លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩៧

ឧទាហរណ៍អំពីកម្មករនៅចម្ការទំពាំងបាយជូរ

ឧទាហរណ៍អំពីកម្មករនៅចម្ការទំពាំងបាយជូរ

ម៉ាថាយ ២០:១​-​១៦

  • កម្មករ​ដែល​ជា​«​អ្នក​ក្រោយ​គេ​»​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ក្លាយ​ទៅ​ជា​«​អ្នក​មុន​គេ​»​

លោក​យេស៊ូ​ទើប​តែ​បាន​ប្រាប់​ពួក​អ្នក​ស្ដាប់​លោក​នៅ​តំបន់​ភេរៀ​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ ហើយ​អ្នក​ដែល​ក្រោយ​គេ នឹង​ទៅ​ជា​អ្នក​មុន​គេ​វិញ​»។ (​ម៉ាថាយ ១៩:៣០​) លោក​បញ្ជាក់​រឿង​នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​អំពី​កម្មករ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្ចាស់​ដី​ម្នាក់ ដែល​បាន​ចេញ​តាំង​ពី​ព្រលឹម​ទៅ​ជួល​កម្មករ​ឲ្យ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​លោក។ ក្រោយ​ពី​បាន​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​កម្មករ​ថា លោក​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ពួក​គេ​មួយ​ឌីណារី​ក្នុង​មួយ​ថ្ងៃ​ហើយ នោះ​លោក​បាន​ចាត់​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​របស់​លោក។ នៅ​ប្រហែល​ជា​ម៉ោង​ទី​បី លោក​បាន​ចេញ​ទៅ​ម្ដង​ទៀត​ហើយ​ក៏​ឃើញ​អ្នក​ឯ​ទៀត​ដែល​គ្មាន​ការ​ងារ​ធ្វើ កំពុង​ឈរ​នៅ​ផ្សារ។ លោក​មាន​ប្រសាសន៍​ទៅ​អ្នក​ទាំង​នោះ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ចម្ការ​របស់​ខ្ញុំ​ដែរ​ទៅ ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​តាម​អ្វី​ដែល​ត្រឹម​ត្រូវ›។ រួច​អ្នក​ទាំង​នោះ​ក៏​ទៅ។ នៅ​ប្រហែល​ជា​ម៉ោង​ទី​ប្រាំ​មួយ​និង​ម៉ោង​ទី​ប្រាំ​បួន លោក​ក៏​បាន​ចេញ​ទៅ​ហើយ​ធ្វើ​ដូច្នោះ​ទៀត។ លុះ​ដល់​ប្រហែល​ម៉ោង​ទី​ដប់​មួយ លោក​បាន​ចេញ​ទៅ​ហើយ​ឃើញ​មាន​អ្នក​ឯ​ទៀត​កំពុង​ឈរ ក៏​បាន​សួរ​ពួក​គេ​ថា​៖ ‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​បាន​ឈរ​នៅ​ទី​នេះ​ពេញ​មួយ​ថ្ងៃ​ដោយ​គ្មាន​ការ​ងារ​ធ្វើ​ដូច្នេះ?›។ ពួក​គេ​បាន​ឆ្លើយ​ថា​៖ ‹ពី​ព្រោះ​គ្មាន​អ្នក​ណា​ជួល​យើង​ទេ›។ នោះ​លោក​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ទៅ​ចម្ការ​របស់​ខ្ញុំ​ដែរ​ទៅ›​»។—ម៉ាថាយ ២០:១​-​៧

ពួក​អ្នក​ដែល​ស្ដាប់​លោក​យេស៊ូ​ទំនង​ជា​គិត​អំពី​ព្រះ​យេហូវ៉ា ពេល​ដែល​ពួក​គេ​ឮ​អំពី​«​រាជាណាចក្រ​ស្ថាន​សួគ៌​»​និង​«​បុរស​ម្ចាស់​ដី​ម្នាក់​»។ បទ​គម្ពីរ​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​គឺ​តំណាង​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ចម្ការ​នោះ​តំណាង​ប្រជា​ជាតិ​អ៊ីស្រាអែល។ (​ទំនុក​តម្កើង ៨០:៨, ៩; អេសាយ ៥:៣, ៤​) អស់​អ្នក​ដែល​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​កម្មករ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មិន​មែន​កំពុង​មាន​ប្រសាសន៍​អំពី​អ្វី​នៅ​អតីតកាល​ទេ តែ​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ស្ថានភាព​នៅ​សម័យ​របស់​លោក។

