដោយ​សារ​ស្ត្រី​មេ​ម៉ាយ​នេះ​ចេះ​តែ​រំអុក​ខ្ញុំ ខ្ញុំ​នឹង​រក​យុត្ដិធម៌​ឲ្យ​នាង ដើម្បី​កុំ​ឲ្យ​នាង​មក​រុក​កួន​រហូត​ដល់​ខ្ញុំ​ទ្រាំ​លែង​បាន›​»។—លូកា ១៨:២​-​៥

ស្តី​អំពី​មេ​រៀន​ក្នុង​ឧទាហរណ៍​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ឮ​អ្វី​ដែល​ចៅ​ក្រម​មិន​សុចរិត​នោះ​និយាយ​ទេ? បើ​ដូច្នេះ ព្រះ​ប្រាកដ​ជា​នឹង​រក​យុត្ដិធម៌​ឲ្យ​អ្នក​រើស​តាំង​របស់​លោក ដែល​ស្រែក​រក​លោក​ទាំង​យប់​ទាំង​ថ្ងៃ មែន​ទេ? លោក​ក៏​នឹង​មាន​ចិត្ត​ធ្ងន់​ចំពោះ​ពួក​គេ​ដែរ​»។ (​លូកា ១៨:៦, ៧​) ដូច្នេះ តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អ្វី​អំពី​បិតា​របស់​លោក?

លោក​យេស៊ូ​ច្បាស់​ជា​មិន​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​គឺ​ដូច​ជា​ចៅ​ក្រម​មិន​សុចរិត​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​បញ្ជាក់​ថា សូម្បី​តែ​ចៅ​ក្រម​មិន​សុចរិត​ដែល​ជា​មនុស្ស​នឹង​ធ្វើ​តាម​ការ​អង្វរ​ឥត​ឈប់​របស់​អ្នក​ឯ​ទៀត ទម្រាំ​តែ​ព្រះ លោក​ប្រាកដ​ជា​នឹង​ធ្វើ​តាម​ការ​អង្វរ​របស់​មនុស្ស​ជា​មិន​ខាន។ ដោយ​សារ​ព្រះ​គឺ​សុចរិត​ហើយ​ល្អ នោះ​លោក​នឹង​តប​ឆ្លើយ​ចំពោះ​រាស្ត្រ​របស់​លោក​ដែល​ព្យាយាម​អធិដ្ឋាន​ឥត​ឈប់។ យើង​អាច​យល់​ដូច្នេះ​តាម​រយៈ​ប្រសាសន៍​បន្ថែម​ទៀត​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​នឹង​រក​យុត្ដិធម៌​ឲ្យ​ពួក​គេ​យ៉ាង​ឆាប់​»។—លូកា ១៨:៨

ជា​ញឹក​ញាប់ មនុស្ស​ទន់​ទាប​និង​ក្រី​ក្រ​មិន​បាន​ទទួល​យុត្ដិធម៌​ទេ ប៉ុន្តែ​អ្នក​មាន​អំណាច​និង​អ្នក​មាន​ប្រាក់​ច្រើន​តែ​ទទួល​បាន​ការ​យោគ​យល់​វិញ។ ប៉ុន្តែ ព្រះ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ។ ដោយ​យុត្ដិធម៌ នៅ​ពេល​ដែល​ពេល​កំណត់​របស់​ព្រះ​មក​ដល់ លោក​នឹង​ដាក់​ទោស​មនុស្ស​ទុច្ចរិត ហើយ​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឲ្យ​អ្នក​បម្រើ​របស់​លោក។

តើ​អ្នក​ណា​មាន​ជំនឿ​ដូច​ស្ត្រី​មេ​ម៉ាយ​នោះ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ពិត​ជា​ជឿ​ថា​ព្រះ​នឹង​«​រក​យុត្ដិធម៌​ឲ្យ​ពួក​គេ​យ៉ាង​ឆាប់​»​? លោក​យេស៊ូ​ទើប​តែ​បាន​លើក​ឧទាហរណ៍​អំពី​សារៈសំខាន់​នៃ​ការ​ព្យាយាម​ឥត​ឈប់​ក្នុង​សេចក្ដី​អធិដ្ឋាន។ ស្តី​អំពី​ជំនឿ​លើ​អានុភាព​នៃ​សេចក្ដី​អធិដ្ឋាន លោក​បាន​សួរ​ថា​៖ ​«​ពេល​ដែល​កូន​មនុស្ស​មក​ដល់ តើ​កូន​មនុស្ស​ពិត​ជា​នឹង​ឃើញ​ថា​មាន​ជំនឿ​នៅ​លើ​ផែន​ដី​ទេ?​»។ (​លូកា ១៨:៨​) នេះ​បង្កប់​អត្ថន័យ​ថា​ពេល​ដែល​គ្រិស្ត​មក​ដល់​នឹង​មិន​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ជំនឿ​បែប​នេះ​ទេ។

