ជំពូកទី៩៥
សេចក្ដីបង្រៀនអំពីការលែងលះនិងសេចក្ដីស្រឡាញ់ចំពោះកូនក្មេង
ម៉ាថាយ ១៩:១-១៥ ម៉ាកុស ១០:១-១៦ លូកា ១៨:១៥-១៧
-
លោកយេស៊ូប្រាប់អំពីទស្សនៈរបស់ព្រះចំពោះការលែងលះ
-
អំណោយជាភាពនៅលីវ
-
ត្រូវមានលក្ខណៈដូចកូនក្មេង
ក្រោយពីចាកចេញពីស្រុកកាលីឡេ លោកយេស៊ូនិងពួកអ្នកកាន់តាមធ្វើដំណើរឆ្លងទន្លេយ៉ូដាន់ ហើយឆ្ពោះទៅទិសខាងត្បូងកាត់តាមតំបន់ភេរៀ។ ពីមុន ពេលលោកនៅតំបន់ភេរៀ លោកធ្លាប់បញ្ជាក់ប្រាប់ពួកផារិស៊ីអំពីខ្នាតតម្រារបស់ព្រះចំពោះការលែងលះ។ (លូកា ១៦:១៨) ឥឡូវពួកគេបានលើកយករឿងនោះមកល្បងលលោកយេស៊ូ។
ច្បាប់ម៉ូសេចែងថាប្ដីអាចលែងលះប្រពន្ធបាន បើគាត់បានឃើញ«សេចក្ដីណាដែលមិនគប្បី»នៅនឹងនាង។ (ចោទិយកថា ២៤:១) នេះនាំឲ្យមានទស្សនៈខុសៗគ្នាអំពីមូលហេតុនៃការលែងលះ។ អ្នកខ្លះជឿថាច្បាប់នោះអាចឲ្យមនុស្សលែងលះគ្នាបានសូម្បីតែមានកំហុសតូចតាច។ ដូច្នេះ ពួកផារិស៊ីសួរលោកយេស៊ូថា៖ «តើបុរសមានច្បាប់លែងលះប្រពន្ធ ដោយមូលហេតុអ្វីក៏ដោយឬទេ?»។—ម៉ាថាយ ១៩:៣
ជាជាងឆ្លើយតាមទស្សនៈរបស់មនុស្ស លោកយេស៊ូបានឆ្លើយយ៉ាងប៉ិនប្រសប់ដោយលើកឡើងនូវការរៀបចំរបស់ព្រះសម្រាប់អាពាហ៍ពិពាហ៍។ លោកយេស៊ូមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា លោកដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសនិងស្រី ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយ បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ? ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថាយ ១៩:៤-៦) ពេលព្រះផ្សំផ្គុំអាដាមនិងអេវ៉ាឲ្យធ្វើជាប្ដីប្រពន្ធ លោកមិនបានផ្ដល់ការរៀបចំសម្រាប់ឲ្យពួកគេលែងលះគ្នាទេ។
ប៉ុន្តែ ពួកផារិស៊ីលើកយកបញ្ហានោះមកតវ៉ាជាមួយនឹងលោកយេស៊ូថា៖ «បើដូច្នេះ ហេតុអ្វីបានជាម៉ូសេបង្គាប់ឲ្យប្រគល់សំបុត្រលែងលះទៅនាង ហើយឲ្យនាងចុះចេញ?»។ (ម៉ាថាយ ១៩:៧) លោកយេស៊ូប្រាប់ពួកគេថា៖ «ម៉ូសេបានអនុញ្ញាតឲ្យអ្នករាល់គ្នាលែងលះប្រពន្ធ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។ ក៏ប៉ុន្តែ នៅដើមដំបូង មិនមែនដូច្នេះទេ»។ (ម៉ាថាយ ១៩:៨) ប្រសាសន៍របស់លោកដែលថា«នៅដើមដំបូង» គឺមិនមែននៅសម័យរបស់ម៉ូសេទេ តែគឺជាពេលដែលព្រះបានផ្ដើមឲ្យមានអាពាហ៍ពិពាហ៍នៅសួនអេដែន។
រួចមក លោកយេស៊ូប្រាប់អំពីសេចក្ដីពិតដ៏សំខាន់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងលះប្រពន្ធដែលមិនបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ[ភាសាក្រិចផូនៀ] រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះជាអ្នកផិតក្បត់»។ (ម៉ាថាយ ១៩:៩) ដូច្នេះ ក្នុងគម្ពីរមូលហេតុតែមួយគត់សម្រាប់ការលែងលះ គឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។
ពេលឮដូច្នោះ ពួកអ្នកកាន់តាមជម្រាបលោកថា៖ «ប្រសិនបើជាប្ដីប្រពន្ធគឺដូច្នោះមែន មិនរៀបការល្អជាង»។ (ម៉ាថាយ ១៩:១០) ពេលបុគ្គលណាម្នាក់គិតចង់រៀបការ គាត់គួរយល់យ៉ាងច្បាស់ថាចំណងអាពាហ៍ពិពាហ៍ជាចំណងដែលស្ថិតស្ថេរជារៀងរហូត!