ពួក​អ្នក​ដឹក​នាំ​សាសនា​និង​ពួក​ផារិស៊ី​មាន​ភារកិច្ច​ខំ​ធ្វើ​ការ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ។ ពួក​គេ​ប្រៀប​ដូច​ជា​កម្មករ​ធ្វើ​ការ​ពេញ​ពេល​ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ពេញ​ថ្លៃ គឺ​មួយ​ឌីណារី​សម្រាប់​ការ​ងារ​មួយ​ថ្ងៃ។

ពួក​សង្ឃ​និង​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​ពួក​គេ​គិត​ថា ជន​ជាតិ​យូដា​សាមញ្ញ​មិន​សូវ​បម្រើ​ព្រះ​យ៉ាង​ខ្នះ​ខ្នែង​ទេ។ ពួក​គេ​ប្រៀប​ដូច​ជា​កម្មករ​ដែល​ធ្វើ​ការ​មិន​ពេញ​ពេល​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះ។ ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ជន​ជាតិ​យូដា​ទាំង​នោះ​គឺ​ជា​បុរស​ដែល​បាន​ត្រូវ​ជួល​ឲ្យ​ធ្វើ​ការ​នៅ​«​ប្រហែល​ជា​ម៉ោង​ទី​បី​»​ (​ម៉ោង​៩​ព្រឹក​) ឬ​ក៏​នៅ​ម៉ោង​ក្រោយ​ៗ​ទៀត​ក្នុង​ថ្ងៃ​នោះ គឺ​នៅ​ម៉ោង​ទី​៦ ម៉ោង​ទី​៩ ហើយ​ចុង​ក្រោយ​គឺ​នៅ​ម៉ោង​ទី​១១ (​ម៉ោង​៥​ល្ងាច​)។

បុរស​និង​ស្ត្រី​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​«​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។ (​យ៉ូហាន ៧:៤៩​) ស្ទើរតែ​ពេញ​មួយ​ជីវិត ពួក​គេ​ជា​អ្នក​នេសាទ​និង​ជា​កម្មករ។ ក្រោយ​មក​ប្រហែល​ជា​នៅ​ខែ​តុលា ក្នុង​ឆ្នាំ​២៩ គ.ស. ព្រះ​ដែល​ជា​«​ម្ចាស់​ចម្ការ​»​បាន​បញ្ជូន​លោក​យេស៊ូ​ឲ្យ​ហៅ​មនុស្ស​ទន់​ទាប​ទាំង​នោះ​មក​ធ្វើ​ការ​សម្រាប់​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ពួក​គេ​គឺ​ជា​«​អ្នក​ក្រោយ​គេ​»​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ពោល​គឺ​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​ចម្ការ​នៅ​ម៉ោង​ទី​១១។