មនុស្ស​ខ្លះ​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​លើ​ជំនឿ​របស់​ពួក​គេ។ ពួក​គេ​ទុក​ចិត្ត​ថា​ខ្លួន​គេ​ជា​មនុស្ស​សុចរិត ហើយ​ពួក​គេ​មើល​ងាយ​មនុស្ស​ឯ​ទៀត។ ចំពោះ​មនុស្ស​ទាំង​នោះ លោក​យេស៊ូ​បាន​លើក​ឡើង​ឧទាហរណ៍​មួយ​ទៀត។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​មាន​បុរស​ពីរ​នាក់​ឡើង​ទៅ​វិហារ​ដើម្បី​អធិដ្ឋាន។ ម្នាក់​គឺ​ជា​ផារិស៊ី ហើយ​ម្នាក់​ទៀត​ជា​អ្នក​យក​ពន្ធ។ បុរស​ផារិស៊ី​នោះ​បាន​ឈរ​អធិដ្ឋាន​ក្នុង​ចិត្ត​ថា​៖ ‹ឱ​ព្រះ​អើយ ខ្ញុំ​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​មនុស្ស​ឯ​ទៀត ដែល​ជា​អ្នក​គំរាម​យក​ប្រាក់ ជា​អ្នក​មិន​សុចរិត ជា​អ្នក​ផិត​ក្បត់។ ខ្ញុំ​ក៏​អរគុណ​លោក​ដែល​ខ្ញុំ​មិន​ដូច​អ្នក​យក​ពន្ធ​ម្នាក់​នេះ​ដែរ។ ខ្ញុំ​តម​អាហារ​ពីរ​ដង​រាល់​សប្ដាហ៍ ក៏​ជូន​មួយ​ភាគ​ដប់​នៃ​របស់​ទាំង​អស់​ដែល​ខ្ញុំ​ទទួល›​»។—លូកា ១៨:១០​-​១២

ពួក​ផារិស៊ី​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​បង្ហាញ​ឲ្យ​មនុស្ស​ឯ​ទៀត​ឃើញ​ថាខ្លួន​ដូច​ជា​មនុស្ស​សុចរិត។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​មនុស្ស​ស្ងើច​សរសើរ​ពួក​គេ។ ជា​ធម្មតា ពួក​គេ​តម​អាហារ​នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​ដែល​នៅ​ផ្សារ​ធំ​ៗ​មាន​មនុស្ស​កក​កុញ ហេតុ​នេះ​មនុស្ស​ជា​ច្រើន​នឹង​ឃើញ​ពួក​គេ។ ពួក​ផារិស៊ី​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឲ្យ​មួយ​ភាគ​១០​សូម្បី​តែ​ពី​ជី​តូច​ៗ។ (​លូកា ១១:៤២​) ប៉ុន្មាន​ខែ​មុន​នេះ ពួក​គេ​បាន​ប្រមាថ​មើល​ងាយ​បណ្ដា​ជន​សាមញ្ញ​ដោយ​និយាយ​ថា​៖ ​«​បណ្ដា​ជន​នេះ​ដែល​មិន​ស្គាល់​ច្បាប់[​តាម​ទស្សនៈ​របស់​ពួក​ផារិស៊ី​] ជា​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។—យ៉ូហាន ៧:៤៩

លោក​យេស៊ូ​បន្ត​រៀប​រាប់​អំពី​ឧទាហរណ៍​របស់​លោក​ថា​៖ ​«​ប៉ុន្តែ​អ្នក​យក​ពន្ធ​ដែល​កំពុង​ឈរ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​មើល​ទៅ​លើ​មេឃ​ផង ក៏​ចេះ​តែ​គក់​ទ្រូង​ថា​៖ ‹ឱ​ព្រះ​អើយ សូម​ប្រោស​ប្រណី​ខ្ញុំ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ផង›​»។ ដោយ​ចិត្ត​រាប​ទាប​អ្នក​យក​ពន្ធ​ទទួល​ស្គាល់​កំហុស​របស់​គាត់។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​បញ្ចប់​ឧទាហរណ៍​របស់​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​នេះ​បាន​ចុះ​ទៅ​ផ្ទះ​វិញ​ដោយ​ស​ឲ្យ​ឃើញ​ថា​គាត់​សុចរិត​ជាង​បុរស​នោះ ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​តម្កើង​ឡើង​វិញ​»។—លូកា ១៨:១៣, ១៤

ហេតុ​នេះ លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​មាន​ចិត្ត​រាប​ទាប។ ឱវាទ​នេះ​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​ពួក​អ្នក​កាន់​តាម​លោក​នៅ​សម័យ​នោះ ពី​ព្រោះ​ពួក​គាត់​បាន​ធំ​ឡើង​ក្នុង​សង្គម​មួយ​ដែល​មាន​ពួក​ផារិស៊ី​ជា​អ្នក​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត។ ពួក​គេ​គិត​តែ​អំពី​មុខ​មាត់​និង​ឋានៈ។ បន្ថែម​ទៅ​ទៀត ឱវាទ​នេះ​ក៏​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។