ស្តីអំពីភាពនៅលីវ លោកយេស៊ូពន្យល់ថាអ្នកខ្លះជាជនគម្រៀវពីកំណើត ដូច្នេះពួកគាត់មិនមានសមត្ថភាពក្នុងការរួមដំណេកជាមួយនឹងគូអាពាហ៍ពិពាហ៍ទេ។ រីឯអ្នកខ្លះទៀតដែលបានត្រូវគេគ្រៀវ បានក្លាយទៅជាមនុស្សពិការអវយវៈភេទ។ ក៏ប៉ុន្តែ អ្នកខ្លះទៀតព្យាយាមទប់ចិត្តពីចំណង់ខាងការរួមដំណេក ហើយមិនរៀបការ ដើម្បីពួកគេអាចផ្ចង់អារម្មណ៍ខ្លាំងជាងទៅលើកិច្ចការដែលទាក់ទងនឹងរាជាណាចក្រព្រះ។ រួចលោកយេស៊ូដាស់តឿនអ្នកស្ដាប់លោកថា៖ «អ្នកណាដែលអាចទទួលយកអ្វីបែបនេះបាន[ភាពនៅលីវ] ចូរទទួលយកចុះ»។—ម៉ាថាយ ១៩:១២
ឥឡូវ បណ្ដាជនចាប់ផ្ដើមនាំកូនតូចៗរបស់ពួកគេមកឯលោកយេស៊ូ។ ប៉ុន្តែ ពួកអ្នកកាន់តាមក៏តាំងស្តីបន្ទោសពួកគេ។ ពួកគាត់ធ្វើដូច្នេះ ទំនងជាដោយសារពួកគាត់មិនចង់ឲ្យមានការរំខានដល់លោកយេស៊ូ។ ឃើញដូច្នេះ លោកយេស៊ូទាស់ចិត្ត ហើយប្រាប់ពួកគាត់ថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្ររបស់ព្រះជារបស់អ្នកដែលមានលក្ខណៈដូចក្មេងទាំងនេះ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលក្នុងរាជាណាចក្ររបស់ព្រះសោះឡើយ»។—ម៉ាកុស ១០:១៤, ១៥; លូកា ១៨:១៥
នេះពិតជាមេរៀនដ៏ល្អមែន! ដើម្បីទទួលរាជាណាចក្ររបស់ព្រះ យើងត្រូវមានចិត្តសុភាពរាបទាប ហើយជាមនុស្សស្រួលបង្ហាត់បង្រៀនដូចកូនក្មេង។ ឥឡូវលោកយេស៊ូបង្ហាញសេចក្ដីស្រឡាញ់ចំពោះកូនក្មេងដោយឱបពួកគេ ហើយឲ្យពរពួកគេ។ ម្យ៉ាងទៀត លោកមានសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅដូចនេះចំពោះ‹អ្នកណាដែលព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់›។—លូកា ១៨:១៧