លោក​យេស៊ូ​បាន​បញ្ចប់​ឧទាហរណ៍​របស់​លោក​ដោយ​រៀប​រាប់​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​ចប់​ធ្វើ​ការ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ល្ងាច ម្ចាស់​ចម្ការ​នោះ​បាន​ប្រាប់​អ្នក​ត្រួត​ការ​ថា​៖ ‹ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​ឲ្យ​ប្រាក់​ឈ្នួល​ពួក​គេ​ទៅ ចាប់​ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយ​គេ ដល់​អ្នក​ដែល​មក​មុន​គេ›។ នៅ​ពេល​ពួក​កម្មករ​ដែល​បាន​ធ្វើ​ការ​ពី​ម៉ោង​ទី​ដប់​មួយ​មក​ដល់ ពួក​គេ​ម្នាក់​ៗ​បាន​ទទួល​មួយ​ឌីណារី។ ដូច្នេះ ពេល​អ្នក​ដែល​បាន​ចូល​ធ្វើ​ការ​មុន​គេ​មក​ដល់ ពួក​គេ​បាន​សន្និដ្ឋាន​ថា ពួក​គេ​នឹង​ទទួល​ប្រាក់​ឈ្នួល​ច្រើន​ជាង។ ប៉ុន្តែ​ពួក​គេ​ក៏​បាន​ទទួល​ប្រាក់​ឈ្នួល​មួយ​ឌីណារី​ដូច​គ្នា។ ពេល​ដែល​ទទួល​ហើយ ពួក​គេ​ចាប់​ផ្ដើម​ត្អូញត្អែរ​អំពី​ម្ចាស់​ដី​នោះ ក៏​បាន​និយាយ​ថា​៖ ‹អ្នក​ដែល​មក​ក្រោយ​គេ​បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​នៅ​តែ​ឲ្យ​ពួក​គេ​ស្មើ​នឹង​យើង​ដែល​បាន​ធ្វើ​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ​ទាំង​ហាល​ថ្ងៃ​ទៀត​ផង!›។ ប៉ុន្តែ​លោក​តប​ឆ្លើយ​នឹង​ពួក​គេ​ម្នាក់​ថា​៖ ‹សម្លាញ់ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ អ្នក​បាន​យល់​ព្រម​យក​ប្រាក់​ឈ្នួល​មួយ​ឌីណារី មែន​ទេ? សូម​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ទៅ​ចុះ ខ្ញុំ​ចង់​ឲ្យ​ប្រាក់​ឈ្នួល​ដល់​អ្នក​ដែល​មក​ក្រោយ​គេ ដូច​ខ្ញុំ​បាន​ឲ្យ​អ្នក​ដែរ។ តើ​ខ្ញុំ​មិន​មាន​សិទ្ធិ​ប្រើ​ប្រាស់​ប្រាក់​របស់​ខ្ញុំ​តាម​ចិត្ត​ទេ​ឬ? ឬ​ក៏​អ្នក​ច្រណែន ដោយ​សារ​ខ្ញុំ​ចិត្ត​ល្អ?›។ គឺ​យ៉ាង​នេះ​ហើយ​ដែល​អ្នក​ក្រោយ​គេ​នឹង​ទៅ​ជាមុន​គេ ហើយ​អ្នក​ដែល​មុន​គេ នឹង​ទៅ​ជា​អ្នក​ក្រោយ​គេ​វិញ​»។—ម៉ាថាយ ២០:៨​-​១៦

ពួក​អ្នក​កាន់​តាម​ប្រហែល​ជា​ឆ្ងល់​អំពី​ផ្នែក​ចុង​បញ្ចប់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ។ តើ​តាម​របៀប​ណា​ពួក​អ្នក​ដឹក​នាំ​សាសនា​ជន​ជាតិ​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា​«​អ្នក​មុន​គេ​»​ក្លាយ​ទៅ​ជា​«​អ្នក​ក្រោយ​គេ​»​ ហើយ​តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ក្លាយ​ទៅ​ជា​«​អ្នក​មុន​គេ​»​យ៉ាង​ដូច​ម្ដេច?

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​ពួក​ផារិស៊ី​និង​អ្នក​ឯ​ទៀត​ចាត់​ទុក​ថា​ជា​«​អ្នក​ក្រោយ​គេ​»​ នឹង​ក្លាយ​ទៅ​ជា​«​អ្នក​មុន​គេ​»​ ពោល​គឺ​ពួក​គេ​ទទួល​ប្រាក់​ឈ្នួល​ពេញ​ថ្លៃ​មុន​គេ​បង្អស់។ ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ប្រជា​ជាតិ​អ៊ីស្រាអែល​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទៀត ហើយ​លោក​នឹង​ជ្រើស​រើស​ប្រជា​ជាតិ​ថ្មី​មួយ​គឺ​«​អ៊ីស្រាអែល​នៃ​ព្រះ​»។ (​កាឡាទី ៦:១៦; ម៉ាថាយ ២៣:៣៨​) យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​និយាយ​ថា សមាជិក​នៃ​ប្រជា​ជាតិ​ថ្មី​នោះ​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​សកម្មពល​បរិសុទ្ធ​នៅ​ថ្ងៃ​មុខ។ អ្នក​ដែល​ជា​«​អ្នក​ក្រោយ​គេ​»​គឺ​ជា​អ្នក​មុន​គេ​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​នោះ ហើយ​ទទួល​ឯកសិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​«​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្មភាព ១:៥, ៨; ម៉ាថាយ ៣:១១​) បើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​យល់​អំពី​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ដែល​លោក​កំពុង​បញ្ជាក់ ពួក​គេ​ប្រហែល​ជា​អាច​ដឹង​ទុក​ជា​មុន​ថា​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ក្លាយ​ទៅ​ជា​«​អ្នក​ក្រោយ​គេ​»​នឹង​ស្អប់​ពួក​គេ។